ផ្សារទំនើប ម៉ាត និងមីនីម៉ាតជាច្រើន គាំទ្រផលិតផលក្នុងស្រុក ខណៈរាល់ផលិតផលតាំងលក់ ត្រូវអនុលោមតាមស្តង់ដារក្រសួង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្សារទំនើប ម៉ាត និងមីនីម៉ាតជាច្រើន គាំទ្រផលិតផលក្នុងស្រុក ខណៈរាល់ផលិតផលតាំងលក់ ត្រូវអនុលោមតាមស្តង់ដារក្រសួង

ផ្សារទំនើប ម៉ាត និងមីនីម៉ាតជាច្រើន គាំទ្រផលិតផលក្នុងស្រុក ខណៈរាល់ផលិតផលតាំងលក់ ត្រូវអនុលោមតាមស្តង់ដារក្រសួង

ភ្នំពេញ៖ យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម មកទល់ពេលនេះ មានការចូលរួមគាំទ្រពីផ្សារទំនើប ម៉ាត និងមីនីម៉ាតចំនួនជាង ៤០០ ទីតាំង ហើយនៅទូទាំងប្រទេស ខណៈរាល់ផលិតផលដាក់តាំងលក់ក្នុងផ្សារទំនើប ម៉ាត និងមីនីម៉ាត ត្រូវអនុលោមទៅតាមស្តង់ដាររបស់ក្រសួងឧស្សាហកម្ម និងក្រសួងពាណិជ្ជកម្ម ជាដើម។

Advertisement

យុទ្ធនាការផលិតផលជាតិ #MadeInCambodia គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពីការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ​ កសិករខ្មែរ និងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង ដែលយុទ្ថនាការនេះ រៀបចំឡើង  រយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ រយៈពេល ១ ឆ្នាំពេញ។

ក្នុងគោលបំណងបង្ហាញ និងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ ក៏ដូចជា នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស ក្រសួងពាណិជ្ជកម្ម សង្ឃឹមថា យុទ្ធនាការនេះ នឹងពង្រឹងការចូលទៅកាន់ទីផ្សារសម្រាប់អាជីវកម្មកម្ពុជា ខណៈដែលជួយអ្នកផលិតឱ្យយល់កាន់តែច្បាស់អំពីស្តង់ដារទីផ្សារ និងតម្រូវការរបស់អ្នកប្រើប្រាស់។

យោងតាមក្រសួង ផលិតផលកម្ពុជាដែលមានគុណសម្បត្តិប្រកួតប្រជែងខ្លាំង នឹងត្រូវបានផ្តល់អាទិភាពសម្រាប់ការការពារកម្មសិទ្ធិបញ្ញា ដើម្បីជួយពង្រីកវត្តមានរបស់ទំនិញនៅក្នុងទីផ្សារអន្តរជាតិ។

អ្នកឧកញ៉ា លឹម ​ហេង អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS ថា យុទ្ធនាការនេះ គឺស្របទៅនឹងទំនិញជាផលិតផលក្នុងស្រុក និងការនាំចេញរបស់កម្ពុជាសព្វថ្ងៃនេះ ដែលកំពុងតែស្ថិតនៅក្នុងដំណើរឆ្ពោះទៅរកស្តង់ដារអន្តរជាតិហើយ ព្រោះកន្លងមក ការនាំចេញទៅចិន ឬតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ ត្រូវបានត្រួតពិនិត្យគុណភាព និងភូតគាមអនាម័យ សុទ្ធតែត្រូវតាមតម្រូវការស្តង់ដារទាំងអស់។

អ្នកឧកញ៉ា លឹម ​ហេង បានបញ្ជាក់ថា៖

“មិនថាសម្ភារៈប្រើប្រាស់ ម្ហូបអាហារ ផ្លែឈើគ្រប់មុខ ដែលបាននាំចេញ  គឺបានកំណត់ស្តង់ដារហើយ។ ដូច្នេះផលិតផលសល់ពីការនាំចេញ ឬផលិតលក់ក្នុងស្រុក គឺអនុលោមទៅតាមស្តង់ដារបណ្ដើរៗ ហើយនិងមានការត្រួតពិនិត្យពី ក្រសួងឧស្សាហកម្ម ក៏ដូចជាក្រសួងពាណិជ្ជកម្ម។ ខ្ញុំជឿថា ទំនិញកម្ពុជា អាចដំណើរការទៅបានក្រោមស្មារតីជាតិនិយម ដែលយើងកំពុងតែមានការគាំទ្រ ចំពោះទំនិញក្នុងស្រុក ដែលមានការចុះបញ្ជី ម៉ាក និងមានស្តង់ដារ”។

អ្នកឧកញ៉ា បានបន្តថា បច្ចុប្បន្នកំពុងតែមានកំណើនអ្នកផលិត ហើយសហគ្រាសធុនតូច និងមធ្យម ក៏កំពុងតែ មានកំណើនផងដែរ។ ទន្ទឹមពេលដែល បញ្ហាជាមួយថៃបានកើតមានផង ធ្វើឱ្យស្មារតីជាតិនិយមបានប្រែក្លាយ ផលិតផលកម្ពុជាក្លាយទៅជាផលិតផលស្តង់ដារក្នុងស្រុក និងធ្វើការនាំចេញជាបណ្តើៗ។

លោក គឹម សា វឿន ម្ចាស់ «គឹម សាវឿនម៉ាត» ស្ថិតនៅភូមិ២ ស្រុកកំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បានប្រាប់បណ្ដាញព័ត៌មាន AMS ថា លោកបានចូលរួមយុទ្ធនាការនេះ ដោយបានយកផលិតផលខ្មែរ ជាង ៤០ មុខ មកលក់មានសម្ភារៈប្រើប្រាស់ ចំណីអាហារ រួមទាំងមីកញ្ចប់ជាដើម។

លោក បានឱ្យដឹងថា សម្រាប់ការដាក់លក់ផលិតផលខ្មែរ មានការទទួលស្គាល់ពីប្រជាពលរដ្ឋខ្មែរច្រើនហើយ តែចាំបាច់ ត្រូវតែប្រាប់អតិថិជនថា ជារបស់ខ្មែរពិត មានការចុះបញ្ជីលើទីផ្សារច្បាស់លាស់ និងមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម។

លោកបានបញ្ជាក់ថា៖

“យុទ្ធនាការនេះគឺជាការស្វែងរកទីផ្សារក្នុងការជួយគ្នាទៅវិញទៅមក ដើម្បីផ្គត់ផ្គង់ផលិតផលខ្មែរក្នុងស្រុក និងសិក្សាពីតម្រូវការនៃអ្នកប្រើប្រាស់ និងធ្វើឱ្យក្រុមអ្នកផលិតមានទឹកចិត្ត ហើយអ្នកប្រើប្រាស់ក៏គាំទ្រផលិតផលខ្មែរបានផុលផុស កុំឱ្យប្រទេសជិតខាងមើលងាយថា យើងពឹងផ្អែកតែទៅលើផលិតផលរបស់គេទាំងស្រុង។”

សូមជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពលើផលិតកម្មក្នុងស្រុក ​តាមរយៈគំនិតផ្តួចផ្តើមជាច្រើន រួម​មាន ​ការបណ្តុះបណ្តាល​​សហគ្រិនភាពដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម​ សហ​គ្រិនស្ត្រី ការធ្វើកំណែទម្រង់ ការចុះបញ្ជីអាជីវកម្ម ការធ្វើទំនើបកម្ម បច្ចេកវិទ្យា និងការលើកទឹកចិត្តជាច្រើន ហើយយុទ្ធនាការនេះ ក៏ជាកាជំរុញ ការផលិតក្នុងស្រុក នឹងរួមចំណែកយ៉ាង​សំខាន់ដល់ការជំនួសផលិតផលនាំចូល នឹងបង្កើតការងារ និងបង្កើនប្រាក់ចំណូលដលប្រជាពលរដ្ឋផងដែរ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា