រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ កម្ពុជាពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីទៅកាន់ក្រុងហុងកុងជាង៦០០ទីតាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ កម្ពុជាពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីទៅកាន់ក្រុងហុងកុងជាង៦០០ទីតាំង

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ កម្ពុជាពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីទៅកាន់ក្រុងហុងកុងជាង៦០០ទីតាំង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីសុទិដ្ឋិនិយមថា កម្ពុជាបាន និងកំពុងពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីទៅកាន់ក្រុងហុងកុងជាង៦០០ទីតាំង ជាមួយការទទួលបានតម្លៃសមរម្យ និងជាការបន្តបោះជំហ៊ានឈានទៅរកគោលដៅក្លាយជាអធិរាជស្វាយចន្ទីនាពេលឆាប់ៗខាងមុខនេះ។

Advertisement

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា​ ក្រោមកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធមួយចំនួនទៀតជាសេនាធិការ ក៏ដូចជាបណ្តាសមាគម សហគ្រាសដែលជាអ្នកកែច្នៃ បច្ចុប្បន្នផលិតផលគ្រាប់ស្វាយចន្ទីបាន និងកំពុងពង្រីកទីផ្សារទាំងក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់។ ជាក់ស្ដែង នាពេលថ្មីៗនេះ តាមរយៈកិច្ចចរចារបស់ក្រសួងពាណិជ្ជកម្ម ជាមួយអ្នកតំណាងវិស័យឯកជននៅក្រុងហុងកុង គឺទទួលបានលទ្ធផលវិជ្ជមាន ដោយមានហាងទំនិញធំៗសរុបប្រមាន ៦០០ទីតាំង​ រង់ចាំទទួលទិញគ្រាប់ស្វាយចន្ទីកម្ពុជាយកទៅដាក់លក់បន្ត។

លោកជំទាវ បានបញ្ជាក់ថា ៖

«ស្វាយចន្ទី គឺជាដំណាំដ៏មានសក្តានុពល ជាពិសេសកម្ពុជាមានពូជប្រភេទ M23 និង M26 ដែលជាប្រភេទពូជលេចធ្លោខុសប្លែកពីពូជផ្សេងនៅលើពិភពលោក ដែលធ្វើឱ្យអ្នកវិនិយោគមានចំណាប់អារម្មណ៍ ដោយសារវាមានគ្រាប់ធំ និងមានរសជាតិឆ្ងាញ់ជាងគ្រាប់ចន្ទីធម្មតាដែលមាននៅតាមបណ្តាប្រទេសផ្សេងៗ»។

សូមជម្រាបថា ក្នុងគោលបំណងជំរុញឱ្យវិស័យស្វាយចន្ទីកម្ពុជាកាន់តែរីកចម្រើន រាជរដ្ឋាភិបាលបានបង្កើតសួនឧស្សាហកម្មពិសេសមួយសម្រាប់តែស្វាយចន្ទី​ ស្ថិតនៅក្នុងខេត្តកំពង់ធំ ដែលវានឹងជួយជំរុញទីផ្សារស្វាយចន្ទីកាន់តែល្អប្រសើរ និងធំទូលាយ​ ជាមួយនឹងការពង្រឹងនូវគុណភាពផលិតផល បង្កើនបរិមាណផលិត ទាំងការដាំដុះ និងការកែច្នៃ ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវចក្ខុវិស័យ «អធិរាជស្វាយចន្ទីកម្ពុជា»យ៉ាងពិតប្រាកដ។ ទន្ទឹមនឹងនេះដែរ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Mirarth Holdings ព្រមទាំងក្រុមហ៊ុន ITOCHU Corporation ​គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា បាន និងកំពុងដាក់លក់នៅក្នុងផ្សារទំនើប Family Mart ដ៏ល្បីល្បាញ ដែលមានសរុបជាង ១៦ ០០០ពាន់ទីតាំង នៅក្នុងប្រទេសជប៉ុន។

ដោយឡែក ពាក់ព័ន្ធទៅនឹងកញ្ចប់ថវិកាទុនសម្រាប់ពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង ​បានប្រកាសនៅក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនបានសម្រេចបង្កើននូវកញ្ចប់ហិរញ្ញប្បទានសម្រាប់វិស័យស្រូវ-អង្ករ និងស្វាយ​ចន្ទីនេះ ក្នុងទំហំធំរហូតដល់ទៅ ៥០០លានដុល្លារ ដើម្បីជួយឱ្យរោងចក្រ សហគ្រាសកែច្នៃ និងអ្នកនាំចេញផលិតផលស្វាយចន្ទី​មានលទ្ធភាពក្នុងការប្រមូលទិញពីកសិករយកមកស្តុកទុក និងសម្រាប់កែច្នៃប្រកបដោយគុណភាពដើម្បីនាំចេញ។

អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់ថា ៖ « ក្នុងគោលដៅចូលរួមជំរុញឱ្យវិស័យស្វាយចន្ទីរីកចម្រើន ក្រៅពីការផ្តល់ទុនតាមរយៈកញ្ចប់ឥណទាន ជីប ម៉ុង ​ក៏​​ផ្ដល់ជាយុទ្ធសាស្រ្ដក្នុងការគ្រប់អាជីវកម្មឱ្យកាន់តែរឹងមាំផងដែរ ដែលវាជាយុទ្ធសាស្រ្តអាចជួយបង្កើតការងារយ៉ាងច្រើនដល់ប្រជាជននៅតាមមូលដ្ឋាន​»។

លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា បានសម្តែងការសាទរចំពោះធនាគារ ជីប ម៉ុង ដែលបានទម្លាក់ទុនរហូត ៥០០លានដុល្លារ ដល់អ្នកកែច្នៃស្វាយចន្ទី និងស្រូវអង្ករក្នុងស្រុក ដើម្បីឱ្យពួកគេមានលទ្ធភាពកាន់តែខ្ពស់ក្នុងការប្រមូលទិញគ្រាប់ស្វាយស្រស់សម្រាប់កែច្នៃនាំចេញទៅកាន់ទៅផ្សារអន្តរជាតិ​​ ស្របពេលដែលបច្ចុប្បន្នសមាជិកសហព័ន្ធស្វាយចន្ទីកម្ពុជា ក៏ទទួលបានទុនជាបណ្តើរៗសម្រាប់ប្រមូលទិញស្វាយចន្ទីពីកសិករយកមកស្តុកទុកសម្រាប់កែច្នៃ។

យោងតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បាន​ដាក់គោលដៅ​ជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានយ៉ាងតិច២៥% នៅត្រឹមឆ្នាំ២០២៧ និងកើនឡើងដល់យ៉ាងតិច ៥០% នៅឆ្នាំ២០​៣២។ ការអនុវត្តគោលនយោបាយនេះ ក្នុងគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំមួយនៅលើពិភពលោក ដើម្បីបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច។ ដោយឡែក សម្រាប់ទំហំផ្ទៃដីដាំដុះនាពេលបច្ចុប្បន្នមានសរុបប្រមាណជាង​ ៥៨ម៉ឺនហិកតា ដោយក្នុងនោះមានប្រមាណ ៧០% ត្រូវបានដាំក្នុងទ្រង់ទ្រាយតូចជាលក្ខណៈគ្រួសារ ខណៈប្រមាណ ៣០%ទៀត ដាំនៅលើដីសម្បទានរបស់រាជរដ្ឋាភិបាល ហើយខេត្តដែលមានការដាំដុះច្រើនជាងគេ រួមមានខេត្តកំពង់ធំ រតនគីរី ក្រចេះ និងខេត្តកំពង់ចាម៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា