រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្តល់នូវអនុសាសន៍ចំនួន ៥ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្តល់នូវអនុសាសន៍ចំនួន ៥ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្តល់នូវអនុសាសន៍ចំនួន ៥ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

ភ្នំពេញ៖ ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍផលិតផលមានគុណភាព ស្របតាមស្តង់ដាជាតិនិងអន្តរជាតិ នឹងជួយជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងចាប់យកឱកាស​ទីផ្សារដែលកំពុងកើនឡើង។ នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផលិតផលថែទាំគេហដ្ឋាននិងផលិតផលថែទាំផ្ទាល់ខ្លួនដែលបង្កើតឡើងដោយកូនខ្មែរនាពេលថ្មីៗនេះ។

Advertisement

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួន ៥ ដល់គ្រប់តួអង្គពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការរួមគ្នាបន្តបេសកកម្មលើកកម្ពស់ផលិតផលក្នុងស្រុក៖ ១-ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មផលិតក្នុងស្រុក ចូលរួមជំរុញការផ្សារភ្ជាប់ទីផ្សារដល់កសិករ អ្នកដាំដុះ តាមរយៈការប្រមូលទិញនិងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យបានជាអតិបរមា ព្រមទាំងពង្រឹងសមត្ថភាព ផលិតភាព គុណភាព និងកសាងម៉ាកយីហោរបស់ខ្លួន។

២-វិនិយោគិនធំៗក្នុងស្រុក បន្តចូលរួមបណ្តាក់ទុនជាមួយសិប្បកម្មផលិតក្នុងស្រុកក្នុងការផលិត កែច្នៃ និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម ដើម្បីលើកកម្ពស់តម្លៃបន្ថែមនិងបង្កើនភាពប្រកួតប្រជែង។ ៣-សិប្បកម្មផលិតក្នុងស្រុកដែលមានផលិតផលដូចគ្នា ត្រូវពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធឬសមាគម ដើម្បីបង្កើនបរិមាណផលិតនិងផ្គត់ផ្គង់ និងដើម្បីធានាបានការកាត់បន្ថយថ្លៃចំណាយលើផលិតកម្ម។

៤-ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មផលិតក្នុងស្រុក សូមបន្តចូលរួមក្នុងយុទ្ធនាការផលិតផលជាតិ #MadeInCambodia តាមរយៈការចូលរួមដាក់លក់ផលិតផលរបស់ខ្លួន នៅតាមផ្សារទំនើបនានា និងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ និង ៥- សូមបន្តពង្រឹងស្មារតី និងឆន្ទៈរួមគ្នាគាំទ្រផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់ ផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលជាតិនៅនឹងកន្លែង។

ទាក់ទងនឹងការជំរុញនិងលើកស្ទួយផលិតផលក្នុងស្រុកនេះដែរ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖

“ការលើកកម្ពស់គុណភាព និងស្តង់ដារជាមូលដ្ឋានគ្រឹះសម្រាប់និរន្តរភាព និងភាពប្រកួតប្រជែងរយៈពេលវែងនៃផលិតផលក្នុងស្រុក។”

ឯកឧត្តមបានលើកទឹកចិត្តឱ្យអ្នកផលិត និងអ្នកចែកចាយក្នុងស្រុក អនុលោមតាមស្តង់ដារឧស្សាហកម្ម ដូចជាធានាភាពត្រឹមត្រូវតាមស្តង់ដាររង្វាស់រង្វាល់ និងការធ្វើតេស្តវិភាគផលិតផលនៅមន្ទីរពិសោធន៍ឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវទំនុកចិត្តរបស់អ្នកប្រើប្រាស់។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា៖

“ការលើកកម្ពស់ផលិតផលក្នុងស្រុក នឹងជួយពង្រឹងសេដ្ឋកិច្ចជាតិឱ្យមានភាពឯករាជ្យជាងមុន ដោយអាស្រ័យលើទំនិញក្នុងស្រុកជាចម្បង និងជួយការកាត់បន្ថយការនាំចូលទំនិញពីខាងក្រៅ។ ខ្ញុំសូមលើកទឹកចិត្តឱ្យប្រើផលិតផលក្នុងស្រុករបស់យើងវិញ។”

យោងតាមសហគ្រិនខ្មែរ បានឱ្យដឹងថា៖ ដើម្បីឲ្យការផលិតក្នុងស្រុកមានការកើនឡើង មិនមែនគ្រាន់តែអាស្រ័យលើគោលនយោបាយជាតិតែមួយនោះទេ វាក៏ពឹងផ្អែកស្ទើរតែទាំងស្រុងលើការគាំទ្ររបស់អ្នកប្រើប្រាស់ផងដែរ។ ប្រសិនបើផលិតផលនោះមានគុណភាព និងតម្លៃប្រហាក់ប្រហែលគ្នា អ្នកគួរគាំទ្រផលិត​ផល​ក្នុងស្រុក៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា