ក្រសួងបរិស្ថាន គាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ចិន និងលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងបរិស្ថាន គាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ចិន និងលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជា

ក្រសួងបរិស្ថាន គាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ចិន និងលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជា

សៀងហៃ ប្រទេសចិន ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងលើការវិនិយោគ​បៃតងរបស់រោងចក្រផលិតក្រណាត់របស់ប្រទេសចិន និងលើកទឹកចិត្តជំរុញឱ្យក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា ខណៈដែលរោងចក្រផលិតក្រណាត់ Tiqiao Shanghai កំពុងតែផ្គត់ផ្គង់ក្រណាត់ទៅរោងចក្រកាត់ដេរជាច្រើននៅក្នុងពិភពលោក ហើយក្នុងនោះក៏មានរោងចក្រមួយចំនួនធំនៅកម្ពុជាផងដែរ។ ការគាំទ្រ និងលើកទឹកចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ជួបពិភាក្សាការងារជាមួយលោក Pan Yuming ប្រធានរោងចក្រផលិតក្រណាត់​Tiqiao កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅ PuJiang ទីក្រុងសៀងហៃ ប្រទេសចិន។

Advertisement

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ និងលើកទឹកចិត្ត ជំរុញឱ្យក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា និងប្រើប្រាស់អុស ឬធ្យូងផលិតចេញពីស្មៅយក្ស ដែលក្រសួងបរិស្ថានកម្ពុជា បាន និងកំពុងលើកទឹកចិត្តឱ្យមានការដាំស្មៅយក្ស (Giant King Grass) នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីប្រើប្រាស់ជាជីវអុសសម្រាប់ដុតជំនួសអុស និងធ្យូងដែលកាប់ចេញពីព្រៃឈើធម្មជាតិ។

ឯកឧត្តមបញ្ជាក់ថា​ ៖

« រោងចក្រកាត់ដេរនៅកម្ពុជាជាច្រើន នៅបន្តប្រើប្រាស់អុស និងធ្យូង ដើម្បី​ដុតចំហុយក្រណាត់ និងអ៊ុតក្រណាត់ ដែលការប្រើប្រាស់អុស និងធ្យូងនេះ គឺបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើព្រៃឈើ ជាពិសេសទៀត ទៅលើយុទ្ធនាការដាំកូនឈើដែលក្រសួងបរិស្ថាន និងប្រជាពលរដ្ឋទូទាំងប្រទេសកំពុងតែរួមគ្នាដាំ យ៉ាងតិចចំនួន១លានដើម ជារៀងរាល់ឆ្នាំ»។

ជាការឆ្លើយតប​ លោក ផាន យូមីង (Pan Yuming) បានលើកឡើងថា រោងចក្ររបស់លោក គោរពតាមស្តង់ដារអន្តរជាតិ និងទទួលស្គាល់ដោយអន្តរជាតិ ខណៈដែលក្រុមហ៊ុនក៏មានគោលបំណងចង់បោះទុនធ្វើការវិនិយោគនៅកម្ពុជា ដោយគោរពតាមបទដ្ឋាន និងច្បាប់បរិស្ថានរបស់កម្ពុជា ដោយជាជំហានដំបូង គឺចង់សហការជាមួយក្រសួងបរិស្ថាន ដើម្បីអភិរក្សធនធានធម្មជាតិ តាមរយៈការដាំស្មៅយក្ស ហើយកែប្រែស្មៅនេះឱ្យទៅជាអុសជីវៈ ដើម្បីបម្រើឱ្យការចំហុយ ឬក៏អ៊ុតក្រណាត់នៅក្នុងរោងចក្ររបស់ក្រុមហ៊ុន និងនៅតាមបណ្តារោងចក្រកាត់ដេរដទៃទៀតដែលមានដំណើរការនៅកម្ពុជាផងដែរ៕

សូមជ្រាបថា តបតាមការអញ្ជើញឯកឧត្តម Huang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសា​ធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ដើម្បីបំពេញបេស​កកម្មនៅប្រទេសចិនចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៦​ ដោយបានធ្វើទស្សនកិច្ចនៅរោងចក្រក្រណាត់ Tiqiao Shanghai និងបានអញ្ជើញចូលរួមវេទិកាកិច្ចសហប្រតិបត្តិការបរិស្ថាន អាស៊ាន-ចិន ឆ្នាំ២០២៦ ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា