ក្រសួងយុត្តិធម៌ផ្ដល់យន្តការ ការពារពលរដ្ឋពីហានិភ័យក្នុងការទិញ-លក់អចលនវត្ថុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងយុត្តិធម៌ផ្ដល់យន្តការ ការពារពលរដ្ឋពីហានិភ័យក្នុងការទិញ-លក់អចលនវត្ថុ

ក្រសួងយុត្តិធម៌ផ្ដល់យន្តការ ការពារពលរដ្ឋពីហានិភ័យក្នុងការទិញ-លក់អចលនវត្ថុ

ក្រសួងយុត្តិធម៌ ទើបតែបានដាក់ចេញគោលការណ៍ និងដំណោះស្រាយមួយចំនួន ដើម្បីការពារផលប្រយោជន៍ដល់​ប្រជាពលរដ្ឋ​ក្នុងការទិញ-លក់ អចលនវត្ថុ បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើន បានរងគ្រោះដោយសារការទិញអចលនទ្រព្យ ពិសេសដីឡូដ៍ និងផ្ទះ។

Advertisement

​នៅក្នុងសេចក្តីសម្រេចក្នុងសន្និបាតប្រចាំឆ្នាំ កាលពីថ្ងៃទី ២៦ ខែមីនា ក្រសួងយុត្តិធម៌ ជំរុញឲ្យភាគីទិញលក់អចលនទ្រព្យ អាចប្ដឹងទៅតុលា ក្នុងករណីភាគីម្ចាងទៀតមិនគោរពកិច្ចសន្យា។ ប៉ុន្តែ ភាគីគូ​ទំនាស់​ក៏អាចជ្រើស​រើស​យកការដោះស្រាយក្រៅប្រព័ន្ធតុលាការ​ផងដែរ តាម​យន្តការសម្របសម្រួល​គ្នា។

បន្ថែមពីនោះ ក្រសួងយុត្តិធម៌ ស្នើឲ្យក្រុមការងារបច្ចេកទេសទទួលបន្ទុកវិសោធនកម្មក្រមរដ្ឋប្បវេណី រៀបចំធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី ក៏ដូចជា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត ដើម្បីកំណត់ឱ្យបានច្បាស់នូវលក្ខខណ្ឌនៃការបង្កើតកិច្ចសន្យា លក្ខខណ្ឌសុពលភាពនៃកិច្ចសន្យា អានុភាពនៃកិច្ចសន្យា និងលក្ខខណ្ឌ តតាំងចំពោះតតិយជន ពាក់ព័ន្ធ​នឹង​ការទិញលក់អចលនទ្រព្យ។

ក្នុងសេចក្តីសម្រេចដដែល ក្រសួងយុត្តិធម៌ លើកទឹកចិត្តឱ្យប្រកាន់យកគោលការណ៍ ឈ្នះ-ឈ្នះ ការផ្សះផ្សារ ការបង្រួបបង្រួម ភាពស្មោះត្រង់ និងការឯកភាពគ្នា ប្រកបដោយសច្ចធម៌ គុណធម៌ និងយុត្តិធម៌។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូនីយកម្ម និងសំណង់ នៅកម្ពុជា មានគម្រោងបុរីចំនួន១៧៩ ដែលមានបញ្ហា ដោយក្រសួងបានដោះស្រាយចំនួន ១២៨គម្រោង។ ក្នុងនោះ គម្រោងបុរី ម៉ន ដានី និងបុរី ឡេង ណាវ៉ាត់ត្រា ជួបបញ្ហាខ្លាំងជាងគេ។

លោកមេធាវី សុក សំអឿន លើកឡើងថា នៅប្រទេសមួយ​ចំនួន រឿងរដ្ឋប្បវរណីខ្លះ ត្រូវឆ្លងកាត់អ្នកផ្សះផ្សារ​ដែលមានជំនាញសម្របសម្រួលជាមុនសិន បើមិនអាចផ្សះផ្សារសម្របសម្រួល​មិន​បាន ទើបបន្តទៅនីតិវិធីតុលាការ។ បើមានច្បាប់បែបនេះ ហើយបង្កើតក្រុមអ្នកផ្សះផ្សារ ប្រហែលជាល្អ។

លោកមានប្រសាសន៍បន្តថា បច្ចុប្បន្ន ប្រសិនបើភាគីមួយបំពានកិច្ចសន្យាគឺភាគីមកខាងទៀតអាចប្តឹងទៅតុលាការបាន ហើយបើភាគីទាំងពីរចរចារគ្នាដោះស្រាយ គឺប្រាកដជាគ្មានរឿងមកដល់តុលាការទេ។

លោកមេធាវី សុខ សំអឿន យល់ថា នេះជានីតិវិធីដ៏ល្អ។

បណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានកត់សម្គាល់ឃើញថា ភាគច្រើននៃអ្នករងគ្រោះក្នុងការទិញអចលនទ្រព្យ គឺជាពលរដ្ឋដែលមិនសូវយល់ច្បាស់ពីកិច្ចសន្យាទិញលក់។ ដូច្នេះ ដើម្បីការពារផលប្រយោជន៍របស់ពលរដ្ឋ លោកស្នើឲ្យពង្រឹងនីតិវិធីច្បាប់លើកិច្ចសន្យាទិញ-លក់ អចលនទ្រព្យបន្ថែម។

បណ្ឌិត គី សិរីវឌ្ឍន៍ បានថ្លែងដូច្នេះថា៖

“គួរតែមានការពិនិត្យឡើងវិញតើកិច្ចសន្យាដែលក្រុមហ៊ុននោះមានបានកេងចំណេញពលរដ្ឋដែរឬអត់ ដើម្បីរំលាយកិច្ចសន្យា ឬធ្វើឱ្យកិច្ចសន្យាហ្នឹងមានភាពយុត្តិធម៌សម្រាប់ពលរដ្ឋស្លូតត្រង់។”

យោងតាមរបាយការណ៍របស់ក្រសួងដែនដី នគរូនីយកម្ម និងសំណង់ ឱ្យដឹងថា រហូតដល់ឆ្នាំ ២០២៥ ក្រសួងទទួលបានពាក្យបណ្តឹង សរុប ចំនួន ១ ម៉ឺន ៦ ពាន់ ៣៦៤ ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន ១ ម៉ឺន ៦ ពាន់ ២៨២ ករណី និងកំពុងដោះស្រាយចំនួន ៨២ ករណី៕

អត្ថបទ៖ ខន ណារី AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា