ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

​សៀម​រាប​៖​ ​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ចូលរួម​កាន់តែ​ច្រើន​ក្នុង​យុទ្ធនាការ​​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ ​និង​គាំទ្រ​យុទ្ធនាការ​ ​Green Season ​ខណៈ​ការ​ចូលរួម​ដោយ​ផ្ទាល់​របស់​សណ្ឋាគារ​នៅ​មិន​ទាន់​ទូលំទូលាយ​នៅឡើយ​។​

​«​យុទ្ធនាការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប​ ​ឆ្នាំ​២០២៦​» ​(​Siem ​Reap Tourism Service ​Mega Sale​)​ ​ត្រូវ​បាន​ក្រសួង​ទេសចរណ៍​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​កាលពី​ចុង​ខែ​កក្កដា ​និង​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​ដោយ​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ពិសេស​ចាប់​ពី​ ​១០​%​ ​ដល់​ ៥០​%​ ​សម្រាប់​សេវាកម្ម​ទេសចរណ៍​ចាប់​ពី​កម្រិត​ផ្កាយ​៣ ​ដល់​ផ្កាយ​៥​។

​តាមរយៈ​កម្មវិធី​នេះ​ ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​អាច​កក់​សេវាកម្ម​ទេសចរណ៍​នៅ​សៀមរាប​តាមរយៈ​គេហទំព័រ​ ​Cambodia ​Wonder ​(​www​.​cambodiawonder​.​com​)​ ​ដោយ​ទទួល​បាន​ការ​ផ្តល់​ជូន​តម្លៃ​ពិសេស​ពី​អាជីវកម្ម​ដែល​ចូលរួម​ក្នុង​កម្មវិធី​។

​លោក​ តុប សុភ័ក ​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍​ ​បាន​មានប្រសាសន៍​ថា​ ​កម្មវិធី​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​នៅ​សៀមរាប​ ​គឺជា​ការ​គាំទ្រ​ដល់​យុទ្ធនាការ​ ​Green Season ​របស់​ក្រសួង​ទេសចរណ៍​ ​ដែល​អនុវត្ត​ចាប់​ពី​ខែ​ឧសភា ​ដល់​ខែ​តុលា​។

​លោក​បាន​បញ្ជាក់​ថា​ ​សមាគម​សណ្ឋាគារ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ចូលរួម​ផ្សព្វផ្សាយ ​ដើម្បី​ជំរុញ​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ចូលរួម​ក្នុង​កម្មវិធី​នេះ​។

​គិត​ត្រឹម​ពាក់កណ្តាល​ខែ​កញ្ញា​ ​មាន​សណ្ឋាគារ​ប្រមាណ​ ​៣០​%​ ​ឬ​ប្រហែល​ ​៣០​ ​សណ្ឋាគារ​ ​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​កម្មវិធី​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​នេះ​។

​លោក​ តុប សុភ័ក ​បាន​ឱ្យ​ដឹង​ថា​ ​សណ្ឋាគារ​មួយចំនួន​ដែល​មិន​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​កម្មវិធី​ ​ក៏​មាន​កម្មវិធី​បញ្ចុះ​តម្លៃ​ ​និង​ការ​ផ្តល់​ជូន​ពិសេស​ផ្ទាល់ខ្លួន​រួច​ទៅហើយ​។ ​ចំណែក​អាជីវកម្ម​មួយ​ចំនួន​ទៀត​នៅ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេចចិត្ត​ ​ដោយសារ​កម្មវិធី​ត្រូវ​បាន​ប្រកាស​ក្នុង​រយៈពេល​ខ្លី​។

​លោក​បាន​មានប្រសាសន៍​ថា​ ​ក្រសួង​ទេសចរណ៍​រំពឹង​ថា​ ​ការ​រៀបចំ​កម្មវិធី​នៅ​ឆ្នាំ​២០២៧ ​និង​ឆ្នាំ​បន្តបន្ទាប់​ ​នឹង​អាច​ធ្វើ​បាន​កាន់តែ​ទូលំទូលាយ ​ព្រមទាំង​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​អាជីវកម្ម​ជា​មុន ​ដើម្បីឱ្យ​មាន​ការ​ចូលរួម​កាន់តែ​ច្រើន​។

​លោក​ តុប សុភ័ក ​បាន​ថ្លែង​ដូច្នេះ​ថា​៖​ ​«​យើង​សង្ឃឹម​ថា​នៅ​ឆ្នាំ​ក្រោយ​ ​ឆ្នាំ​បន្តបន្ទាប់​ទៀត​ ​ជា​ពិសេស​ឆ្នាំ​២០២៧​នេះ​ ​យើង​នឹង​ខិតខំ​ធ្វើ​កិច្ចការ​នេះ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ ​និង​ផ្សព្វផ្សាយ​ជូន​ដំណឹង​ឱ្យ​បាន​ទូលំទូលាយ​ពីមុន​ ​ដើម្បីឱ្យ​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទាំង​អស់​ចូលរួម​ឱ្យ​បាន​ច្រើន​សម្រាប់​យុទ្ធនាការ​ ​កម្ម​វិធី​ជា​បន្តបន្ទាប់​ទៀត​»​។

​លោក​ Steve ​Lidgey ​អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ ​Travel ​Asia a la ​Carte ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​ ​បាន​ឱ្យ​ដឹង​ថា​ ​ទោះបី​មាន​វិធីសាស្ត្រ​ ​និង​គោលនយោបាយ​មួយចំនួន​កំពុង​អនុវត្ត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក៏​ដោយ​ ​សៀមរាប​នៅតែ​ស្ថិត​ក្នុង​រដូវ​កាល​ដែល​មាន​ភ្ញៀវ​ទេសចរ​តិច ​ហើយ​ចំនួន​ភ្ញៀវ​មក​ពី​បស្ចិម​ប្រទេស​នៅ​មាន​កម្រិត​។

​លោក​បាន​បញ្ជាក់​ថា​ ​ភ្ញៀវ​ភាគ​ច្រើន​របស់​ក្រុមហ៊ុន​លោក​ធ្វើដំណើរ​មក​កម្ពុជា​នៅ​ចន្លោះ​ខែ​តុលា ​ដល់​ខែ​មីនា​។ ​សម្រាប់​រដូវ​កាល​ដែល​មាន​ភ្ញៀវ​ច្រើន​ខាង​មុខ​ ​លោក​មិន​រំពឹង​ថា​ចំនួន​ភ្ញៀវ​ទេសចរ​នឹង​កើនឡើង​ខ្លាំង​នោះ​ទេ ​ដោយសារ​តម្លៃ​សំបុត្រ​យន្តហោះ​ ​និង​ប្រេងឥន្ធនៈ​នៅតែ​ខ្ពស់​ ​ហើយ​ភ្ញៀវ​មួយចំនួន​អាច​ជ្រើសរើស​គោលដៅ​ផ្សេង​ដែល​ងាយស្រួល​ធ្វើដំណើរ​ ​និង​ចំណាយ​តិច​ជាង​។

​យ៉ាងណា​ក៏ដោយ​ ​លោក​ Steve ​Lidgey ​បាន​ឱ្យ​ដឹង​ថា​ ​ការ​កក់​ដំណើរ​កម្សាន្ត​របស់​ក្រុមហ៊ុន​លោក​ថយ​ចុះ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ​បើ​ធៀប​នឹង​រដូវ​កាល​ដែល​មាន​ភ្ញៀវ​ច្រើន​កាលពី​លើក​មុន​ ​ហើយ​ភ្ញៀវ​នៅ​មាន​ពេលវេលា​សម្រាប់​ធ្វើ​ការ​កក់​ដំណើរ​កម្សាន្ត​។

​ចំពោះ​កម្មវិធី​លក់​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ប្រចាំ​ឆ្នាំ​២០២៦ ​លោក​ Steve ​Lidgey ​បាន​យល់ឃើញ​ថា​ ​កម្មវិធី​នេះ​មិន​ទាន់​មាន​ផល​ជះ​ច្បាស់លាស់​ទៅ​ដល់​ភ្ញៀវ​អន្តរជាតិ​របស់​ក្រុមហ៊ុន​លោក​ទេ ​ដោយ​សណ្ឋាគារ​តែងតែ​មាន​ការ​បញ្ចុះ​តម្លៃ​ ​ឬ​ការ​ផ្តល់​ជូន​ពិសេស​សម្រាប់​រដូវកាល​ដែល​មាន​ភ្ញៀវ​ទេសចរ​តិច​រួច​មក​ហើយ​។

ទន្ទឹម​នឹង​នេះ​ ​លោក​បាន​សង្កេតឃើញ​ថា​ ​បច្ចុប្បន្ន​មាន​ការ​កើនឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​នៅ​សៀមរាប​ ​ដែល​ជា​ទូទៅ​ពួកគេ​រៀបចំ​ការ​កក់​សណ្ឋាគារ​ដោយ​ផ្ទាល់​។ ​និន្នាការ​នេះ​ត្រូវ​បាន​សង្កេតឃើញ​ជាពិសេស​នៅក្នុង​ទីក្រុង​ ​និង​តំបន់​ប្រាសាទ​នានា​។

​លោក​ ធិម ​សេរី​វុឌ្ឍ ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ​បាន​ប្រាប់​សារព័ត៌មាន​ AMS ​Economy ​ថា​ ​ក្នុង​រយៈពេល​ ៨​ខែ ​ឆ្នាំ​២០២៦ ​ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ ២​,​១៥៦​,​៣១៦​នាក់​ ​ថយចុះ​ប្រមាណ​ ៣០​.​៨៥​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥​។

​លោក​បាន​បញ្ជាក់​ថា​ ​ក្នុង​ខែ​សីហា ​សៀម​រាប​មាន​ជើង​ហោះហើរ​ចូល​ចំនួន​ ៥​៦៤​ជើង ​និង​អ្នក​ដំណើរ​សរុប​ ៤២​,​១៦៥​នាក់​។ ​ក្នុង​នោះ​ ​ជើង​ហោះហើរ​អន្តរជាតិ​មាន​ ៤១៧​ជើង ​ជាមួយ​អ្នក​ដំណើរ​ ៣៧​,​៣២៨​នាក់​ ​ខណៈ​ជើង​ហោះហើរ​ក្នុង​ស្រុក​មាន​ ​១៤៧​ជើង ​និង​អ្នក​ដំណើរ​ ៤​,​៨៣៧​នាក់​។​

​បច្ចុប្បន្ន​ ​ជើង​ហោះហើរ​ចូល​មកកាន់​ខេត្ត​សៀមរាប​មាន​ប្រមាណ​ ​១៧ ​ដល់​ ១៩​ជើង​ក្នុង​មួយ​ថ្ងៃ​ ​និង​មាន​អ្នក​ដំណើរ​ចន្លោះ​ពី​ ​១​,​១០០ ​ដល់​ ១​,​៣០០​នាក់​ក្នុង​មួយ​ថ្ងៃ​។

តាម​លោក​ ធិម ​សេរី​វុឌ្ឍ ​ខេត្ត​សៀមរាប​មាន​អាជីវកម្ម​ទេសចរណ៍​សរុប​ ១​,​៥៨៨​កន្លែង​ ​ក្នុង​នោះ​មាន​សណ្ឋាគារ​ ​២៥០​កន្លែង​ ​ស្មើនឹង​ ​១៣​,​៩៨៤​បន្ទប់​ ​និង​មាន​បុគ្គលិក​បម្រើការ​ចំនួន​ ១១​,​៣៤៦​នាក់​។ ​ខេត្ត​ក៏​មាន​ផ្ទះសំណាក់​ចំនួន​ ​៤២៦​កន្លែង​ ​ស្មើ​នឹង​ ​៦​,​៥៨៩​បន្ទប់ ​និង​មាន​បុគ្គលិក​បម្រើការ​ចំនួន​ ២​,​៥២៦​នាក់​៕

អត្ថបទដោយ៖ យ៉ាត់ ម៉ាឡៃ

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា