សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ភ្នំពេញ​៖​ ​សហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា​។ ​នេះ​បើ​យោង​តាម​ឯកឧត្តម​ ​ឃឹម​ ​ហ្វីណង់ ​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​។

​ឯកឧត្តម​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦​ថា​ ​កសិករ​ចំនួន​ ៣៤៩​គ្រួសារ​ ​មកពី​សហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​ព្រះ​នេត្រ​ព្រះ​មាន​ជ័យ​ ​និង​សហគមន៍​កសិកម្ម​ទំនើប​ស្រូវ​អង្ករ​សុវត្ថិ​ភាព​ស្រុក​ឯក​ភ្នំ ​បាន​រួមគ្នា​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​លើ​ផ្ទៃដី​សរុប​ ១​,​៥១៧​ហិកតា​។​

តាម​កិច្ចសន្យា​ ​សហគមន៍​នឹង​ផ្គត់ផ្គង់​ស្រូវ​ផ្កា​រំដួល​ ​ស្រូវ​សែន​ក្រអូប​ ​និង​ស្រូវ​ស្រង៉ែស្រាល ​ដោយ​ផ្អែក​លើ​តម្លៃ​ទីផ្សារ​ជាក់ស្តែង​ បូករួមទាំង​ការ​ផ្តល់​បុព្វលាភ​ ​ឬ​ប្រាក់​លើកទឹកចិត្ត​បន្ថែម​ពី​ ​៣០ ​ទៅ​ ៦០​រៀល​ក្នុង​មួយ​គីឡូក្រាម​។

​ឯកឧត្តម​ ​ឃឹម​ ហ្វីណង់ ​បាន​បន្ត​ថា​ ​តាមរយៈ​ការ​សម្របសម្រួល​តភ្ជាប់​ទីផ្សារ​ទុក​ជា​មុន​ពី​ក្រសួង​កសិកម្ម​ កសិករ​ជា​សមាជិក​សហគមន៍​កសិកម្ម​ទំនើប​ ​នឹង​ទទួល​បាន​តម្លៃ​សមរម្យ​ ​និង​ការ​ការពារ​ពី​ហានិភ័យ​ទីផ្សារ ​ព្រមទាំង​ទទួល​បាន​ធាតុ​ចូល​កសិកម្ម ​ដូចជា​ ​ពូជ​ ​ជី ​និង​ថ្នាំ​ ​ដែល​មាន​គុណភាព​ខ្ពស់​ ​និង​មាន​តម្លៃ​ទាប​ជាង​ទីផ្សារ​។

ក​សិករ​ទាំងនេះ​ក៏​អាច​ទទួល​បាន​ទុន​បង្វិល​ក្នុង​អត្រា​ការប្រាក់​ទាប ​ពេញ​មួយ​រដូវកាល​ផលិតកម្ម ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ដល់​ការ​ផលិត​តាម​កិច្ចសន្យា​។

យោង​តាម​ក្រសួង​កសិកម្ម​ ​សហគមន៍​កសិកម្ម​ទំនើប​ ​គឺជា​គោលនយោបាយ​ចងក្រង​ប្រជា​កសិករ​ដែល​ដាំដុះ​ដំណាំ​ប្រភេទ​ដូចគ្នា ​ឱ្យ​រួមគ្នា​អនុវត្ត​ផលិតកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ​ ​ឬ​កម្រិត​មាត្រដ្ឋាន​សេដ្ឋកិច្ច​។ ​គោល​នយោបាយ​នេះ​បាន​ចាប់ផ្តើម​អនុវត្ត​នៅ​ចុង​ឆ្នាំ​២០២៣ ​និង​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៥ ​និង​ទី​៦ ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា​។

​កម្មវិធី​នេះ​មាន​គោលដៅ​ប្រែក្លាយ​វិស័យ​កសិកម្ម​កម្ពុជា​ពី​លក្ខណៈ​គ្រួសារ​ ​ទៅ​ជា​កម្លាំង​ផលិត​រួមគ្នា​កម្រិត​សហគ្រាស​ផលិតកម្ម​ដែល​មាន​សេដ្ឋកិច្ច​មាត្រដ្ឋាន​ ​និង​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ ​ទាំង​ផ្នែក​បរិមាណ និង​គុណភាព​។

​ក្រសួង​បញ្ជាក់​ថា​ ​ការ​ចូលរួម​ជា​សមាជិក​សហគមន៍​កសិកម្ម​ទំនើប​ ​តម្រូវ​ឱ្យ​កសិករ​ធ្វើ​ផលិតកម្ម​រួមគ្នា​ ​និង​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់ ​ដើម្បី​បង្កើន ​និង​ធានា​សមត្ថភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​។

សហគមន៍​កសិកម្ម​ទំនើប​ដំណើរការ​តាម​គោលការណ៍​សំខាន់​ចំនួន​៥ រួម​មាន​ ​ទិញ​រួម ​ផលិត​រួម ​លក់​រួម ​ចំណេញ​រួម ​និង​គ្រប់គ្រង​រួម ​ដោយ​សហគមន៍​។

​ក្រសួង​ក៏​បាន​លើកឡើង​ថា​ ​ការ​ចូលរួម​ក្នុង​សហគមន៍​កសិកម្ម​ទំនើប​ ​អាច​ជួយ​បង្កើន​អំណាច​ចរចា​ក្នុង​ការ​ទិញ​ធាតុ​ចូល ​និង​លក់​កសិផល កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​តាមរយៈ​សេដ្ឋកិច្ច​មាត្រដ្ឋាន​ ​ព្រមទាំង​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ប្រឹក្សា​យោបល់​ និង​ការ​គ្រប់គ្រង​ដោយ​អ្នក​ជំនាញ​។

​លើស​ពី​នេះ​ ​សមាជិក​អាច​ទទួល​បាន​ទីផ្សារ​លក់​កសិផល ​និង​សមត្ថភាព​អនុវត្ត​ផលិតកម្ម​តាម​កិច្ចសន្យា​ ​កាត់បន្ថយ​ហានិភ័យ​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​និង​ទទួល​បាន​ការ​គាំទ្រ​លើ​ទុន​បង្វិល ​និង​ឥណទាន​សម្រាប់​ប្រតិបត្តិការ​ ​និង​ការ​ពង្រីក​អាជីវកម្ម​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា