សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ភ្នំពេញ៖ កម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប បានចាប់ផ្ដើមអនុវត្តតាំងពីចុងឆ្នាំ២០២៣ ។ បច្ចុប្បន្ន មានសហគមន៍កសិកម្មទំនើបចំនួន ៣១ ក្នុងខេត្តចំនួន ១៤ ដែលតួលេខនេះមានការកើនឡើងខ្លាំង បើធៀបនឹងដើមឆ្នាំ២០២៤ មានត្រឹមតែ ៨ សហគមន៍ ក្នុងខេត្តចំនួន ៥ ប៉ុណ្ណោះ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

Advertisement

ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា​ រហូតមកដល់ពេលនេះ មានបងប្អូនប្រជាកសិករប្រមាណ ៤,០០០ គ្រួសារ កំពុងទទួលបានអត្ថប្រយោជន៍ផ្ទាល់ពីកម្មវិធីនេះ។ ដោយឡែក ពាក់ព័ន្ធនឹងតម្លៃសេដ្ឋកិច្ច និងទីផ្សារ មានកិច្ចសន្យាផលិតកម្មចំនួន ៣០ ដែលមានតម្លៃទឹកប្រាក់សរុបជាង ៤០ លានដុល្លារ។ ជាយុទ្ធសាស្ត្រទីផ្សារ ក្រសួងកសិកម្មបានប្រើប្រាស់យន្តការ «តភ្ជាប់ទីផ្សារទុកជាមុន» ដើម្បីធានាថា កសិករដែលចូលរួមនឹងមិនប្រឈមហានិភ័យនៃការធ្លាក់ថ្លៃ ឬគ្មានទីផ្សារ។

ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា៖

«រហូតមកដល់ពេលនេះ មានកសិផលចំនួន ៦ ប្រភេទ ដែលត្រូវបានរៀបចំក្រោមយន្តការសហគមន៍កសិកម្មទំនើប រួមមាន៖១. បន្លែ ២. ស្រូវ ៣. ស្វាយចន្ទី ៤. ម្រេច ៥. មាន់ស្រែ (បន្ថែមក្នុងឆ្នាំ ២០២៥) និង៦. មៀនប៉ៃលិន (បន្ថែមក្នុងឆ្នាំ ២០២៥)»។

ឯកឧត្តមបានឱ្យដឹងថា៖ អត្ថប្រយោជន៍សំខាន់ៗសម្រាប់សមាជិក គឺ៖

• ការកាត់បន្ថយថ្លៃដើម៖ កសិករក្នុងសហគមន៍អាចកាត់បន្ថយចំណាយលើធាតុចូលកសិកម្ម (ពូជ, ជី, ថ្នាំ) បានចន្លោះពី ១៥% ទៅ ២០% បើធៀបនឹងកសិករនៅក្រៅសហគមន៍។

• ការគាំទ្រដើមទុន៖ សមាជិកអាចទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាបជាងទីផ្សារខាងក្រៅរហូតដល់ ពាក់កណ្តាល (៥០%)។

• ការគាំទ្របច្ចេកទេសនិងហេដ្ឋារចនាសម្ព័ន្ធ៖ ក្រសួងជួយលើផ្នែកបច្ចេកទេស ប្រព័ន្ធស្រោចស្រព និងការដឹកជញ្ជូនកសិផលពីចម្ការទៅកាន់ទីផ្សារ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគមន៍កសិកម្មទំនើប គឺជាគោលនយោបាយចងក្រងប្រជាកសិករដែលដាំដុះដំណាំប្រភេទជាមួយគ្នា ឱ្យមករួមគ្នាអនុវត្តផលិតកម្មដំណាំរួមគ្នា ក្នុងទ្រង់​ទ្រាយធំ ឬក្នុងកម្រិតមាត្រដ្ឋានសេដ្ឋកិច្ច។ គោលនយោបាយនេះបានចាប់ផ្ដើមអនុវត្តនៅចុងឆ្នាំ ២០២៣ និងជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី ៥ និងទី ៦ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។

កម្មវិធីគោលនយោបាយនេះមានគោលដៅប្រែក្លាយវិស័យកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារ ឱ្យទៅជាកម្លាំងផលិតរួមគ្នាកម្រិតសហគ្រាសផលិតកម្មរឹងមាំ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារទាំងបរិមាណ និងគុណភាព។ ការចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប តម្រូវឱ្យកសិករធ្វើផលិតកម្មរួមគ្នា មានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ ដើម្បីបង្កើននិងធានាសមត្ថភាពប្រកួតប្រជែងលើទីផ្សារ។

សហគមន៍កសិកម្មទំនើបដំណើរការលើគោលការណ៍សំខាន់ៗចំនួន ៥ គឺ៖ ទិញរួម  ផលិតរួម លក់រួម

ចំណេញរួមនិងគ្រប់គ្រងរួម ដោយសហគមន៍។

ការចូលរួមក្នុងសហគមន៍កសិកម្មទំនើបផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖

• អំណាចចរចា៖ លើកកម្ពស់អំណាចចរចាទីផ្សារក្នុងការទិញធាតុចូលកសិកម្ម (ជី, ថ្នាំ, ពូជ) និងការលក់កសិផល។

• កាត់បន្ថយចំណាយ៖ កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណេញជាអតិបរមាតាមរយៈសេដ្ឋកិច្ចមាត្រដ្ឋាន។

• ការគាំទ្របច្ចេកទេស៖ ទទួលបានការគាំទ្រផ្នែកបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ ការប្រឹក្សាយោបល់ និងការគ្រប់គ្រងដោយអ្នកជំនាញ។

• ទីផ្សារ និងកិច្ចសន្យា៖ ទទួលបានទីផ្សារលក់កសិផលធំទូលាយ និងសមត្ថភាពអនុវត្តផលិតកម្មតាមកិច្ចសន្យា។

• ការគ្រប់គ្រងហានិភ័យ៖ កាត់បន្ថយហានិភ័យពីការប្រែប្រួលអាកាសធាតុ។

• ហិរញ្ញប្បទាន៖ ទទួលបានការគាំទ្រលើទុនបង្វិល និងឥណទានសម្រាប់ប្រតិបត្តិការ និងការពង្រីកអាជីវកម្ម៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា