Moody's ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Moody's ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

Moody's ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ទីភ្នាក់ងារវាយតម្លៃ Moody’s កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

Advertisement

ខណៈ​ដែល​សហរដ្ឋអាម៉េរិក​ដាក់សម្ពាធពន្ធ​លើ​ទំនិញ​នាំចូលពីកម្ពុជាកាលពីឆ្នាំកន្លងទៅ Moody’s ដែលជា​ស្ថាប័ន​វាយតម្លៃមួយ​របស់​ពិភព​លោក បានបង្ហាញទស្សនវិស័យចំពោះកម្ពុជា អវិជ្ជមាន។

លោក ង៉ែត ជូ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ យល់ឃើញថាការកែប្រែទស្សនវិស័យនេះ គឺពឹងផ្អែកលើកម្រិតបំណុល និងលទ្ធភាពសងបំណុលរបស់កម្ពុជា។

លោក ង៉ែត ជូ បានថ្លែងថា

“មានន័យថាកម្រិតបំណុលរបស់កម្ពុជា នៅមានកម្រិតទាបនៅឡើយ និងមានលទ្ធភាពសងទៅម្ចាស់បំណុលបាន។ ជារួមអាចផ្ដល់នូវទំនុកចិត្តអ្នកវិនិយោគបរទេសមកវិនិយោគនៅកម្ពុជា។”

Moody’s ពន្យល់ថា ការកែប្រែទស្សនវិស័យរបស់ខ្លួន ដោយសារខ្លួនយល់ថារដ្ឋាភិបាលកម្ពុជាធ្វើបានល្អក្នុងការគ្រប់គ្រងបំណុល ហើយសេដ្ឋកិច្ចជាតិនៅតែបន្តរីកចម្រើនក្នុងរង្វង់ ៤,៥ ភាគរយ បើទោះជាទំនិញនៅលើពិភពលោកឡើងថ្លៃក៏ដោយ។ បន្ថែមពីនេះ Moody’s បានបញ្ជាក់ថា កម្ពុជានៅមានប្រាក់បម្រុងអន្តរជាតិច្រើនគ្រាន់បើ ដែលអាចជួយធានាដល់ការបញ្ជាទិញទំនិញពីក្រៅប្រទេស និងជួយឱ្យតម្លៃលុយខ្មែរនៅមានលំនឹងល្អ។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញថា ដ្បិតសេដ្ឋកិច្ចកម្ពុជា រងនូវសម្ពាធជាច្រើន ប៉ុន្តែកម្ពុជា នៅតែអាចគ្រប់គ្រងបំណុលល្អប្រសើរទំាងបំណុលឯកជន និងបំណុលសាធារណៈ។

បណ្ឌិត ហុង វណ្ណៈ បានថ្លែងថា៖

“បំណុលសារណៈយើងនៅចន្លោះ ១៨ ទៅ ២០ ភាគរយនៅឡើយ ចឹងវាអត់ទាន់ដល់ពិដានទេ។ ទាំងកម្ចីរូបវ័ន្តបុគ្គល និងសារណៈ យើងនៅមានសុខភាពល្អ។”

បើតាមរបាយការណ៍ចុងក្រោយពីធនាគារពិភពលោកកាលពីខែមករា ឆ្នាំ២០២៦ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងថយល្បឿនបន្តិចមកត្រឹម ៤,៣ ភាគរយ ដែលតួលេខនេះស្របទៅនឹងការព្រមានរបស់ Moody’s ដែរ។ មូលហេតុធំដែលធ្វើឱ្យសេដ្ឋកិច្ចដើរយឺតជាងមុន គឺដោយសារវិស័យដីធ្លី និងផ្ទះសម្បែងនៅតែបន្តស្ងប់ស្ងាត់យូរជាងការរំពឹងទុក រួមទាំងការធ្លាក់ចុះនៃលុយកាក់ដែលពលករខ្មែរនៅក្រៅប្រទេសផ្ញើមកផ្ទះ ដែលកាលពីមុនគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ជួយដល់ការចាយវាយក្នុងស្រុក។

ទោះបីជាមើលឃើញចំណុចល្អខ្លះក៏ដោយ Moody’s ក៏បានដាក់សញ្ញាប្រុងប្រយ័ត្នថា ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជានៅតែមានចំណុចងាយរងគ្រោះ។ គ្រោះថ្នាក់ធំបំផុត គឺការកើនឡើងនៃលើសលុប ឬការជំពាក់លុយធនាគារដែលសងមិនរួចនៅក្នុងវិស័យដីធ្លី និងផ្ទះសម្បែង រួមជាមួយការរារែកចិត្តរបស់អ្នកវិនិយោគបរទេសក្នុងការចាក់លុយចូលស្រុកខ្មែរ។ កត្តាទាំងនេះហើយ ដែលនៅតែជារបាំង ធ្វើឱ្យកម្ពុជាមិនទាន់អាចដំឡើងពិន្ទុ ឬចំណាត់ថ្នាក់សេដ្ឋកិច្ចឱ្យខ្ពស់ជាងកម្រិត B2 បាននៅឡើយ៕

អត្ថបទ៖ ខន ណារី AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា