ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

រតនគិរី៖ ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់។

Advertisement

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ចេញផ្សាយនៅលើទំព័រហ្វេសប៊ុក​នៅថ្ងៃទី ​២១ ខែឧសភា ឆ្នាំ ២០២៦ ​បញ្ជាក់ថា រដ្ឋបាលខេត្តរតនគិរី តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ព្រៅ ក្បាលដីលេខ ១០៩ មានទំហំ ៣៤.៤៧២៨ ហិកតា ស្ថិតនៅភូមិទំពួនរឺងធំ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។

យោងតាម​សេចក្ដីប្រកាសព័ត៌មាននេះឱ្យដឹងថា ការ​ចុះបញ្ជីដីសហគមន៍ជនជាតិដើម​ភាគតិច​ព្រៅ​ នៅក្នុង​ខេត្ត​រតនគិរីនេះ ត្រូវ​បានធ្វើឡើង​ស្របតាម​បច្ចេកទេស​សុរិយោដី  និងច្បាប់​ភូមិ​បាល របស់ក្រសួង​រៀបចំ ដែនដីនគរូបនីយកម្ម​និងសំណង់។

គួររម្លឹកថា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ តាមរយៈមន្ទីរ​រាជធានី-ខេត្ត ​បាននិងកំពុង​ចុះបញ្ជី​លើដីធ្លី​ដើម្បីឱ្យបញ្ចប់​ក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងនោះដែរ សម្រាប់បងប្អូនជនជាតិដើមភាគតិច ក្រសួងក៏បាន​សម្រេច​ឱ្យចុះបញ្ជីដីជា​កម្មសិទ្ធិ​សមូហភាព ហើយក៏បានប្រគល់​បណ្ណកម្មសិទ្ធិជូនបងប្អូន​ជនជាតិដើមភាគតិ​ជា​បន្តបន្ទាប់​ផងដែរ។

បណ្ណ​កម្មសិទ្ធិ​សមូហភាពនេះ មានលក្ខណៈប្លែកពីបណ្ណកម្មសិទ្ធិ​ឯកជន ដោយម្ចាស់​កម្មសិទ្ធិ​ដីធ្លី ដែលមានបណ្ណ​នេះមិនអាចលក់ដូរ ឬយកធ្វើជាទ្រព្យ​ធានា​សម្រាប់ដាក់​ស្នើ​សុំ​ឥណទានពីមីក្រូហិរញ្ញវត្ថុ ឬធនាគារ​បានឡើយ។ បណ្ណ​នេះ ត្រូវបានចេញសម្រាប់សម្គាល់​លើម្ចាស់​កម្មសិទ្ធិ ទុក​ប្រើប្រាស់ជា​ប្រយោជន៍​ និង​ចែកជូនកូនចៅតជំនាន់​។ ប៉ុន្តែ សម្រាប់បងប្អូនជនជាតិដើមភាគតិច​ដែល​រស់នៅក្នុងសហគមន៍តែមួយ ​អាច​ដោះដូរដីនៅក្នុងសហគមន៍នោះបាន ដើម្បីប្រើប្រាស់ជា​ប្រយោជន៍ណាមួយក្នុង​សហគមន៍។

បើតាម​បញ្ជាក់ពីបងប្អូនជនជាតិដើមភាគតិច​ដែលទទួលបានបណ្ណ​នេះ ពួកគាត់មានការពេញ​ចិត្ត​និងរីករាយជាខ្លាំង​នៅពេល​ទទួលបាន​បណ្ណកម្មសិទ្ធិ​សមូហភាព បើទោះបីជា​ដឹងថា​ ដីធ្លីដែលមានបណ្ណកម្មសិទ្ធិ​នេះ មិនអាច​លក់​ដូរ​ក៏ដោយ។​

លោក មួង វេត ជនជាតិ​ដើម​ភាគតិច​ក្រឹង នៅខេត្ត​រតនគិរី ដែលទើបទទួលបាន​បណ្ណ​កម្មសិទ្ធិ​សមូហភាព ពីក្រសួង​រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែង​ប្រាប់​បណ្ដាញព័ត៌មាន​ AMS ឱ្យដឹងថា ជនជាតិដើមភាគតិច​ មានវប្បធម៌មួយ​ដែល​ប្រកាន់ខ្ជាប់​ ដោយពួកគេមិនផ្ដល់​តម្លៃលើ​លុយ​ដែលបានពីការ​លក់ទ្រព្យ​ជា​កេរដំណែលដូនតាទេ។ ដីធ្លីរបស់ពួកគាត់​ដែលមាន​គឺមិនទុកសម្រាប់លក់ដូរទេ តែទុកសម្រាប់ចែកកូនចៅជំនាន់​ក្រោយ ដូច្នេះ​ការ​ធ្វើប្លង់​កម្មសិទ្ធិ​សមូហភាព ដែលមិនអាចលក់ដូរតៗគ្នា​ គឺជារឿងអ្នកដែល​ជនជាតិដើមភាគតិច​ចង់​បាន។

បើតាមប្រសាសន៍របស់ ឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី និងនគរូបនីយកម្ម​និងសំណង់​ បានលើកឡើងថា រាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់​គិតគូរ​បងប្អូន​ជនជាតិដើម​ភាគតិច តាំងសម្ដេច​អគ្គមហាសេនា​បតីតេជោហ៊ុន សែន ​ជា​នាយករដ្ឋមន្ត្រី រហូតមកដល់​សម្ដេច​មហា​បវរធិបតី​ហ៊ុន​ ម៉ាណែត ដោយ​រាជរដ្ឋាភិបាល​បាន​សាងសងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រវាង​ខេត្តក្នុងតំបន់​ភូមិ​ភាគឦសាន​ ដើម្បីសម្រួលដល់ការ​ធ្វើដំណើរបស់បងប្អូន​។

បច្ចុប្បន្ន​​ រាជរដ្ឋាភិបាល​បាន​បន្ត​យកចិត្តទុកដាក់​លើ​បងប្អូនជាតិដើមភាគតិ​ច​ ដោយបាន​បង្កើតកម្មវិធីជំរុញការ​វិនិយោគក្នុង​ខេត្ត​ទាំង​បួននៅតំបន់ភូមិភាគ​ឦសាន ដើម្បីទាក់ទាញ​វិនិយោគិន​ចូលមក​បណ្ដាក់ទុនវិនិយោគ​ក្នុ​ងខេត្ត​ក្នុងភូមិភាគឦសាន បង្កើតការងារ​ជូនបងប្អូនជនជាតិដើមភាគតិចឱ្យ​ទទួលបានប្រាក់ចំណូលបន្ថែម៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា