លោក​ Putin ​បង្ហាញ​ឱកាស​វិនិយោគ​ដ៏​មាន​សក្តានុពល​នៅ​តំបន់​អាក់ទិក​​ និង​ចុង​បូព៌ា​រុស្ស៊ី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក​ Putin ​បង្ហាញ​ឱកាស​វិនិយោគ​ដ៏​មាន​សក្តានុពល​នៅ​តំបន់​អាក់ទិក​​ និង​ចុង​បូព៌ា​រុស្ស៊ី​

លោក​ Putin ​បង្ហាញ​ឱកាស​វិនិយោគ​ដ៏​មាន​សក្តានុពល​នៅ​តំបន់​អាក់ទិក​​ និង​ចុង​បូព៌ា​រុស្ស៊ី​

​បរទេស​៖ ​ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir ​Putin ​បាន​បង្ហាញ​ពី​ឱកាស​វិនិយោគ​ ​និង​សក្តានុពល​ចំណេញ​សម្រាប់​វិស័យ​ធុរកិច្ច ​ដើម្បី​ទាក់ទាញ​ដើមទុន ​និង​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ​ឱ្យ​មកវិនិយោគ​នៅ​តំបន់​អាក់ទិក ​និង​តំបន់​ចុង​បូព៌ា​របស់​រុស្ស៊ី​។

ការ​លើកឡើង​នេះ​ធ្វើឡើង​ក្នុង​សុន្ទរកថា​ទៅកាន់​ថ្នាក់ដឹកនាំ​ ​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធុរកិច្ច​ ​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​នាយក​ប្រតិបត្តិ​ធុរកិច្ច​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក ​(​APEC ​CEO Summit​)​ ​កាលពី​ថ្ងៃ​ទី​១៨ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦​។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ ​RT ការ​កៀរគរ​វិនិយោគ​នេះ​ក៏​ធ្វើឡើង​មុន​កិច្ច​ពិភាក្សា​សំខាន់​ៗ​ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​រវាង​លោក​ Putin ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ ​លោក​ Donald ​Trump ​និង​ប្រធានាធិបតី​ចិន ​លោក​ ​X​i Jinping ​ផងដែរ​។

យុទ្ធសាស្ត្រ​ទាក់ទាញ​វិនិយោគ​របស់​ទីក្រុង​មូស្គូ ​ផ្តោត​សំខាន់​លើ​ផ្លូវ​សមុទ្រ​ខាង​ជើង​ ​(​Northern Sea Route​)​ ​ដែល​ជា​ច្រក​ដឹកជញ្ជូន​តាម​តំបន់​អាក់ទិក​ ​និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​ពី​វិស័យ​ពាណិជ្ជកម្ម ​ជាពិសេស​ក្នុងពេល​ដែល​ផ្លូវ​ដឹកជញ្ជូន​តាម​សមុទ្រ​នៅ​មជ្ឈិម​បូព៌ា​ជួប​ប្រទះ​ការ​រំខាន ​ដោយសារ​ជម្លោះ​រវាង​សហរដ្ឋ​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​។

​ជាក់ស្តែង​ ​ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​មួយចំនួន​នៅ​អាស៊ី​បាន​ចាប់ផ្តើម​ពង្រីក​ការ​សាកល្បង​ ​និង​ប្រតិបត្តិការ​លើ​ផ្លូវ​សមុទ្រ​នេះ​។ ​ក្រុមហ៊ុន​ Sea ​Legend ​របស់​ចិន ​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​ដឹកជញ្ជូន​កុងតឺន័រ​តាម​កាលវិភាគ​នៅលើ​ផ្លូវ​នេះ​កាលពី​ខែ​សីហា ​ខណៈ​ក្រុមហ៊ុន​ ​PanStar ​របស់​កូរ៉េ​ខាង​ត្បូង ​បាន​បញ្ចប់​ការ​ធ្វើដំណើរ​សាកល្បង​ទៅកាន់​ទ្វីប​អឺរ៉ុប​កាលពី​ខែ​កញ្ញា​។​ ​ចំណែក​ប្រទេស​ឥណ្ឌា​ ​គ្រោង​បញ្ជូន​នាវា​ដឹក​ទំនិញ​សាកល្បង​លើក​ដំបូង​របស់​ខ្លួន​តាម​ផ្លូវ​នេះ​នៅ​ឆ្នាំ​២០២៧​។

​ទោះជា​យ៉ាងណា ការ​ជំរុញ​សក្តានុពល​សេដ្ឋកិច្ច​នៅ​តំបន់​អាក់ទិក​កើតឡើង​ ​ស្រប​ពេល​ដែល​បញ្ហា​អភិបាលកិច្ច ​និង​សន្តិសុខ​ក្នុង​តំបន់​នៅតែ​មាន​ភាព​តានតឹង​។ ​រុស្ស៊ី​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុមប្រឹក្សា​អាក់ទិក​ ​(​Arctic ​Council​)​ ​ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៦ ​ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​របស់​ស្ថាប័ន​នេះ​ជាមួយ​ទីក្រុង​មូស្គូ ​ត្រូវ​បាន​ផ្អាក​ភាគ​ច្រើន​ដោយ​រដ្ឋ​សមាជិក​ចំនួន​៧​ផ្សេងទៀត​ ​ក្រោយ​សង្គ្រាម​នៅ​អ៊ុយក្រែន​ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០២២​។

​ទោះបីជា​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោក​ខាង​លិច​កំពុង​រង​សម្ពាធ​ក៏​ដោយ​ ​លោក​ Putin ​បាន​បង្ហាញ​ជំហរ​បើកចំហ​ចំពោះ​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​លើ​គម្រោង​នៅ​តំបន់​អាក់ទិក​។ ​កាលពី​ខែ​តុលា ​លោក​បាន​ឱ្យ​ដឹង​ថា​ រុស្ស៊ី ​និង​សហរដ្ឋ​អាម៉េរិក​កំពុង​សិក្សា​ពី​លទ្ធភាព​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​លើ​វិស័យ​មួយចំនួន​ ដូចជា​ថាមពល​ ​និង​បច្ចេកវិទ្យា​ទំនើប​។

​ជាមួយគ្នា​នេះ​ ​មន្ត្រី​អឺរ៉ុប​កំពុង​បង្កើន​ការ​យកចិត្តទុកដាក់​លើ​សន្តិសុខ​ ​និង​ការ​ការពារ​នៅ​តំបន់​ភាគ​ខាង​ជើង​។ ​បន្ទាប់ពី​សហ​ភាព​អឺរ៉ុប​អនុម័ត​យុទ្ធសាស្ត្រ​អាក់ទិក​ថ្មី​កាលពី​ខែ​តុលា ​ប្រធាន​គោលនយោបាយ​ការ​បរទេស​សហ​ភាព​អឺរ៉ុប ​លោក​ស្រី​ Kaja ​Kallas ​បាន​ថ្លែង​ថា​ ​ទីក្រុង​ប្រ៊ុច​សែល​មាន​ផែនការ​បង្កើន​ការ​វិនិយោគ​លើ​ប្រព័ន្ធ​ឃ្លាំមើល​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ចល័ត​យោធា​ ​និង​សមត្ថភាព​ការពារ​ជាតិ​។

ច​ក្រភព​អង់គ្លេស​ក៏​បាន​ចាត់វិធានការ​ពង្រីក​វត្ត​មាន​កងទ័ព​ជើងទឹក​របស់​ខ្លួន​នៅ​តំបន់​អាក់ទិក​ ​និង​អាត្លង់ទិក​ខាង​ជើង​ផងដែរ​។ ​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស ​លោក​ Rishi ​Sunak ​ធ្លាប់​អំពាវនាវ​ឱ្យ​ទីក្រុង​ឡុងដ៍​ត្រៀម​ខ្លួន​សម្រាប់​លទ្ធភាព​នៃ​ការ​វាយប្រហារ​លើ​ទីតាំង​យោធា​រុស្ស៊ី​នៅ​ឧបទ្វីប​ K​ola​។

​ជា​ការ​ឆ្លើយតប​ ទីក្រុង​មូស្គូ​បាន​ច្រានចោល​ចលនា​យោធា​របស់​ប្រទេស​លោក​ខាង​លិច​។ ​កាលពី​ខែ​សីហា ​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី ​លោក​ Sergey Lavrov ​បាន​ចោទប្រកាន់​អង្គការ​ណា​តូ​ថា ​កំពុង​ជំរុញ​ឱ្យ​តំបន់​អាក់ទិក​ឆ្ពោះទៅ​រក​ការ​ធ្វើ​សកម្មភាព​យោធូបនីយ​កម្ម​។ ​លោក​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ពី​គោលដៅ​របស់​រុស្ស៊ី​ក្នុង​ការ​រក្សា​តំបន់​នេះ​ឱ្យ​ក្លាយជា​តំបន់​សន្តិភាព​ ​និង​កិច្ច​សហប្រតិបត្តិការ​ផងដែរ​។

ការ​បង្ហាញ​ឱកាស​វិនិយោគ​របស់​លោក​ ​Putin ​ទៅកាន់​ថ្នាក់ដឹកនាំ​ធុរកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​នេះ​ ​បង្ហាញ​ពី​ការ​ខិតខំ​របស់​រុស្ស៊ី​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នៅ​តំបន់​អាស៊ី ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ ​ថាមពល ​និង​ភស្តុភារ​កម្ម ​តាមរយៈ​ការ​បង្វែរ​ទិសដៅ​សហប្រតិបត្តិការ​ឆ្ពោះទៅ​ខាង​កើត ​ស្រប​ពេល​ដែល​ទំនាក់ទំនង​ជាមួយ​រដ្ឋធានី​នៃ​ប្រទេស​លោក​ខាង​លិច​នៅតែ​ស្ថិត​ក្រោម​សម្ពាធ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា