លោក សុខ វឿន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០​២៦-២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក សុខ វឿន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០​២៦-២០២៧

លោក សុខ វឿន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០​២៦-២០២៧

ភ្នំពេញ ៖ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានទទួលសេចក្ដីទុកចិត្តពីសមាជិក និងជ្រើសរើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ហើយលោកជំទាវ ឌិត នីតា ដែលប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា មីក្រូហិរញ្ញវត្ថុ ជាប់ជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្រាប់អាណត្តិឆ្នាំ២០២៦-២០២៧។

Advertisement

យោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ បានឱ្យដឹងថា ​តួនាទីថ្នាក់ដឹកនាំទាំងនេះត្រូវបានបោះឆ្នោតជ្រើសរើសតាំងដោយក្រុមប្រឹក្សាភិបាលរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាប់ឆ្នោតថ្មីក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៦ របស់សមាគមនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដោយ​មានការចូលរួមពីសមាជិកសមាជិកាមកពីជាង ១០០ គ្រឹះស្ថាន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។

ក្នុងពេលនេះដែរ ក្រៅពីប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានជាសមាជិក របស់សមាគមបានបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលចំនួន ១១រូបផ្សេងទៀត ដែលមកពីគ្រឹះស្ថានផ្សេងៗក្នុងវិស័យហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាភិបាលដែលទើបជាប់ឆ្នោតថ្មី នឹងដឹកនាំ ទិសដៅយុទ្ធសាស្ត្ររបស់សមាគម និងបន្តពង្រឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ កិច្ចការពារអតិថិជន និងបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។

ចំពោះសមាសភាពក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិឆ្នាំ២០២៦-២០២៧ រួមមាន ៖

១. លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។

២. លោកជំទាវ ឌិត នីតា អនុប្រធានក្រុមប្រឹក្សាភិបាល មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា មីក្រូហិរញ្ញវត្ថុ លីមីធីត។

៣. លោក ដុស ឌីន ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត។

៤. លោក ហោ ប៊ុនថៃ ជាសមាជិក មកពីធនាគារ វីង។

៥. លោក គា បូរាណ ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ភីអិលស៊ី។

៦. អ្នកស្រី ឃុន សុនីតា ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ ស៊ី ភី ម៉ាយក្រូហ្វាយនែន ម.ក។

៧. លោក នួន អង្គារឫទ្ធិ ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រីច អ៊ែរ៉ឺឡូ ហ្វាយនែន ម.ក។

៨. លោក Park Cheon Gil ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី។

៩. លោក រស់ ធារឹទ្ធ ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ម.ក។

១០. លោក ស៊ឹម សេនាជាតិ ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វីស ហ្វាយនែន ភីអិលស៊ី។

១១. លោក Yannick Nicolas Milev ជាសមាជិក មកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក។

១២. លោក ឌី ស៊ីថា ជាសមាជិក តំណាងឱ្យគ្រឹះស្ថានឥណទានជនបទ មកពីគ្រឹះស្ថាន ដៃគូ ហ្វាយនែន ភីអិលស៊ី។

១៣. លោក ឆយ ប៊ុនណាក់ ជាសមាជិក តំណាងឱ្យគ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ មកពីគ្រឹះស្ថាន មេហ្គាលីស៊ីង ភីអិលស៊ី។

ដោយឡែក ឧកញ៉ា ហួត អៀងតុង មកពីសម្ព័ន្ធ អេស៊ាន ប៊ីស្សនេស គ្រុប ត្រូវបានអញ្ជើញចូលរួមក្នុងតំណែងជាទីប្រឹក្សារបស់សមាគម។

សូមជ្រាបថា លោក សុខវឿន ដែលទើបតែត្រូវបានជាប់ឆ្នោតជ្រើសរើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលថ្មីនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អាណត្តិឆ្នាំ២០២៦-២០២៧ គឺជាប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកក៏ជាសមាជិកនៃ Certified Management Accountant (CMA) ជាសមាជិកវិទ្យា ស្ថានគណនេយ្យសាធារណៈ (IPA) ជាសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្នុង អាណត្តិឆ្នាំ២០២៤-២០២៥។ លោកមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ រួមមានការអភិវឌ្ឍឌីជីថល និងផលិតផល ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងឥណទាន ហានិភ័យ ហិរញ្ញវត្ថុ និងធនធានមនុស្ស។ លោក សុខ វឿន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត គ្រប់គ្រងពាណិជ្ជកម្មជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យបៀលប្រាយក្នុងឆ្នាំ២០០៥ និងថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចជំនាញគ្រប់គ្រងសហគ្រាសពីអតីតមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ២០០០។

ចំណែកលោកជំទាវ ឌិត នីតា ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក្នុងអាណត្តិឆ្នាំ២០២៤-២០២៥ ត្រូវបានជាប់ឆ្នោតជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្រាប់អាណត្តិឆ្នាំ២០២៦-២០២៧។ លោកជំទាវជាប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា (CAMMA) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF)។ លោកជំទាវមានបទពិសោធដឹកនាំយ៉ាងទូលំទូលាយក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងអភិបាលកិច្ចក្នុងវិស័យ និងការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ លោកជំទាវ ឌិត នីតា បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងហិរញ្ញវត្ថុ និងថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្ម (កិត្តិយស) ពីសាកលវិទ្យាល័យ Australian National University នៃប្រទេសអូស្ត្រាលី។ លោកជំទាវក៏ត្រូវបានទទួលស្គាល់ជា Chartered Banker by Experience ដោយវិទ្យាស្ថាន Chartered Banker Institute នៃចក្រភពអង់គ្លេសផងដែរ។

គួរ​បញ្ជាក់ថា​ក្រុមប្រឹក្សា​ភិបាល​ដែលទើប​ជាប់ឆ្នោត​ថ្មីនៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ដឹកនាំបេសកកម្ម​របស់សមាគម​ ដើម្បីគាំទ្រ​ដល់ការ​អភិវឌ្ឍវិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ប្រកប​ដោយ​ការទទួលខុស​ត្រូវខ្ពស់ និងនិរន្តរភាព ដោយធានា​ឱ្យបាន​នូវ​លទ្ធភាពទទួលបាន​សេវា​ហិរញ្ញវត្ថុ​មានតម្លៃសមរម្យ និងទុកចិត្ត​បាន​សម្រាប់​បុគ្គល គ្រួសារ និង​អាជីវកម្ម​ខ្នាតតូច​នៅទូទាំង​ប្រទេស ។​ ក្នុង​នាមជា​សមាគម​វិជ្ចាជីវៈ មិនស្វែងរក​ប្រាក់ចំណេញ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គឺជាស្ថាប័ន​តំណាងឱ្យផល​ប្រយោជន៍រួម​នៃគ្រឹះស្ថានហិរញ្ញវត្ថុ ដែល​មានការ​ប្ដេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​បរិយា​ន្ន​ហិរញ្ញវត្ថុ​ កិច្ចការពារ​អតិថិជន និងស្ថិរភាព​រយៈពេល​វែង​នៃប្រព័ន្ធអេកូឡូស៊ី​ហិរញ្ញវត្ថុរបស់កម្ពុជា ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា