មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

បរទេស៖ មេដឹកនាំមីយ៉ាន់ម៉ា បានទទួលស្វាគមន៍មហាសេដ្ឋីរុស្ស៊ី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការរុករក និងការធ្វើអាជីវកម្មរ៉ែ នេះបើយោងតាមសេចក្ដីរាយការណ៍ពី The Irrawaddy។

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លានដុល្លារនៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group បានជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ។ ក្នុងអំឡុងនៃកិច្ចជំនួបជាមួយនឹងមហាសេដ្ឋីរុស្ស៊ីរូបនេះ គណៈកម្មាធិការវិនិយោគរបស់មីយ៉ាន់ម៉ា បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ១៦ ហើយក្នុងនោះក៏មានគម្រោងធ្វើអាជីវកម្មរ៉ែមាសទ្រង់ទ្រាយធំផងដែរ។ ការអនុម័តនេះកើតឡើងប៉ុន្មានខែបន្ទាប់ពីលោក Min Aung Hlaing អញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចរុស្ស៊ី-មីយ៉ាន់ម៉ា ដែលបើកឱកាសឱ្យមានការវិនិយោគលើវិស័យរ៉ែរបស់មីយ៉ាន់ម៉ា កាលពីអំឡុងខែសីហាកន្លងទៅនេះ ដោយបានលើកឡើងពីគោលបំណងកែប្រែវិស័យរ៉ែរបស់ខ្លួនឱ្យក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ថ្មីមួយសម្រាប់ទប់ទល់នឹងទណ្ឌកម្មអន្តរជាតិ។

ចាប់តាំងពីឆ្នាំ២០២២ មករហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនរុស្ស៊ីរងផលប៉ះពាល់ដោយសារទណ្ឌកម្មសហភាពអឺរ៉ុប និងអាម៉េរិក ដែលជំរុញពួកគេងាកទៅរកទីផ្សារអាស៊ី។ ដោយឡែក ចាប់តាំងពីមីយ៉ាន់ម៉ារងទណ្ឌកម្មអន្តរជាតិ និងផ្តាច់ចេញពីពិភពលោកបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១ មក មេដឹកនាំយោធាខិតខំស្វែងរកការគាំទ្រផ្នែកសេដ្ឋកិច្ច និងនយោបាយការទូតពីរុស្ស៊ីយ៉ាងសកម្ម។

គួរបញ្ជាក់ដែរថា មីយ៉ាន់ម៉ា មានប្រភពធនធានរ៉ែសំខាន់ៗយ៉ាងសន្ធឹកសន្ធាប់ ដោយបាននាំចេញរ៉ែកម្រជិតពាក់កណ្តាលនៃតម្រូវការពិភពលោក តាមរយៈការឆ្លងកាត់ព្រំដែនទៅលក់ឱ្យប្រទេសចិនដោយផ្ទាល់។ ចិន បានប្រមូលទិញរ៉ែឆៅទាំងនោះយកទៅចម្រាញ់ និងកែច្នៃក្នុងស្រុក។ រ៉ែទាំងនោះគឺជាធាតុផ្សំដែលមិនអាចខ្វះបានក្នុងឧស្សាហកម្មបច្ចេកវិទ្យាទំនើបរាប់ចាប់ពីរថយន្តអគ្គិសនី (EV) អាគុយ ថាមពលបៃតង ទូរស័ព្ទ រហូតដល់បច្ចេកវិទ្យាយោធា និងអាវុធទំនើបៗ។ ជាមួយគ្នានេះដែរ ការភ្ជាប់ទំនាក់ទំនងឡើងវិញរវាងអាម៉េរិក និងមីយ៉ាន់ម៉ា បានបង្កឱ្យមានការសន្និដ្ឋានថា ការប្រជែងគ្នានៅលើសកលលោកដើម្បីដណ្តើមធនធានរ៉ែកម្រ គឺជាកត្តាអាចជំរុញឱ្យវ៉ាស៊ីនតោនកែសម្រួលគោលនយោបាយរបស់ខ្លួន។ ទោះជាយ៉ាងណាក្តី អណ្តូងរ៉ែកម្រស្ទើរតែទាំងអស់ក្នុងចំណោមប្រមាណ ៦០០ កន្លែងនៅមីយ៉ាន់ម៉ា គឺស្ថិតនៅក្រៅការគ្រប់គ្រងរបស់របបយោធា ពោលគឺស្ថិតនៅក្នុងដែនដីដែលគ្រប់គ្រងដោយក្រុមបះបោរជនជាតិភាគតិច។ ហេតុនេះ ទោះបីជាមានការអញ្ជើញពីរដ្ឋាភិបាលយោធា និងផ្តល់អាជ្ញាប័ណ្ណក្តី ប៉ុន្តែក្រុមហ៊ុនរុស្ស៊ីមិនទាន់ទម្លាក់លុយវិនិយោគណាមួយនៅឡើយទេ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា