ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បំពេញទស្សនកិច្ចនៅឥណ្ឌា ៥ ថ្ងៃ ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បំពេញទស្សនកិច្ចនៅឥណ្ឌា ៥ ថ្ងៃ ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី

ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បំពេញទស្សនកិច្ចនៅឥណ្ឌា ៥ ថ្ងៃ ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី

បរទេស៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌារយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី ៣០ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) អំពីទំនាក់ទំនងទ្វេភាគី ផ្តោតលើការគ្រប់គ្រងព្រំដែន, កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ, ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ, ជំនួយអភិវឌ្ឍន៍, និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល អប់រំ ថាមពល និងបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងរីកចម្រើនយ៉ាងរហ័ស។ លើសពីនេះ មេដឹកនាំទាំងពិរគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមគ្នា និងទប់ស្កាត់ការប្រើប្រាស់ទឹកដីរបស់ប្រទេសណាមួយសម្រាប់សកម្មភាពដែលប៉ះពាល់ដល់សន្តិសុខរបស់ភាគីម្ខាងទៀត។

Advertisement

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក លោក មីន អ៊ុងឡាំង នៅលើទឹកដីប្រទេសឥណ្ឌានាពេលនេះ ប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu បានទទួលស្វាគមន៍ និងអះអាងសារជាថ្មីអំពីតួនាទីសំខាន់របស់មីយ៉ាន់ម៉ាក្នុងការចូលរួមក្នុងតំបន់ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងភាពជាដៃគូរវាង ឥណ្ឌា-មីយ៉ាន់ម៉ា និងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងវិស័យ ដូចជា ឱសថ គ្រឿងយន្ត និងផលិតផលកសិកម្ម។ ទោះជាយ៉ាងណាក្តី ប្រធានាធិបតីឥណ្ឌារូបនេះ បានបញ្ជាក់ដែរថា វានៅតែមានបញ្ហាជាច្រើនទៀតដែលត្រូវកែសម្រួល និងអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ។

សូមរំលឹកដែរថា កាលពីថ្ងៃទី ៣១ ខែឧសភា ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval បានជួបជាមួយមេដឹកនាំមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីទិដ្ឋភាពសំខាន់ៗនៅក្នុងកិច្ចទំនាក់ទំនងទ្វេភាគី ជាពិសេស បញ្ហាសន្តិសុខ ការពារជាតិ និងកិច្ចសហប្រតិបត្តិការគ្រប់គ្រងព្រំដែន។

មីយ៉ាន់ម៉ា​ គឺជា​សមាជិក​អាស៊ាន​តែ​មួយ​គត់​ដែល​មាន​ព្រំដែន​គោក​ជាប់ជាមួយនឹងឥណ្ឌា ដោយប្រទេសទាំងពីរមានព្រំប្រទល់លាតសន្ធឹងប្រហែល ១ ៦៤០ គីឡូម៉ែត្រ។ ដូច្នោះហើយ មីយ៉ាន់ម៉ា ដើរតួសំខាន់មួយនៅក្នុងកិច្ចទំនាក់ទំនងការបរទេសរបស់ឥណ្ឌា ក្នុងការអនុវត្តគោលនយោបាយឆ្ពោះទៅទិសខាងកើត “Act East Policy”  ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត។ ជាលទ្ធផល ទំនាក់ទំនងទ្វេភាគីត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធដោយមិនត្រឹមតែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រីកដល់សន្តិសុខព្រំដែន និងយុទ្ធសាស្ត្រផ្សារភ្ជាប់ដ៏ទូលំទូលាយរបស់ទីក្រុងញូវដេលីជាមួយអាស៊ីអាគ្នេយ៍ផងដែរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា