NBC​-​UN​៖​ ១៦ ​ក្នុង​ចំណោម​សកម្មភាព​អាទិភាព​ ​២២ ស្តី​ពី​មីក្រូ​ហិរញ្ញវត្ថុ​ ​ត្រូវ​បាន​អនុវត្ត​ពេញលេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
NBC​-​UN​៖​ ១៦ ​ក្នុង​ចំណោម​សកម្មភាព​អាទិភាព​ ​២២ ស្តី​ពី​មីក្រូ​ហិរញ្ញវត្ថុ​ ​ត្រូវ​បាន​អនុវត្ត​ពេញលេញ

NBC​-​UN​៖​ ១៦ ​ក្នុង​ចំណោម​សកម្មភាព​អាទិភាព​ ​២២ ស្តី​ពី​មីក្រូ​ហិរញ្ញវត្ថុ​ ​ត្រូវ​បាន​អនុវត្ត​ពេញលេញ

​ភ្នំ​ពេញ​៖​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​និង​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​ ​បាន​រៀបចំ​កិច្ច​ពិគ្រោះយោបល់​កម្រិត​ខ្ពស់​លើក​ទី​៤​ ​ស្តីពី ​«​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ​ដោយ​បង្ហាញ​ថា​ ​សកម្មភាព​អាទិភាព​ ១៦ ​ក្នុង​ចំណោម​ ​២២ ​ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​២០២៤​ ​ត្រូវ​បាន​អនុវត្ត​ពេញលេញ​។

​កិច្ច​ពិគ្រោះយោបល់​នេះ​ធ្វើឡើង ​កាលពី​ថ្ងៃ​ទី​២០​ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​នៅ​រាជធានី​ភ្នំពេញ ​ក្រោម​អធិបតីភាព​លោក​ជំទាវ​បណ្ឌិត​ ​ជា​ សិរី ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​និង​លោក​ស្រី Vladanka ​Andreeva ​អ្នក​សម្របសម្រួល​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​។

​លោក​ សុខ​ ​វឿន ​ប្រធាន​ក្រុមប្រឹក្សាភិបាល ​លោក​ជំទាវ ឌិត ​នីតា​ ​អនុ​ប្រធាន​ក្រុមប្រឹក្សាភិបាល ​ព្រមទាំង​សមាជិក​ក្រុមប្រឹក្សាភិបាល​ ​និង​ថ្នាក់ដឹកនាំ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​បាន​ចូលរួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នេះ​ ​រួម​ជាមួយ​តំណាង​ក្រសួង​-​ស្ថាប័ន​ជាតិ​ ​អង្គការ​សហ​ប្រជា​ជាតិ​ ​សមាគម​ធនាគារ​នៅ​កម្ពុជា​ ​គ្រឹះ​ស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​ ​ដៃគូ​អភិវឌ្ឍន៍​ ​និង​វិនិយោគិន​។

វេទិកា​នេះ​មាន​គោលបំណង​ពិនិត្យ​វឌ្ឍនភាព ​និង​លទ្ធផល​នៃ​ការ​អនុវត្ត​សកម្មភាព​អាទិភាព​ទាំង​ ​២​២ ​ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​ទី​១២​ ​ខែ​កក្កដា ​ឆ្នាំ​២០២៤ ​ព្រមទាំង​កំណត់​ជំហាន​បន្ទាប់ និង​វិធានការ​បន្ត ​ដើម្បី​ជំរុញ​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​ ​និង​តម្លាភាព​។

​លោក​ជំទាវ​បណ្ឌិត​ ​ជា សិរី ​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ ​និង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ ​អង្គការ​សហ​ប្រជា​ជាតិ​ ​សមាគម​ធនាគារ​នៅ​កម្ពុជា​ សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​ ​ដៃគូ​អភិវឌ្ឍន៍ និង​វិនិយោគិន ​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នេះ​។

​លោក​ជំទាវ​បណ្ឌិត​ ​ជា សិរី ​បាន​គូសបញ្ជាក់​ថា​ ​ក្នុង​ចំណោម​សកម្មភាព​អាទិភាព​ទាំង​ ​២​២​ ​មាន​ ១៦ ​ត្រូវ​បាន​អនុវត្ត​រួចរាល់ និង​ ៦ ​កំពុង​ដំណើរការ​។ ​លោក​ជំទាវ​បណ្ឌិត​បាន​ចាត់ទុក​ថា​ ​អ្វី​ដែល​សំខាន់​ជាង​តួលេខ ​គឺ​ការ​បន្ត​ជួប​ពិភាក្សា​គ្នា​ដោយ​បើកចំហ ​និង​រួមគ្នា​ដោះស្រាយ​បញ្ហា​ ​ខណៈ​កំណែទម្រង់​មិន​អាច​សម្រេច​បាន​ត្រឹម​កិច្ច​ប្រជុំ​តែ​មួយ​ទេ ​ប៉ុន្តែ​ត្រូវការ​ការ​ប្តេជ្ញាចិត្ត​ជា​បន្តបន្ទាប់​។

​លោក​ជំទាវ​បណ្ឌិត​ ​ជា សិរី ​ក៏​បាន​លើកឡើង​ពី​ករណី​មួយចំនួន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នា​ពេល​ថ្មី​ៗ​នេះ​ ​ដោយ​មាន​ការ​យល់ឃើញ​ខុសគ្នា​រវាង​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​និង​អង្គការ​ដែល​បាន​លើកឡើង​ពី​ករណី​ទាំងនោះ​។

​លោក​ជំទាវ​បណ្ឌិត​បាន​បញ្ជាក់​ថា​ ភាព​ខុសគ្នា​នៃ​ទស្សនៈ​បែបនេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​កិច្ច​សន្ទនា ​ដោយ​ភាគី​ពាក់ព័ន្ធ​គួរ​រួមគ្នា​ពិភាក្សា​ ​និង​ដោះស្រាយ​បញ្ហា​នៅតុ​តែ​មួយ​ ​ជា​ជាង​ការ​ប្រាស្រ័យទាក់ទង​ដាច់ដោយឡែក ​ដែល​អាច​ធ្វើឱ្យ​សាធារណជន​ទទួល​បាន​ព័ត៌មាន​តែ​ពី​ភាគី​ម្ខាង​។

​លោក​ជំទាវ​បណ្ឌិត​បាន​បន្ថែម​ថា​ ​អង្គការ​សហ​ប្រជា​ជាតិ​ជា​សហ​អ្នក​រៀបចំ​វេទិកា​នេះ​ ​ខណៈ​ស្ថាប័ន​អន្តរជាតិ​ ​និង​វិនិយោគិន​ក៏​ចូលរួម​ក្នុងនាម​ជា​ដៃគូ​ផងដែរ​។ ​លោក​ជំទាវ​បណ្ឌិត​បាន​បញ្ជាក់​ថា​ ​«​ទ្វារ​របស់​យើង​នៅតែ​បើក​ចំហ​ជានិច្ច​» ​សម្រាប់​គ្រប់​ភាគី​ដែល​យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព​របស់​អ្នក​ខ្ចី​ប្រាក់​នៅ​កម្ពុជា​។

​កិច្ច​ពិគ្រោះយោបល់​នេះ​ក៏​ផ្តោត​លើ​ការ​ពង្រឹង​កិច្ចការពារ​អតិថិជន ​និង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​ ​និង​តម្លាភាព ​ព្រមទាំង​ការ​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​បាន​ប្តេជ្ញា​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​ ​និង​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​គាំទ្រ​ការ​អនុវត្ត​សកម្មភាព​អាទិភាព​ទាំង​ ​២​២ ​និង​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​ជាពិសេស​ការ​លើកកម្ពស់​កិច្ចការពារ​អតិថិជន ​និង​ពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​រឹងមាំ ​បរិយាបន្ន ​និង​មាន​ភាព​ធន់​។

ទន្ទឹម​នឹង​នេះ​ វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅតែ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្តល់​លទ្ធភាព​ទទួល​បាន​សេវា​ឥណទាន​ដល់​ប្រជា​ពលរដ្ឋ​។ ​ទិន្នន័យ​ឆ្នាំ​២០២៥ ​របស់​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​បង្ហាញ​ថា​ ​សមតុល្យ​ឥណទាន​មាន​ចំនួន​ ៥​,​៩៩ ពាន់​លាន​ដុល្លារ ​និង​មាន​អ្នក​ប្រើប្រាស់​កម្ចី​ប្រមាណ ​១​,​៥៣ លាន​នាក់​។

​ស្ត្រី​មាន​ចំណែក​ ៦​១ ​ភាគរយ​នៃ​អ្នក​ខ្ចី​សរុប​ ​ដែល​បង្ហាញ​ពី​តួនាទី​សំខាន់​របស់​ស្ត្រី​ក្នុង​ការ​ប្រើប្រាស់​សេវា​ឥណទាន​មីក្រូ​ហិរញ្ញវត្ថុ​។

តាម​ប្រភេទ​ស្ថាប័ន​ ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ​(​MD​Is​)​ ​មាន​ចំណែក​ ៦៣​,​២៩​ ​ភាគរយ​នៃ​សម​តុល្យ​ឥណទាន​ ​ខណៈ​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ ​(​MF​Is​)​ ​មាន​ ​៣​២ ភាគរយ​ ​ក្រុមហ៊ុន​លីស៊ីង​ ៤​,​១៧​ ​ភាគរយ ​និង​ស្ថាប័ន​ឥណទាន​ជនបទ​ ០​,​៥៣ ​ភាគរយ​។

​ចំពោះ​អ្នក​ប្រើប្រាស់​កម្ចី ​MD​Is ​មាន​ចំណែក​ ៥​៥​,​៥៨​ ​ភាគរយ​ MF​Is ​មាន​ ៣៩​,​៧៨​ ​ភាគរយ​ ​ក្រុមហ៊ុន​លី​ស៊ីង​ ២​,​៣៣​ ​ភាគរយ ​និង​ស្ថាប័ន​ឥណទាន​ជនបទ ​១​,​៤​ ​ភាគរយ​។

​វិស័យ​នេះ​ក៏​មាន​ការិយាល័យ​ចំនួន​ ៩​៥០ ​កន្លែង​ ​និង​បុគ្គលិក​ ​២២​.​៥៣១ ​នាក់​។ ​ផ្នែក​ប្រាក់​បញ្ញើ​មាន​សមតុល្យ​ ២​,​៩៩ ពាន់​លាន​ដុល្លារ​ ពី​អ្នក​ដាក់​ប្រាក់​ប្រមាណ​ ​២​,​២១​ លាន​នាក់​ ​ក្នុង​នោះ​ស្ត្រី​មាន​ចំណែក​ ៦​៣​,​៦​ ​ភាគរយ​។

​ជា​រួម ​ទិន្នន័យ​នេះ​បង្ហាញ​ថា​ ​អ្នក​ទទួល​ផល​ពី​ឥណទាន​មីក្រូ​ហិរញ្ញវត្ថុ​ភាគ​ច្រើន​ ​គឺ​អ្នក​ខ្ចី​ដែល​ប្រើប្រាស់​ឥណទាន​ខ្នាត​តូច ​ជា​ពិសេស​ស្ត្រី​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា