ទុន​វិនិយោគ​ជិត​ ​១៧០​ ​លាន​ដុល្លារ​ ហូរ​ចូល​ខេត្ត​តាកែវ​ ក្នុង​រយៈពេល​ ​៧​ ​ខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទុន​វិនិយោគ​ជិត​ ​១៧០​ ​លាន​ដុល្លារ​ ហូរ​ចូល​ខេត្ត​តាកែវ​ ក្នុង​រយៈពេល​ ​៧​ ​ខែ

ទុន​វិនិយោគ​ជិត​ ​១៧០​ ​លាន​ដុល្លារ​ ហូរ​ចូល​ខេត្ត​តាកែវ​ ក្នុង​រយៈពេល​ ​៧​ ​ខែ

​តាកែវ​៖ ​ខេត្ត​តាកែវ​ទទួលបាន​គម្រោង​វិនិយោគ​សរុប​ចំនួន​ ​២៨​ ​ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​២០២៦​នេះ​ ​ដោយ​មាន​ទុន​វិនិយោគ​សរុប​ជិត ​១៧០​ ​លាន​ដុល្លារ​អាម៉េរិក​ និង​បង្កើត​តម្រូវការ​កម្លាំង​ពលកម្ម​ចំនួន​ ​១២,៣៣៧​ ​កន្លែង​។

Advertisement

​លោក​ ប៊ុន​ ​សម្បត្តិ​ ​នាយក​ទី​ចាត់ការ​អន្តរ​វិស័យ​ នៃ​រដ្ឋបាល​ខេត្ត​តាកែវ​ បាន​ថ្លែង​ប្រាប់​ថា​ ​ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំង​ ​២៨​ ​មាន​គម្រោង​ចំនួន​ ​១១​ ​ក្រុមហ៊ុន​ ​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​) ​និង​ ​១៧​ ​ក្រុមហ៊ុន​ ​ចុះបញ្ជី​នៅ​អនុគណៈកម្មាធិការ​វិនិយោគ​ខេត្ត​តាកែវ​ (​PMIC​)​។

​លោក​បាន​បញ្ជាក់​ថា​ ​ទុន​វិនិយោគ​សរុប​នៃ​គម្រោង​ទាំងអស់​មាន​ចំនួន​ ​១៦៨.៨២៦.៣៧០,៣១​ ​ដុល្លារ​អាម៉េរិក ​ដែល​ស្តែង​ឱ្យ​ឃើញ​ពី​ការ​កើនឡើង​នៃ​ទំនុកចិត្ត​របស់​វិនិយោគិន​ជាតិ​ ​និង​អន្តរជាតិ​ ​លើស​ក្ដានុពល​សេដ្ឋកិច្ច​ ទីតាំង​ភូមិសាស្ត្រ​ ​និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​តាកែវ​។

​តាមរយៈ​ការ​ហូរ​ចូល​នៃ​គម្រោង​វិនិយោគ​ទាំងនេះ​ ​ខេត្ត​តាកែវ​បាន​បង្កើត​តម្រូវការ​ប្រើប្រាស់​ពលកម្ម​សរុប​ចំនួន​ ​១២,៣៣៧​ ​កន្លែង​។ ​ការ​បង្កើត​ឱកាស​ការងារ​នៅក្នុង​មូលដ្ឋាន​នេះ​ ​ក៏​ត្រូវបាន​ចាត់ទុក​ថា​ ​ជា​កត្តា​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ការ​ចំណាកស្រុក​ ​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​ និង​លើកកម្ពស់​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។

​គម្រោង​វិនិយោគ​ទាំង​នេះ​ ​ផ្តោត​លើ​មុខ​សញ្ញា​ឧស្សាហកម្ម​ ​និង​ការ​កែច្នៃ​ចម្រុះ​ ​រួមមាន​ការ​ផលិត​ ​និង​កាត់ដេរ​សម្លៀកបំពាក់​ កាបូប​ វ៉ាលី​ស ​ស្រោម​ដៃ​ ​និង​ស្រោមជើង​ ការ​ដំឡើង​គ្រឿង​បង្គុំ​អេឡិចត្រូនិក​ បរិក្ខារ​អគ្គិសនី​បំភ្លឺ​ ​ការ​ផលិត​បរិក្ខារ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​ ​និង​គ្រឿង​តុបតែង​លម្អ​ជាដើម​។

​ការ​ហូរ​ចូល​នៃ​គម្រោង​វិនិយោគ​ទាំងនេះ​ ​បាន​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​មក​លើស​ក្ដានុពល​សេដ្ឋកិច្ច​ លក្ខខណ្ឌ​អំណោយផល​ និង​ការ​សម្រួល​នីតិវិធី​ផ្សេង​ៗ​ពី​អាជ្ញាធរ​ខេត្ត​តាកែវ​។

​កត្តា​សន្តិសុខ​ ​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ ​និង​កម្លាំង​ពលកម្ម​នៅក្នុង​ខេត្ត​ ​ក៏​បាន​ក្លាយជា​ចំណុច​ទាក់ទាញ​សំខាន់​សម្រាប់​រោងចក្រ ​សហគ្រាស​ និង​អាជីវកម្ម​ថ្មី​ៗ​ មក​បោះ​ទុន​វិនិយោគ​ជាបន្តបន្ទាប់​។

​ឯកឧត្តម​ វ៉ី ​សំណាង​ អភិបាល​ខេត្ត​តាកែវ​ ធ្លាប់​បាន​លើកឡើង​ថា​ ​ការ​ទាក់ទាញ​បាន​នូវ​រោងចក្រ ​និង​សហគ្រាស​ពី​ក្រៅ​ប្រទេស​មក​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ខេត្ត​តាកែវ​ គឺ​ដោយសារ​ខេត្ត​មាន​សក្ដានុពល​ជាច្រើន​ ​រួមមាន​កម្លាំង​ពលកម្ម​វ័យ​ក្មេង​ ទីតាំង​ភូមិសាស្ត្រ​ ​និង​ផ្លូវ​គមនាគមន៍​ដែល​មាន​សក្ដានុពល​។

​លោក​បាន​បន្ត​ថា​ ​ខេត្ត​តាកែវ​មាន​ការ​តភ្ជាប់​ជាមួយ​ផ្លូវ​ជាតិ​ធំ​ៗ​ ​ដូចជា​ ​ផ្លូវ​ជាតិ​លេខ​៣​ ​និង​ផ្លូវ​ជាតិ​លេខ​២​ ​ព្រមទាំង​មាន​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ ​និង​មាន​ទីតាំង​នៅជិត​ព្រលានយន្តហោះ​អន្តរជាតិ​តេជោ​។ ​នៅ​ថ្ងៃ​ខាងមុខ​ ​ខេត្ត​ក៏​នឹង​មាន​ការ​តភ្ជាប់​ជាមួយ​ព្រែក​ជីក​ហ្វូណ​ន ​ដែល​នឹង​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ដល់​ការ​ដឹកជញ្ជូន​ ​និង​ការ​ធ្វើ​ធុរកិច្ច​។

​ជាមួយនឹង​ទុន​វិនិយោគ​ជិត​ ​១៧០​ ​លាន​ដុល្លារ​ និង​ការ​បង្កើត​ការងារ​ជាង​ ​១២,០០០​ កន្លែង​ ក្នុង​រយៈពេល​ត្រឹមតែ​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​ ​ការ​វិនិយោគ​នៅ​ខេត្ត​តាកែវ​បាន​រួមចំណែក​ដល់​ការ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន​ ​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​ និង​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា