ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ​។

ថ្លែង​ក្នុង​វេទិកា​ថ្នាក់​ជាតិ​ស្តីពី​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​លើក​ទី​១ ​ឆ្នាំ​២០២៦ ​កាលពី​សប្តាហ៍​មុន​ ​ឯកឧត្តម​ ​អូន ព័ន្ធ​មុនី​រ័ត្ន​ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​មានប្រសាសន៍​ថា​ ​ក្នុង​បរិបទ​ដែល​សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់ រាជ​រដ្ឋាភិបាល​តែង​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការ​អភិវឌ្ឍ​ ​និង​ការ​គាំពារ​វិស័យ​ឯកជន ​ជាពិសេស​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​។

​ជាមួយគ្នា​នេះ​ ​រាជ​រដ្ឋាភិបាល​បាន​បង្កើត​ស្ថាប័ន​គាំទ្រ​សំខាន់​ៗ​ចំនួន​ ៨ ​បន្ថែម​លើ​គ្រឹះស្ថាន​ធនាគារ ​និង​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ឯកជន ​ដើម្បី​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​អាជីវកម្ម​។ ស្ថាប័ន​ទាំង​ ៨ ​រួម​មាន​ ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម​ ​ធនាគារ​សហគ្រាស​ធុន​តូច ​និង​មធ្យម​កម្ពុជា​ ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ ផ្សារ​មូលបត្រ​កម្ពុជា​ ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិន​ភាព​ ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ ​សហគ្រិន​ខ្មែរ ​និង​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី ​«​តេជោ​»​។

​លោក​បណ្ឌិត​ ឌុច ​ដារិន្ទ​ ​សេដ្ឋវិទូ ​បាន​លើកឡើង​ថា​ ​ហិរញ្ញប្បទាន​ទាំងនេះ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់​មួយ​របស់​ MSM​Es ​គឺ​ការ​ខ្វះ​លទ្ធភាព​ទទួល​បាន​ទុន​។ ​លោក​បញ្ជាក់​ថា​ ការ​ទទួល​បាន​ទុន​អាច​ជួយ​ឱ្យ​សហគ្រាស​ពង្រីក​ផលិតកម្ម​ ​ទិញ​បច្ចេកវិទ្យា​ ​បង្កើត​ការងារ​ ​និង​ពង្រីក​ទីផ្សារ​របស់​ខ្លួន​។

​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ ​អូន ព័ន្ធ​មុនី​រ័ត្ន​ ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​បាន​ផ្តល់​សំពៀត​ឥណទាន​សរុប​ប្រមាណ ​៥៣០ លាន​ដុល្លារ​អាម៉េរិក​ ​ដល់​ ​MSM​Es ​ក្រុមហ៊ុន​ ​សហគមន៍​កសិកម្ម ​និង​តួ​អង្គ​ពាក់ព័ន្ធ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម ​និង​កសិឧស្សាហកម្ម​។ ធនាគារ​នេះ​ក៏​បាន​ចូលរួម​ផ្តល់​ហិរញ្ញប្បទាន​បៃតង ​និង​ហិរញ្ញប្បទាន​ប្រកបដោយ​ចីរភាព​ ​ដើម្បី​គាំទ្រ​វិស័យ​កសិកម្ម ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​ តាមរយៈ​ការ​ផ្តល់​ឥណទាន​ដែល​មាន​អត្រា​ការប្រាក់​សមរម្យ​ ​និង​លក្ខខណ្ឌ​អនុគ្រោះ​។

​ដោយឡែក​ ​ធនាគារ​សហគ្រាស​ធុន​តូច ​និង​មធ្យម​កម្ពុជា​ ​(​SME Bank​)​ ​បាន​បញ្ចេញ​ហិរញ្ញប្បទាន​ផ្ទាល់ និង​តាមរយៈ​គម្រោង​សហហិរញ្ញប្បទាន​សរុប​ប្រមាណ​ ​៦៥០​ លាន​ដុល្លារ​អា​ម៉េរិក​ ​ជូន​ដល់​សហគ្រាស​ធុន​តូច ​និង​មធ្យម​ប្រមាណ ៤​,​០០០ ​ក្នុង​វិស័យ​អាទិភាព​នានា ស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

​ចំណែក​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ ​បាន​ផ្តល់​ការ​ធានា​ឥណទាន​ចំនួន​ ៩​,​៨៩១​ ​គណនី ​ដែល​មាន​ទំហំ​ឥណទាន​សរុប​ជិត ​៦០០ ​លាន​ដុល្លារ​អាម៉េរិក​។​ ​ក្នុង​ចំណោម​គណនី​ទាំងនេះ​ ​ប្រមាណ ​៩២​%​ ​ជា​គណនី​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដែល​បង្ហាញ​ពី​តួនាទី​របស់​យន្ត​ការ​ធានា​ឥណទាន​ក្នុង​ការ​ជួយ​ឱ្យ​អាជីវកម្ម​មាន​លទ្ធភាព​ទទួល​បាន​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។

​ក្រៅ​ពី​ឥណទាន​ ​និង​ការ​ធានា​ឥណទាន ​ផ្សារ​មូលបត្រ​កម្ពុជា​ក៏​បាន​បើក​លទ្ធភាព​ឱ្យ​សហគ្រាស​ធុន​តូច ​និង​មធ្យម​ប្រមូល​ទុន​តាមរយៈ​ទីផ្សារ​មូលបត្រ​កម្មសិទ្ធិ​ ​ដោយ​ផ្តល់​លក្ខខណ្ឌ​អំណោយ​ផល​តាមរយៈ​ទីផ្សារ​កំណើន​។ ទីផ្សារ​នេះ​តម្រូវឱ្យ​ក្រុមហ៊ុន​មាន​ដើមទុន​អប្បបរមា​ត្រឹម​ ​៥០ ម៉ឺន​ដុល្លារ​អាម៉េរិក​ ​និង​មាន​ប្រាក់​ចំណេញ​យ៉ាងតិច​មួយ​ឆ្នាំ​។ ​ជាក់ស្តែង​ ​មាន​ក្រុមហ៊ុន​ចំនួន​ ៣ ​បាន​ចុះ​បញ្ជី​ជួញដូរ​នៅក្នុង​ទីផ្សារ​នេះ​ ​ដោយ​ប្រមូល​ទុន​បាន​សរុប​ប្រមាណ​ ​១៤​ ​លាន​ដុល្លារ​អាម៉េរិក​។​

យោង​តាម​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ MSM​Es ​ត្រូវ​បាន​ចាត់ទុកជា​ ​«​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ​»​។ ​ជាក់ស្តែង​ ​តាម​ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ​២០២២ ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ ​សហគ្រាស​ទាំងនេះ​បាន​រួមចំណែក​ប្រមាណ​ ​៦៣​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​និង​ផ្តល់​ការងារ​ជូន​ប្រជាជន​លើស​ពី​ ​៧០​%​ ​ដោយ​មិន​រាប់បញ្ចូល​វិស័យ​កសិកម្ម​។

​ទោះជា​យ៉ាងណា ​លោក​បណ្ឌិត​ ឌុច ​ដារិន្ទ​ ​បាន​កត់សម្គាល់​ថា​ ​នៅ​មាន​ចំណុច​ខ្វះខាត​មួយចំនួន​ពាក់ព័ន្ធ​នឹង​តម្រូវការ​ហិរញ្ញប្បទាន ​និង​ការ​ទទួល​បាន​កម្ចី​របស់​ MSM​Es​។ ​លោក​បាន​ផ្តល់​អនុសាសន៍​ចំនួន​ ៣ រួម​មាន​ ​ការ​ពិចារណា​ឱ្យ​បាន​ប្រុងប្រយ័ត្ន​លើ​ការ​ធានា​ឥណទាន​ ការ​ធ្វើឱ្យ​នីតិវិធី​កាន់តែ​សាមញ្ញ ​និង​ការ​ពង្រឹង​ការ​បណ្តុះបណ្តាល​លើ​ផ្នែក​គណនេយ្យ​ ​ហិរញ្ញវត្ថុ​ ​បច្ចេកវិទ្យា ​និង​ការ​គ្រប់គ្រង​អាជីវកម្ម​។

ជា​ការ​ឆ្លើយតប​ ​ឯកឧត្តម ​អូន ព័ន្ធ​មុនី​រ័ត្ន ​បាន​បញ្ជាក់​ថា ​រាជ​រដ្ឋាភិបាល​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ធានា​និរន្តរភាព​ ប្រសិទ្ធភាព​ ​និង​ស័ក្តិ​សិទ្ធិ​ភាព​នៃ​យន្តការ​ហិរញ្ញប្បទាន​ទាំងនេះ ​ដើម្បី​ផ្តល់​ជម្រើស​ហិរញ្ញប្បទាន​ជា​ច្រើន​ដែល​សមស្រប​តាម​ប្រភេទ​អាជីវកម្ម​នីមួយ​ៗ​។ ​គោលដៅ​គឺ​ជួយ​ឱ្យ​សហគ្រាស​គ្រប់​ទំហំ​ ​និង​ធុរកិច្ច​ថ្មី​ ​មាន​លទ្ធភាព​ពង្រីក​អាជីវកម្ម ​និង​ពង្រឹង​តួនាទី​របស់​វិស័យ​ឯកជន​ក្នុង​ការ​គាំទ្រ​សេដ្ឋកិច្ច​ជាតិ​។

​ឯក​ឧត្តម​បាន​បន្ថែម​ថា​ ​ភាគី​ពាក់ព័ន្ធ​កំពុង​យកចិត្តទុកដាក់​អភិវឌ្ឍ​អេកូ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ ​និង​អេកូ​ប្រព័ន្ធ​ឌីជីថល ​សម្រាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ហិរញ្ញប្បទាន ​ដើម្បី​សម្រួល​ដល់​ការ​វាយតម្លៃ​ហានិភ័យ ​និង​បង្កើត​យន្ត​ការ​ផ្តល់​ហិរញ្ញប្បទាន​ដែល​មាន​ភាព​បត់បែន​ ​ប៉ុន្តែ​ប្រកបដោយ​ការ​ប្រុងប្រយ័ត្ន​។ យន្តការ​នេះ​នឹង​ជួយ​ជំរុញ​ការ​ផ្តល់​ឥណទាន​ក្នុង​អត្រា​ការប្រាក់​ទាប​សមរម្យ​ ​និង​រយៈពេល​សមស្រប​ ​តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​ដៃគូ ​ព្រមទាំង​ពង្រីក​បណ្តាញ​តួអង្គ​ពាក់ព័ន្ធ​ ​និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ឱ្យ​កាន់តែ​ទូលំទូលាយ​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា