ប្រាក់ចំណេញ​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បន្ត​កើនឡើង​ខ្ពស់​ក្នុ​ងត្រីមាសទី២ ឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រាក់ចំណេញ​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បន្ត​កើនឡើង​ខ្ពស់​ក្នុ​ងត្រីមាសទី២ ឆ្នាំនេះ

ប្រាក់ចំណេញ​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បន្ត​កើនឡើង​ខ្ពស់​ក្នុ​ងត្រីមាសទី២ ឆ្នាំនេះ

ភ្នំពេញ ៖ ក្នុងត្រីមាស​ទី២ ឆ្នាំ២០២៦​នេះ អាជីវកម្ម​របស់កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ នៅតែមានភាពប្រសើរ​ទោះបីជាមានផលរំខានពីកត្តា​ខាងក្រៅមួយចំនួនក្តី ជាក់ស្ដែង ​ប្រាក់ចំណូល​របស់កំពង់​ផែស្វយ័តក្រុងព្រះសីហនុ​ ក្នុងត្រីមាសទី២ឆ្នាំនេះ សម្រេច​បានចំនួន​ជាង​ ២០០ពាន់​លានរៀល​ ឬប្រមាណជាង ​៥០លាន​ដុល្លារអាម៉េរិក​​ ។ នេះបើតាមរបាយការណ៍របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ចេញផ្សាយប្រចាំត្រីមាស​ ។

យោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​នៅក្នុង​ត្រីមាសទី២ ឆ្នាំ ២០២៦​ មានចំនួនជាង​ ៤២០​ពាន់ ​TEUs កើនឡើង ​៣២,៦៤ភាគរយ ធ្វើឱ្យចំណូល​ពីអាជីវកម្ម​សរុប​មានចំនួនជាង​ ២០០លាន​រៀល ឬប្រមាណជាង​ ៥០លានដុល្លារអាម៉េរិក​កើនឡើង ​៣៦,២១​ភាគរយ​ ។ សម្រាប់ប្រាក់ចំណេញ​សុទ្ធ​ក្រោយបង់ពន្ធ​រួច មានចំនួនជាង​៥៦ពាន់​លានរៀល ឬស្មើ​ប្រមាណ ១៤លានដុល្លារអាម៉េរិក​ កើនឡើង​ប្រមាណ ​២១៧,៨៥ភាគរយ ធៀបនឹង​ត្រីមាសទី២ ឆ្នាំ២០២៥​ ។​

របាយការណ៍នេះក៏បានបង្ហាញថា នៅក្នុងត្រីមាសទី២នេះដែរ ចំនួន​នាវា​ឆ្លង​កាត់​​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ មានចំនួន ​៤៩២​គ្រឿង កើនឡើង​ ៨,៣៧ភាគរយ និង​ចំណុះផ្ទុក​នាវា​មានចំនួន ៧,៩៧​លានតោន​ កើនឡើង​២៩,៤៤ភាគរយ​ ។ ស្ថិតិនេះ​បង្ហាញឱ្យឃើញពីនិន្នាការ​នាវាចូលចត​ផែកាន់តែមានទំហំធំ ជម្រៅ​ទឹក​ ធ្វើឱ្យថ្លៃដឹកជញ្ជូន​សមុទ្រ​កាន់តែមានភាពប្រកួត​ប្រជែង និងភាពទាក់ទាញ​នៃការ​វិនិយោគផ្សេង ។

ឯកឧត្តម លូ គឹមឈន់​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល​បន្ទុកជា​ប្រធាន​អគ្គនាយ​ក​នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានថ្លែងថា ជាមោទនភាព និងកិត្តិយស​ដ៏ធំធេង ទោះបីស្ថិតនៅក្នុងកាលៈទេសៈប្រតិបត្តិការ​មានការ​មមាញឹក​ខ្លាំង និងលើសពីសមត្ថភាព កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេច​បានកំណើន​បរិមាណ​កុងតឺន៍រ​ឆ្លតកាត់​ខ្ពស់កាលពីឆ្នាំមុន​​ និង​បន្តកើនឡើង​សម្រាប់ឆមាស​ទី១ឆ្នាំ ២០២៦នេះ ។

ឯកឧត្តមមានប្រសាសន៍បន្តថា កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ មានមោទនភាព​ដែលបានដើរ​តួនាទីជាច្រក​ទ្វារ​នាំទំនិញចេញ-ចូល​ ជួយជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ និងកំពុងអភិវឌ្ឍខ្លួន​ស្រ​បតាមចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍​ផែនការមេ ដើម្បីប្រែក្លាយ​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ទៅជា​កំពង់ផែតំបន់ និងមជ្ឈមណ្ឌល​ឡូជីស្ទិក ជាទស្សនវិស័យដ៏ឈ្លាសវៃបំផុត​របស់រាជរដ្ឋាភិបាលកម្ពុជា​ និងគាំទ្រ​ដោយរាជរដ្ឋាភិបាល ។

ឯកឧត្តម​បន្ថែមថា ៖

«ដើម្បីសម្រេច​បាននូវ​ទស្សនវិស័យនេះ ក៏ដូចជា​ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ ក្លាយជា​ប្រទេស​មានចំណូល​ខ្ពស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្ដេជ្ញា​លើកកម្ពស់​គុណភាពសេវាកម្ម​ ដោយបង្កើន​ការ​ប្រើប្រាស់បរិវត្តកម្ម​ឌីជីថល និងជំរុញការ​តភ្ជាប់ ដើម្បីប្រែក្លាយទៅជាច្រកទ្វារ​ដ៏ចម្បង​សម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញ​វិនិយោគិននៅកម្ពុជា»។

លោក​ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគម​ភស្តុភារកម្ម​កម្ពុជា ​បានមានប្រសាសន៍ថា កំពង់ផែក្រុងព្រះសីហនុ ជា​កំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ​ហើយបច្ចុប្បន្ន​នេះ ការធ្វើពាណិជ្ជកម្មអន្តរជាតិ​តាមផ្លូវទឹក​ត្រូវពឹងផ្អែកស្ទើរ​ទាំងស្រុង​លើ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។​

លោកឧកញ៉ា​បន្តថា ចាប់តាំងពីកម្ពុជា​មានបញ្ហា​ជាមួយប្រទេសថៃ​ ហើយឈានដល់ការ​បិទព្រំដែន រាល់ទំនិញចាំបាច់​ដែលត្រូវ​នាំចូលពីថៃ ត្រូវដឹកជញ្ជូន​តាមផ្លូវទឹក ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅពេលមានសង្គ្រាម​នៅតំបន់​មជ្ឈិមបូព៌ា​ បានធ្វើឱ្យ​ទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ​មានភាពមមាញឹក​ជាងសព្វដង ​រហូតដល់ទំនិញខ្លះត្រូវ​កកស្ទះជាច្រើនថ្ងៃទៀតផង ប៉ុន្តែមកដល់ពេលនេះ ហាក់បានធូរ​ស្រាលបន្តិចឡើងវិញហើយ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា