គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

ភ្នំពេញ៖ គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា។

គណៈកម្មាធិការនេះមានសមាសភាពសរុប ៣១រូប រួមមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងចំនួន ១៥ និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

អ្នកឧកញ៉ា សំ សុខនឿន អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា ការបង្កើតគណៈកម្មាធិការនេះ គឺជាចំណុចចាប់ផ្ដើមសម្រាប់បើកទំព័រថ្មីក្នុងការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

អ្នកឧកញ៉ា បានឱ្យដឹងថា គណៈកម្មាធិការនឹងជួយសម្រួលនីតិវិធីផ្លូវច្បាប់ និងគតិយុត្តពាក់ព័ន្ធនឹងវិស័យ MSME ដើម្បីឱ្យដំណើរការចុះបញ្ជីរបស់សហគ្រិនកាន់តែលឿន និងងាយស្រួលជាងមុន ព្រមទាំងលើកទឹកចិត្តឱ្យមានការបង្កើត និងពង្រីកអាជីវកម្មកាន់តែច្រើន។

អ្នកឧកញ៉ា សំ សុខនឿន បន្តថា នៅពេលវិស័យ SME មានការរីកចម្រើន វានឹងរួមចំណែកកាន់តែច្រើនដល់ការផលិត និងការផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស។

អ្នកឧកញ៉ា បញ្ជាក់ថា ដើម្បីឱ្យផលិតផលក្នុងស្រុកអាចប្រកួតប្រជែងជាមួយផលិតផលបរទេស សហគ្រិនគួរតែចុះបញ្ជីសហគ្រាស និងចុះបញ្ជីផលិតផលឱ្យបានត្រឹមត្រូវ។ ដូច្នេះ គណៈកម្មាធិការថ្មីនេះនឹងជួយសម្រួលដល់សហគ្រិនឱ្យអាចចូលក្នុងប្រព័ន្ធ និងបំពេញនីតិវិធីចុះបញ្ជីបានកាន់តែច្រើន។

អ្នកឧកញ៉ា បន្ថែមថា សហគ្រិនដែលបានចុះបញ្ជីត្រឹមត្រូវ ក៏មានឱកាសទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរាជរដ្ឋាភិបាល ឬធនាគារពាណិជ្ជជាដៃគូ ដែលអាចជួយឱ្យពួកគេពង្រីកសហគ្រាស និងអាជីវកម្មរបស់ខ្លួនឱ្យកាន់តែធំ។

ទន្ទឹមនេះ ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ធញ្ញជាតិមួយកន្លែងនៅរាជធានីភ្នំពេញ បានប្រាប់បណ្ដាញ AMS ថា ការសម្រួលនីតិវិធី និងកាត់បន្ថយភាពស្មុគស្មាញរបស់រាជរដ្ឋាភិបាល អាចជំរុញឱ្យសហគ្រិនក្នុងស្រុកចុះបញ្ជីអាជីវកម្មស្របច្បាប់បានកាន់តែច្រើន។

អ្នកស្រី ជា សារឹម ម្ចាស់សិប្បកម្មដៃមាស កែច្នៃគ្រាប់ធញ្ញជាតិនៅរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកស្រីមានបំណងចង់ចុះបញ្ជី និងចូលក្នុងប្រព័ន្ធវិស័យសហគ្រាសធុនតូច និងមធ្យម ប៉ុន្តែកន្លងមក ដំណើរការចុះបញ្ជីមានភាពស្មុគស្មាញ ដោយតម្រូវឱ្យទៅកាន់ស្ថាប័នជាច្រើន។

អ្នកស្រីបានសម្តែងការរីករាយចំពោះការបង្កើតគណៈកម្មាធិការសម្រាប់វិស័យ SME និងគាំទ្រការលើកឡើងរបស់សម្ដេចធិបតីនាពេលកន្លងមក ស្តីពីការកាត់បន្ថយភាពស្មុគស្មាញសម្រាប់សហគ្រិន។

អ្នកស្រីបញ្ជាក់ថា នឹងចុះបញ្ជីសហគ្រាស និងផលិតផលឱ្យបានស្របច្បាប់ ដើម្បីអាចប្រកួតប្រជែងជាមួយផលិតផលបរទេស ព្រមទាំងមានបំណងពង្រីកសហគ្រាសឱ្យកាន់តែធំ ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

យោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣.៦៧០ មូលដ្ឋាន ក្នុងនោះសហគ្រាសធុនតូច និងមធ្យមមានចំនួនជាង ៦០.៥០០ មូលដ្ឋាន។ វិស័យនេះផ្តល់ការងារដល់ប្រជាពលរដ្ឋជិត ៣លាននាក់ រួមចំណែកប្រមាណ ៦៣ភាគរយនៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារជាង ៧០ភាគរយនៃការងារក្រៅវិស័យកសិកម្ម ដែលបង្ហាញពីតួនាទីសំខាន់របស់ MSME ក្នុងសេដ្ឋកិច្ចជាតិ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា