ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

បរទេស​៖​ ​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ​។ ​នេះ​បើ​យោង​តាម​សារព័ត៌មាន​ ​Bangkok​ ​Post​។

Advertisement

​ពន្ធ​ថ្មី​នេះ​ត្រូវបាន​រំពឹង​ថា​នឹង​ប៉ះពាល់​ដល់​វិស័យ​សំខាន់​ៗ​របស់​ថៃ​ ​ដូចជា​ ​ចំណី​សត្វ ​អាហារ​កែច្នៃ​ ​ភេសជ្ជៈ​ ​និង​ឧបករណ៍​អេឡិចត្រូនិក​។ ​ទោះជា​យ៉ាងណា ​ផលិតផល​មួយចំនួន​ ​ដូចជា​ ​ប្រេង​ ​ឧស្ម័ន​ធម្មជាតិ​ ​និង​រថយន្ត​ ​ត្រូវបាន​លើកលែង​ពី​ពន្ធ​នេះ​។

​ការ​វិវត្ត​នេះ​កើតឡើង​ ​ខណៈ​ការ​នាំចេញ​របស់​ថៃ​បាន​កើនឡើង​ ​២០.៨​ ​ភាគរយ​នៅក្នុង​ខែមិថុនា​ ​បើ​ធៀប​នឹង​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​ ​២០២៥​។ ​ទោះបីជា​លទ្ធផល​នៃ​ការ​នាំចេញ​បង្ហាញ​ពី​ភាព​រឹងមាំ​ក៏ដោយ​ ​អ្នកជំនាញ​បាន​ព្រមាន​អំពី​ហានិភ័យ​ ដែល​បណ្តាល​មកពី​ការ​កើនឡើង​អតិរេក​ពាណិជ្ជកម្ម​របស់​ថៃ​ជាមួយ​អាម៉េរិក​ និង​លទ្ធភាព​នៃ​ការ​ដាក់​ពន្ធ​បន្ថែម​ទៀត​។​

ក្រុមហ៊ុន​ ​Asia​ ​Plus​ ​Securities​ ​(​ASPS​) ​បាន​ព្រមាន​ថា​ ​ពន្ធ​គយ ​១២.៥​ ​ភាគរយ​របស់​អាម៉េរិក​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ប្រកួតប្រជែង​របស់​ថៃ​ក្នុង​ការ​នាំចេញ​ ​និង​បន្ថែម​សម្ពាធ​លើ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ​។

​លោក​ ​Therdsak​ ​Taveeteeratham​ ​អនុ​ប្រធាន​ប្រតិបត្តិ​នៃ​ ​ASPS​ ​បាន​លើកឡើង​ថា​ វិស័យ​នាំចេញ​កំពុង​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​កាន់តែ​ខ្លាំង​ បន្ទាប់ពី​អាម៉េរិក​ដាក់​ពន្ធ​ថ្មី​ក្រោម​វិធានការ​ពាណិជ្ជកម្ម​មាត្រា​ ​៣០១​។ ​លោក​បាន​ព្រមាន​ថា​ ​វិធានការ​នេះ​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ប្រកួតប្រជែង​របស់​ថៃ​នៅក្នុង​ទីផ្សារ​នាំចេញ​សំខាន់​ៗ​ ​ទោះបីជា​លទ្ធផល​នៃ​ការ​នាំចេញ​នៅតែ​បង្ហាញ​ពី​ភាព​រឹងមាំ​ក៏ដោយ​។

​អត្រា​ពន្ធ ​១២.៥​ ​ភាគរយ​នេះ​ ​ក៏​ខ្ពស់​ជាង​អត្រា​ ​១០​ ​ភាគរយ​ដែល​អាម៉េរិក​បាន​ដាក់​លើ​ប្រទេស​ជិតខាង​មួយចំនួន​ក្នុង​តំបន់​ ​ដូចជា​ ​ហ្វីលីពីន ​និង​ម៉ាឡេស៊ី​។

​ជាមួយគ្នា​នេះ​ អតិរេក​ពាណិជ្ជកម្ម​របស់​ថៃ​ជាមួយ​អាម៉េរិក​កំពុង​កើនឡើង​ ​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ដាក់​សម្ពាធ​ពាណិជ្ជកម្ម​បន្ថែម​ពី​ទីក្រុង​វ៉ាស៊ីនតោន​។​

​ASPS​ ​បាន​គូសបញ្ជាក់​ថា​ ​ការ​កើនឡើង​នៃ​អតិរេក​ពាណិជ្ជកម្ម​នេះ​ តម្រូវឱ្យ​ថៃ​មាន​ការ​ប្រុងប្រយ័ត្ន​កាន់តែ​ខ្លាំង​ ​ដោយសារ​អាម៉េរិក​អាច​ពិចារណា​ដាក់​ពន្ធ​បន្ថែម​ពាក់ព័ន្ធ​នឹង​បញ្ហា​សមត្ថភាព​ផលិត​លើស​ប្រមាណ​ ​ដែល​អាច​បង្កើន​សម្ពាធ​លើ​វិស័យ​ដឹកជញ្ជូន​ ​និង​ការ​នាំចេញ​ទំនិញ​របស់​ថៃ​។

​ASPS​ ​ក៏​បាន​ណែនាំ​ដល់​វិនិយោគិន​ឱ្យ​បន្ត​តាមដាន​យ៉ាង​ដិតដល់​លើ​បញ្ហា​សមត្ថភាព​ផលិត​លើស​ប្រមាណ​ ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​មិន​ទាន់​បាន​ប្រកាស​នៅឡើយ​ ​ប៉ុន្តែ​អាច​ក្លាយជា​ឧបសគ្គ​បន្ថែម​សម្រាប់​សេដ្ឋកិច្ច​ថៃ​ ​ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​នាំចេញ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា