សម្ដេចធិបតី អនុម័តជួសជុល លើកកម្ពស់គុណភាពផ្លូវ​ ៧ខ្សែ បន្ថែម​លើ​ផ្លូវ ២១ខ្សែ សម្រាប់អ្នកខេត្ដបាត់ដំបង ទុកជាកាដូឆ្នាំថ្មី២០២៧​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី អនុម័តជួសជុល លើកកម្ពស់គុណភាពផ្លូវ​ ៧ខ្សែ បន្ថែម​លើ​ផ្លូវ ២១ខ្សែ សម្រាប់អ្នកខេត្ដបាត់ដំបង ទុកជាកាដូឆ្នាំថ្មី២០២៧​

សម្ដេចធិបតី អនុម័តជួសជុល លើកកម្ពស់គុណភាពផ្លូវ​ ៧ខ្សែ បន្ថែម​លើ​ផ្លូវ ២១ខ្សែ សម្រាប់អ្នកខេត្ដបាត់ដំបង ទុកជាកាដូឆ្នាំថ្មី២០២៧​

បាត់ដំបង៖ រាជរដ្ឋាភិបាលកម្ពុជា បាន​អនុម័ត​គម្រោងជួសជុល​ផ្លូវ​បន្ថែមចំនួន ៧ខ្សែ ក្រាល​កៅស៊ូ DBST ប្រវែងសរុប ១១គីឡូម៉ែត្រ ដោយ​ប្រើ​ថវិកាជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បីសម្រួល​ដល់​​អាជីវករ ពលរដ្ឋ​រស់នៅ និង​ធ្វើ​ដំណើរ​តាម​ផ្លូវ​សំខាន់ៗក្នុង​ក្រុង​បាត់ដំបង។ ស្ថិត​ក្នុង​ដំណើរ​ការអនុវត្ដ​គម្រោង​នេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់​ថា ប្រព័ន្ធ​លូត្រូវ​រៀបចំធ្វើជាស្រេចដំណាល​គ្នា​នឹង​ការស្ថាបនា​ផ្លូវ​តែម្ដង ដើម្បី​បញ្ចៀស​ពាក្យថា «ដាក់លូកាយផ្លូវ កាយផ្លូវដាក់លូ»។

ថ្លែង​ក្នុងពិធី​ចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្ដ​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែតុលា នេះ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កាដូ​ឆ្នាំ​ថ្មី២០២៧ សម្រាប់​អ្នក​ខេត្ដ​បាត់ដំបង គឺចាប់​ផ្ដើម​ពីទទួល​បាន​ផ្លូវ​ល្អ​ជាបណ្ដើៗ​ក្រោយពលរដ្ឋរង​ផលប៉ះទង្គិច​ផ្លូវ​ចិត្ដ​រឿង​សង្គ្រាម​ថៃ​ទម្លាក់គ្រាប់ និង​ទឹកជំនន់​បំផ្លាញ​ផ្លូវមួយចំនួន​ពេល​ថ្មីៗ​នេះ។

តាម​រយៈ​គម្រោង​ថ្មី​នេះ ប្រព័ន្ធលូ និង​ផ្លូវ​មួយចំនួន​បាន​ធ្វើរួច តែ​គ្រោះ​ទឹកជំនន់​បាន​ជះផល​ប៉ះពាល់​ ទាំង​ដំណាំស្រូវ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្លះ​ដែល​ត្រូវ​ស្ដារ​ឡើងវិញ​ចាប់​ពីរដូវ​ទឹកស្រក ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៦ ​តទៅ។ នេះ​គ្រាន់​តែ​ជា​គម្រោង​បន្ថែម​ពី​លើ​គម្រោង​ធំមួយ​ទៀត​ដែលស្ថាបនា​ផ្លូវ​ចំនួន ២១ខ្សែ ដោយ​ក្រសួងសាធារណៈការ ក្រោម​កម្ចី​ឥណទានរបស់​​ធនាគារអភិវឌ្ឍអាស៊ី(ADB)​​ អនុវត្ដចាប់​ពី​ឆ្នាំ​២០១៩ ដល់ឆ្នាំ២០២៦។

បើ​តាម​សម្ដេច​ធិបតី គម្រោង​ធំ​នេះ បាន​ឈាន​ដល់​ដំណាក់កាលដេញ​ថ្លៃ​ចុងក្រោយ ដើម្បី​​ធ្វើ​ផ្លូវ​ អ៊ុតកៅស៊ូ​លើកំណាត់​​ផ្លូវសំខាន់ៗ បន្ទាប់​ពីសម្រេច​បាន​ ​២ជំហានធំៗ​រួច​ហើយ គឺកសាង​អាង​​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់ និង​ទីតាំង​ចាក់សំរាម។ ផ្លូវ​ដែល​ត្រូវជួសជុល​បន្ថែម និង​ដោយ​គម្រោង​របស់ ADB​  សរុប​ឡើង​ដល់ ២៨ខ្សែ នេះ ត្រូវ​អនុវត្ដ​​ភ្លាមៗ​ចាប់​ពី​ខែវិច្ឆិកា ដាច់​ទឹកភ្លៀង​តទៅ ហើយ​​ពលរដ្ឋ​នឹង​ទទួល​បាន​កាដូ​នេះ​បណ្ដើៗ មុន​ឆ្នាំ​ថ្មី​ចូល​មក។​

​អភិបាល​ខេត្ដបាត់ដំបង​ ឯកឧត្ដម សុខ លូ បាន​បញ្ជាក់​តាមរយៈបណ្ដាញសារព័ត៌មាន AMS ថា ផ្លូវ​ដែល​អនុម័ត​ធ្វើ​បន្ថែម​នេះ គឺ​ស្ថិតនៅ​ក្នុង​ក្រុង​ទាំង​អស់ ហើយ​មិនមែន​ជា​តម្រាយ​ផ្លូវ​ថ្មី​នោះ​ទេ គឺ​ជា​ផ្លូវ​ចាស់ត្រូវស្ដារ​​ឡើង​វិញ។ ដោយឡែក ផ្លូវ​ទាំង ២៨ខ្សែ នឹង​ធ្វើ​រួចរាល់ ១០០% ​នៅ​ចុង​ឆ្នាំ​២០២៦ ឬ​ដើម​ឆ្នាំ​២០២៧ បង្កើត​ជា​ផ្លូវ​ដ៏ស្អាត ងាយ​ស្រួលសម្រាប់​ពលរដ្ឋ​រស់នៅ លក់ដូរ និង​ធ្វើ​ដំណើរ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ-អន្ដរជាតិឱ្យ​មកកម្សាន្ដ​នៅក្នុង​បាត់ដំបង​កាន់​តែច្រើនដែរ។

បើ​តាម​ឯកឧត្ដម​អភិបាល​ខេត្ដ អតីតកាល​នៃ​ផ្លូវ​ទាំង ២៨ខ្សែនេះ មាន​សភាព​ទ្រុឌទ្រោម ពិបាក​ធ្វើ​ដំណើរ​ខ្លាំង ដោយ​ខែវស្សារអិល មានភក់ជ្រាំ រីឯខែប្រាំងវិញ ហុយ​ពិបាក​​ទាំង​អ្នក​ធ្វើ​ដំណើរ និង​អ្នករស់នៅ​អមសងខាង​ផ្លូវ។ ប៉ុន្ដែ​អាជ្ញាធរតែង​តែ​បាញ់​ទឹក ជួសជុល​ផ្លូវ​ទាំង​នេះ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​បណ្ដោះ​អាសន្ន ខណៈ​ដែល​គម្រោង​ស្ថាបនា​​ ​បាន​អនុវត្ដចប់ជា​ជំហានៗ។ ចំពោះឯកឧត្ដម​ផ្ទាល់ ក៏ដូច​ជា​ពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង ​បាន​បង្ហាញ​ការសាទរ និង​សប្បាយ​​រីករាយ ក្រោយ​ពី​មាន​ប្រសាសន៍​បញ្ជាក់​របស់សម្ដេច​ធិបតី​​ជុំវិញ​គម្រោង​ជួសជុល​ផ្លូវ​ក្នុង​ក្រុង ខណៈ​ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏​កំពុង​ខ្នះខ្នែង​លើ​រឿង​នេះ៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា