ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ភ្នំពេញ​៖​ ​គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់​។

Advertisement

​បើ​តាម​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង​៤​ ​នៅ​ភូមិភាគ​ឦសាន ​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​នេះ​ ត្រូវបាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៩​ ​ខែមេសា ​ឆ្នាំ​២០២៥​ ​ដោយ​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ក្នុង​គោលបំណង​ប្រែក្លាយ​ភូមិភាគ​ឦសាន​ជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​ដែល​មាន​សក្ដានុពល​។

​កម្មវិធី​នេះ​ផ្តោត​លើ​វិស័យ​អាទិភាព​ចំនួន​៣​ ​គឺ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដោយ​ផ្តល់​ការ​គាំទ្រ​ពិសេស​តាមរយៈ​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធ​ ​និង​អាករ ​ការ​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​អត្រា​ការ​ប្រាក់​សមរម្យ​ ​និង​ការ​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​។

​ជាមួយគ្នា​នេះ​ ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង​៤​ ​និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ​ក៏​មាន​តួនាទី​សម្របសម្រួល​ពិសេស ​ដើម្បី​ជួយ​សម្រួល​ដល់​វិនិយោគិន ​និង​ធុរ​ជន​ដែល​មាន​បំណង​ចូលមក​បណ្ដាក់ទុន​ក្នុង​តំបន់​។

​កាលពី​ថ្ងៃទី​១០​ ​ខែសីហា ​ឆ្នាំ​២០២៦​ ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​បាន​ពិភាក្សា​ត្រង់​ទៅ​ត្រង់​មក​ជាមួយ​ធុរ​ជន​ក្នុង​ខេត្ត​មណ្ឌលគិរី ​ដើម្បី​ជំរុញ​ការ​អនុវត្ត​កម្មវិធី​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​ឆ្នាំ​២០២៥​-​២០២៨​ ​និង​លើកស្ទួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​។

​នៅក្នុង​កិច្ចពិភាក្សា​នោះ​ ​ឯកឧត្តម​ ហ៊ាន​ សាហ៊ីប ​ប្រធាន​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​បាន​មានប្រសាសន៍​ថា​ ​សម្រាប់​សកម្មភាព​ធុរកិច្ច​ដែល​កំពុង​ដំណើរការ​នៅក្នុង​ខេត្ត​ទាំង​៤​ ​ប៉ុន្តែ​មិន​ទាន់​បាន​ចុះបញ្ជី​ពន្ធដារ ​អាច​ចុះបញ្ជី​ពន្ធដារ​ដោយ​ស្ម័គ្រចិត្ត​រហូតដល់​ដំណាច់​ឆ្នាំ​២០២៦​។

​តាម​ការ​បញ្ជាក់​នេះ​ ​អាជីវកម្ម​ដែល​ចុះបញ្ជី​ក្នុង​អំឡុង​ពេល​កំណត់​ ​នឹង​ទទួលបាន​ការ​លើកលែង​ពិន័យ​ទោសទណ្ឌ​ ​បំណុល​ពន្ធ​ ​និង​ការ​ផាកពិន័យ​ជា​ប្រាក់​ ​ចំពោះ​ការ​មិន​បាន​បំពេញ​អនុលោម​ភាព​កន្លងមក​។

​វិធានការ​នេះ​ត្រូវបាន​ដាក់ចេញ​ក្នុង​គោលបំណង​សម្រួល​ដល់​សកម្មភាព​អាជីវកម្ម​ដែល​កំពុង​ដំណើរការ​នៅក្នុង​តំបន់​ ​និង​ជំរុញ​ឱ្យ​ធុរ​ជន​ចូលមក​ក្នុង​ប្រព័ន្ធ​ផ្លូវការ​។

​លោក​ ឌុក ​ពិសិដ្ឋ​ ​ប្រធាន​សមាគម​កាហ្វេ​កម្ពុជា​ ​និង​ជា​ម្ចាស់​រី​សត ​PIDA​ ​Coffee​ ​Farm​ ​Lodge​ ​បាន​មានប្រសាសន៍​ថា​ ​កម្មវិធី​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​បាន​និង​កំពុង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​វិនិយោគិន ​និង​ធុរ​ជន​នៅក្នុង​តំបន់​។

​លោក​បាន​លើកឡើង​ថា​ ​ក្នុង​នាមជា​អ្នកវិនិយោគ​លើ​ដំណាំ​កាហ្វេ​ ​និង​ជា​អ្នក​កែច្នៃ​កាហ្វេ​នៅក្នុង​ខេត្ត​មណ្ឌលគិរី ​លោក​បាន​ទទួល​ការ​លើកលែង​ពន្ធ​ពី​រាជ​រដ្ឋាភិបាល​រហូតដល់​ ​១២​ឆ្នាំ​។

​ការ​លើកលែង​នេះ​រួមមាន​ ​ពន្ធ​លើ​ប្រាក់​ចំណេញ​ ​ពន្ធ​លើ​ប្រាក់ខែ​បុគ្គលិក​ និង​ពន្ធ​លើ​ការ​នាំចូល​គ្រឿង​ម៉ាស៊ីន​ផ្សេង​ៗ​ ​ដើម្បី​យកមក​ដំណើរការ​នៅក្នុង​សិប្បកម្ម​កែច្នៃ​កាហ្វេ​។

​លោក​ ឌុក ​ពិសិដ្ឋ ​ក៏​បាន​អំពាវនាវ​ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ដែល​មាន​បំណង​ចូលមក​បណ្ដាក់ទុន​នៅ​ភូមិភាគ​ឦសាន ​ឱ្យ​រួសរាន់​ចុះបញ្ជី​ក្រុមហ៊ុន​ ​និង​ចាប់ផ្តើម​ដំណើរការ​វិនិយោគ​ ​និង​អាជីវកម្ម​ ​ក្នុង​អំឡុង​ពេល​ដែល​រាជ​រដ្ឋាភិបាល​កំពុង​ផ្តល់​ការ​លើកទឹកចិត្ត​ពិសេស​។

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​មណ្ឌលគិរី ​រតនគិរី​ ​ក្រចេះ​ ​និង​ស្ទឹងត្រែង​ ត្រូវបាន​កំណត់​ជា​តំបន់​គោលដៅ​សម្រាប់​ការ​ជំរុញ​ការ​វិនិយោគ ​តាមរយៈ​ការ​ផ្តោត​លើ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ ​និង​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​តំបន់​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា