តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

បរទេស៖ តម្លៃប្រេងឆៅសាកលបានធ្លាក់ចុះបន្តិចនៅថ្ងៃចុងសប្ដាហ៍នេះបន្ទាប់ពី លោក ដូណាល់ ត្រាំ បានអះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោតពាក់កណ្តាលអាណត្តិនាដើមខែវិច្ឆិកានោះទេ ។

តារាតម្លៃប្រេងឆៅសាកល Brent បានបង្ហាញពីការធ្លាក់ចុះ ០,៧ ភាគរយ មកនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។ ​ចំពោះ​ទីផ្សារ​កម្ពុជា​ តម្លៃ​ប្រេង​ក្នុង​ស្រុក​មិន​ឡើង​ចុះ​ស្រប​តាម​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ភ្លាម​ៗ​នោះ​ទេ​ ​ព្រោះ​កម្ពុជា​មិន​បាន​នាំចូល​ប្រេង​ឆៅ​សុទ្ធ​មក​ប្រើប្រាស់​ដោយ​ផ្ទាល់​ឡើយ​ ​ប៉ុន្តែ​នាំចូល​ផលិតផល​ប្រេង​ដែល​បាន​ចម្រាញ់​រួច ​ដូចជា​ សាំង ​និង​ម៉ាស៊ូត​។ ​លើស​ពី​នេះ​ ​ស្ថានីយ​ប្រេង​ក្នុង​ស្រុក​តែង​មាន​ស្តុក​ប្រេង​ដែល​បាន​ទិញ​ទុក​មុន​ ​ដូច្នេះ​តម្លៃ​លក់​រាយ​ត្រូវ​រង់ចាំ​ការ​បោសសម្អាត​ស្តុក​ចាស់​ ​និង​គិត​គូរ​ពី​ថ្លៃ​ដើម​ដឹកជញ្ជូន​បន្ថែម ​ដែល​ធ្វើឱ្យ​តម្លៃ​ប្រេង​ក្នុង​ស្រុក​មាន​ស្ថិរ​ភាព​ជាង​ការ​ប្រែប្រួល​នៅ​ទីផ្សារ​ពិភពលោក​។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា វ៉ាស៊ីនតោន កំពុងមានកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយទីក្រុងតេអេរ៉ង់ ហើយគ្មានផែនការវាយប្រហារណាមួយមុនការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកានោះទេ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោក Abbas Araqchi ក៏បានឱ្យដឹងដែរថា ភាគីអុីរ៉ង់ កំពុងពិនិត្យមើលការឆ្លើយតបរបស់អាម៉េរិកចំពោះសំណើដែលខ្លួនសុំបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេល ៧ ថ្ងៃ។ ទោះជាយ៉ាងណាក្តី អាម៉េរិកនៅតែបន្តដាក់សម្ពាធសេដ្ឋកិច្ចលើអុីរ៉ង់ ដោយទើបតែដាក់ទណ្ឌកម្មថ្មីលើបុគ្គល បណ្តាញ និងនាវាដឹកជញ្ជូនចំនួន ១៧ គ្រឿង ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេង និងផលិតផលគីមីរបស់អុីរ៉ង់។

ជាការកត់សម្គាល់ នៅក្នុងសប្តាហ៍នេះ ទីផ្សារប្រេងឆៅមានប្រែប្រួលខ្លាំង ដោយសារការគំរាមកំហែងលើការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលធ្លាប់គ្របដណ្តប់ប្រមាណ ២០ ភាគរយនៃប្រេងពិភពលោក។ តម្លៃប្រេង Brent ឡើងថ្លៃ ៤ ភាគរយប្រចាំសប្តាហ៍នេះ។ បន្ថែមពីនេះ ទីផ្សារក៏កំពុងប្រឈមនឹងផលប៉ះពាល់ពីព្យុះ Isaias នៅឈូងសមុទ្រម៉ិកស៊ិក ដែលបានបង្ខំឱ្យក្រុមហ៊ុនផលិតប្រេងផ្អាកការផលិតប្រមាណ ១,៣ លានបារ៉ែលក្នុងមួយថ្ងៃ ឬ ស្មើនឹង ៦២,៩ ភាគរយនៃទិន្នផលប្រេងសរុបនៅក្នុងតំបន់នោះ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា