តម្លៃប្រេងនៅកម្ពុជាបន្តធ្លាក់ចុះ ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ា​​បានធូរស្រាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងនៅកម្ពុជាបន្តធ្លាក់ចុះ ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ា​​បានធូរស្រាល

តម្លៃប្រេងនៅកម្ពុជាបន្តធ្លាក់ចុះ ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ា​​បានធូរស្រាល

តម្លៃប្រេងសាំងនៅកម្ពុជា បន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានធូរស្បើយ ចាប់តាំងពីពាក់កណ្ដាលខែមិថុនា។

Advertisement

ជាក់ស្ដែង តម្លៃលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា បានធ្លាក់​ចុះនៅត្រឹម ៤ ០៥០រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា និងតម្លៃ ៤ ០០០រៀល ក្នុង១លីត្រ សម្រាប់ម៉ាស៊ូត។ នេះបើតាមការកំណត់របស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ដោយតម្លៃនេះនឹងប្រែប្រួលនៅរយៈពេល ៧ ថ្ងៃខាងមុខ។

លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានកត់សម្គាល់ពីសញ្ញាវិជ្ជមាន។ ប៉ុន្តែ លោកស្រីយល់ឃើញថាតម្លៃប្រេងឥន្ធនៈនៅកម្ពុជា គួរតែមានតម្លៃក្រោម ៤ ពាន់រៀលក្នុង ១ លីត្រ ដូចមុនពេលផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់  ទើបជាការល្អសម្រាប់សេដ្ឋកិច្ចជាតិ។

លោកស្រីបណ្ឌិត បានថ្លែងថា ៖

“តម្លៃហ្នឹងបើសិនចុះបន្តិចទៀតក្រោម ​៤ ពាន់រៀលអាហ្នឹងវាសមរម្យត្រឹម ៣៧០០ រៀលអីទៅ។ ប៉ុន្តែ តម្លៃយើងមិនអាចកំណត់បានទេព្រោះយើងមិនមែនជាអ្នកផលិតប្រេងខ្លួនឯង។”

លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមពាណិជ្ជកររុស្សីនៅកម្ពុជា មើលឃើញពីផលវិជ្ជមាននៃការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ចំពោះវិស័យកសិកម្ម ក៏ដូចជាការកាត់បន្ថយកម្រិតអតិផរណា។ លោកបានពន្យល់ថា នៅពេលតម្លៃថាមពលធ្លាក់ចុះ វានឹងធ្វើឱ្យថ្លៃដើមមានការធ្លាក់ចុះដូចគ្នា ដែលជំរុញឱ្យបង្កើនការប្រកួតប្រជែងផ្នែកផលិតកម្មនៅកម្ពុជា។

លោកបណ្ឌិត ញិល រដ្ឋា បានឱ្យដឹងដូច្នេះថា៖

“ការដឹកជញ្ជូននៅពេលម៉ាស៊ូតធ្លាក់ សាំងធ្លាក់ វានឹងធ្វើឲ្យថ្លៃដឹកជញ្ជូន ឬទំនិញផ្សេងៗ ធ្លាក់មកតម្លៃទាបដែរ។”

ទោះបីយ៉ាងណា លោក សុខ សុថា តំណាងកសិករនៅកម្ពុជា យល់ឃើញថា វិស័យកសិកម្មកម្ពុជាអាចនៅតែជួបបញ្ហាប្រឈម បើទោះបីតម្លៃប្រេងឥន្ធនៈធ្លាក់ចុះបន្តបន្ទាប់ក៏ដោយ ព្រោះថ្លៃដើមកសិកម្មនៅតែខ្ពស់នៅឡើយ គួបផ្សំនឹងបញ្ហាអាកាសធាតុនៅក្នុងឆ្នាំ ២០២៦ នេះ មានការប្រែប្រួលខ្លាំង។

លោក សុខ សុថា និយាយថា៖

“សម្រាប់កសិកររបស់យើងនៅតែរារែកចិត្តក្នុងការបង្កើនផលិតកម្មរបស់ខ្លួន ក្នុងឆ្នាំ ២០២៦ នេះ ទោះបីតម្លៃប្រេងសាំង និងម៉ាស៊ូតមានការធ្លាក់ចុះក៏ដោយ ព្រោះយើងមិនអាចវាយតម្លៃបាន។”

តម្លៃប្រេងសាកល រួមទាំងនៅកម្ពុជា បានធ្លាក់ចុះបន្តទៀត ភ្លាម​ៗ ​ក្រោយ​ពី​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាបញ្ចប់សង្គ្រាមជាមួយគ្នា កាលពីថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា ឆ្នាំ ២០២៦។

ជាក់ស្ដែង តម្លៃប្រេងឆៅ​ក្នុងពិភពលោកធ្លាក់ពីជាង ១២០ ​ដុល្លារ អំឡុងពេលសង្គ្រាម មកត្រឹម ៧០ ដុល្លារ ក្នុង ១ បារ៉ែលវិញ នៅថ្ងៃអង្គារ ទី ៣០ ខែមិថុនា ឆ្នាំ២០២៦។ ​៧០ ដុល្លារក្នុង ១ បារ៉ែលនេះ គឺជា​តម្លៃមុនពេល​ផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់៕ អត្ថបទ៖ ខន ណារី AMS

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា