ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

​បរទេស​៖ ​តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​កាលពី​ចុង​សប្តាហ៍​ ​ដែល​ធ្វើឱ្យ​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា​កាន់តែ​ខ្លាំង​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ ​CN​B​C។

​តម្លៃ​ប្រេង​ឆៅ ​Brent ​បាន​កើនឡើង​ ​១​,​៥ ​ភាគរយ ​ដល់​ ៩៧​,​៧៣ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ខណៈ​ប្រេង​ឆៅ ​West Texas ​Intermediate ​(​WTI​)​ ​កើនឡើង​ ​១​,​៨ ​ភាគរយ​ ​ដល់​ ៩៣​,​១០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។ តម្លៃ​ប្រេង​ទាំង​ពីរ​ប្រភេទ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ ​គិត​ចាប់​តាំងពី​ចុង​ខែ​កក្កដា​។

ទីផ្សារ​ប្រេង​បាន​ស្ថិត​ក្នុង​ស្ថានភាព​ចលាចល​រួច​ទៅហើយ​ ​ខណៈ​ជម្លោះ​រវាង​អាម៉េរិក​ ​និង​អ៊ីរ៉ង់​បាន​ផ្ទុះ​ឡើង​វិញ​កាលពី​ចុង​សប្តាហ៍​។ ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​ឆៅ​ក៏​បាន​រុញ​ច្រាន​ឱ្យ​តម្លៃ​ផលិតផល​ប្រេងឥន្ធនៈ​ផ្សេងទៀត​ ​ដូចជា​ ​ប្រេងសាំង ​និង​ប្រេង​ម៉ាស៊ូត ​ឡើង​ថ្លៃ​ផងដែរ​។

​កាលពី​ថ្ងៃ​សៅរ៍​ ​បញ្ជាការដ្ឋាន​កណ្តាល​អាម៉េរិក​ ​(​CENT​COM​)​ ​បាន​បញ្ជាក់​ថា​ ​កង​ទ័ព​អាម៉េរិក​បាន​បាញ់ប្រហារ​លើ​នាវា​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​ចំនួន​ ៣ ​គ្រឿង​ ​បន្ទាប់ពី​អ៊ីរ៉ង់​បាន​បាញ់ប្រហារ​តម្រង់​ទៅ​រក​នាវា​ចម្បាំង​ជើង​ទឹក​អាម៉េរិក​ចំនួន​ ២​ ​គ្រឿង​។

​C​ENT​COM ​បាន​បន្ត​ថា​ ​នាវា​របស់​អ៊ីរ៉ង់​ទាំង​ ​៣ ​គ្រឿង​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​បណ្តាញ​ងងឹត​ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ ​និង​ជួយ​ផ្តល់​ហិរញ្ញប្បទាន​ដល់​កងទ័ព​អ៊ីរ៉ង់ ​និង​ក្រុមប្រដាប់អាវុធ​ប្រូកស៊ី​នៅក្នុង​តំបន់​។

​លោក​ Mohammad Baqer ​Qalibaf ​ប្រធាន​សភា​អ៊ីរ៉ង់ ​បាន​បង្ហោះ​សារ​នៅលើ​ ​X ​ថា ​ប្រសិនបើ​មាន​ការ​វាយប្រហារ​លើ​ទ្រព្យសម្បត្តិ​របស់​អ៊ីរ៉ង់ ​នោះ​នឹង​មាន​ការ​វាយប្រហារតប​ត្រឡប់​ទៅ​វិញ​។

សារ​របស់​លោក​ ​Q​alibaf ​គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាម៉េរិក​ ​លោក​ Pete ​Hegseth ​ដែល​បាន​សរសេរ​ថា​ ​អាម៉េរិក​នឹង​កម្ទេច​នាវា​ដឹក​ប្រេង​របស់​អ៊ីរ៉ង់ ប្រសិនបើ​អ៊ីរ៉ង់​បើក​ការ​បាញ់ប្រហារ​លើ​នាវា​របស់​ខ្លួន​។

​កាលពី​ថ្ងៃ​ចន្ទ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​ Saudi ​Aramco ​ដែល​មាន​សមត្ថភាព​ចម្រាញ់​ប្រេង​ ៤០០​.​០០០ ​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ​បាន​រង​ការ​វាយប្រហារ​។ ​ទន្ទឹម​នឹង​នេះ​ ​អាជ្ញាធរ​កំពុង​វាយតម្លៃ​ទំហំ​ការ​ខូចខាត ​ខណៈ​មិន​ទាន់​មាន​ការ​បញ្ជាក់​ថា​ ​ភាគី​ណា​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ​នៅឡើយ​ទេ​៕​

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា