OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

​បរទេស​៖​ ​ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន​ ​CNB​C​។

​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​តម្លៃ​ប្រេង​ឆៅ​ប្រភេទ​ Brent ​បាន​ធ្លាក់ចុះ​ ០​,​៣៤​ ​ភាគរយ មក​ត្រឹម​ ​១០១​,​៩០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ខណៈ​ប្រេង​ឆៅ​ ​West Texas ​Intermediate ​(​WTI​)​ ​ធ្លាក់ចុះ​ ០​,​៦៨ ​ភាគរយ​ ​មក​ត្រឹម​ ៩០​,​៤៩ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

​ចំពោះ​ទីផ្សារ​កម្ពុជា​ តម្លៃ​ប្រេង​ក្នុង​ស្រុក​មិន​ឡើង​ចុះ​ស្រប​តាម​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ភ្លាម​ៗ​នោះ​ទេ​ ​ព្រោះ​កម្ពុជា​មិន​បាន​នាំចូល​ប្រេង​ឆៅ​សុទ្ធ​មក​ប្រើប្រាស់​ដោយ​ផ្ទាល់​ឡើយ​ ​ប៉ុន្តែ​នាំចូល​ផលិតផល​ប្រេង​ដែល​បាន​ចម្រាញ់​រួច ​ដូចជា​ សាំង ​និង​ម៉ាស៊ូត​។

​លើស​ពី​នេះ​ ​ស្ថានីយ​ប្រេង​ក្នុង​ស្រុក​តែង​មាន​ស្តុក​ប្រេង​ដែល​បាន​ទិញ​ទុក​មុន​ ​ដូច្នេះ​តម្លៃ​លក់​រាយ​ត្រូវ​រង់ចាំ​ការ​បោសសម្អាត​ស្តុក​ចាស់​ ​និង​គិត​គូរ​ពី​ថ្លៃ​ដើម​ដឹកជញ្ជូន​បន្ថែម ​ដែល​ធ្វើឱ្យ​តម្លៃ​ប្រេង​ក្នុង​ស្រុក​មាន​ស្ថេរ​ភាព​ជាង​ការ​ប្រែប្រួល​នៅ​ទីផ្សារ​ពិភពលោក​។

​នៅក្នុង​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​ ​OPE​C+ ​បាន​ព្រមព្រៀង​រក្សា​កម្រិត​ផលិតកម្ម​ប្រេង​សម្រាប់​ខែ​វិច្ឆិកា​ឱ្យ​នៅ​ដដែល​ ​ខណៈ​ការ​កែសម្រួល​គោលនយោបាយ​ទិន្នផល​ប្រេង​បន្ថែម​ទៀត​ ​អាចនឹង​មិន​កើតមាន​រហូតដល់​ឆ្នាំ​ ​២០២៧​។ ការ​សម្រេចចិត្ត​នេះ​ធ្វើឡើង​ចំពេល​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បាន​បង្ក​ផល​រំខាន​ដល់​ការ​នាំចេញ​ប្រេង​នៅ​តំបន់​ឈូង​សមុទ្រ​ ​ដោយ​ធ្វើឱ្យ​ការ​នាំចេញ​ប្រែប្រួល​នៅ​ចន្លោះ​ ​៦០ ​ភាគរយ ​ទៅ​ ៨០ ​ភាគរយ​ ​នៃ​កម្រិត​ធម្មតា​ប៉ុណ្ណោះ​។

​ទោះបីជា​ OPE​C+​ ​បាន​កំណត់​ដំឡើង​គោលដៅ​ផលិតកម្ម​ប្រេងក្នុង​ឆ្នាំ​ ​២០២៦ ​ក៏​ដោយ​ ការ​កើនឡើង​ជាក់ស្តែង​មិន​បាន​កើតឡើង​ពេញលេញ​ទេ ​ដោយ​សារវិបត្តិ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​។ ​ជាក់ស្តែង​ ​កាលពី​ខែ​សីហា​កន្លងទៅ​ ​សមាជិក​ស្នូល​របស់​ OPE​C+ ​បាន​បូម​ប្រេង​ចំនួន​ ​២៥ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ​កើនឡើង​ ​៦៣០​.​០០០​ ​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ​បើ​ធៀប​នឹង​ខែ​កក្កដា​ ​ប៉ុន្តែ​ចំនួន​នេះ​នៅតែ​ទាប​ជាង​កម្រិត​មុនពេល​មាន​សង្គ្រាម​ប្រមាណ ៥ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។

​សង្គ្រាម​ក៏​បាន​ធ្វើឱ្យ​ការ​ប៉ាន់ប្រមាណ​សមត្ថភាព​ផលិតកម្ម​សម្រាប់​ឆ្នាំ​ ​២០២៧​ ​ធ្លាក់​ចូល​ទៅក្នុង​ភាព​មិន​ប្រាកដប្រជា​។ សមាជិក​ស្នូល​ទាំង​ ៧ ​របស់​ OPE​C+ ​រួម​មាន​ ​អារ៉ាប៊ី​សាអ៊ូឌីត ​រុស្ស៊ី ​អ៊ីរ៉ាក់ គូ​វ៉ែត ​អាល់ហ្សេរី ​កាហ្សាក់​ស្ថាន ​និង​អូម៉ង់​។

​លោក​ ​Giovanni Staunovo ​អ្នក​វិភាគ​មកពី​ធនាគារ​ ​UBS ​បាន​លើកឡើង​ថា​ OPE​C+​ ​បាន​រក្សា​កម្រិត​ផលិតកម្ម​របស់​ខ្លួន​ឱ្យ​នៅ​ដដែល​ ​ដែល​ស្រប​ទៅ​នឹង​ការ​រំពឹងទុក​របស់​ទីផ្សារ​។ ​បើ​ទោះបីជា​លំហូរ​ដឹកជញ្ជូន​តាម​ច្រក​សមុទ្រ​ ​Hormuz ​មាន​ការ​កើនឡើង​វិញ​ក៏​ដោយ​ ​ក៏​កម្រិត​ទិន្នផល​របស់​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​នៅតែ​ស្ថិត​ក្រោម​កូតា​ដែល​បាន​កំណត់​។ ​ដូច្នេះ​ ​ទីផ្សារ​ប្រេង​នៅតែ​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​តឹងតែង​។

ទន្ទឹម​នឹង​នេះ​ ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ក៏​ត្រូវ​បាន​ជំរុញ​ដោយ​ការ​យល់ព្រម​របស់​មេដឹកនាំ​អឺរ៉ុប​ក្នុង​ការ​បញ្ចេញ​ប្រេង​ម៉ាស៊ូត​ពី​ស្តុក​បម្រុង ​តាម​សំណើ​របស់​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump​។​

​ជា​លទ្ធផល​ ​មេ​ដឹកនាំ​នៃ​ក្រុម​ប្រទេស​ G7 ​បាន​ប្រកាស​ថា​នឹង​បញ្ចេញ​ប្រេង​បម្រុង​ចំនួន​ ១០០ លាន​បារ៉ែល ​ក្នុង​រយៈពេល​ ៤ ​ខែ​ខាង​មុខ​ ​ដោយ​ផ្តោត​លើ​ការ​បញ្ចេញ​ប្រេង​ម៉ាស៊ូត​ក្នុង​បរិមាណ​ច្រើន​នៅក្នុង​រយៈពេល​ ២០ ​ថ្ងៃ​ដំបូង​។ ​ក្រុម​ ​G7 រួម​មាន​ បារាំង​ កាណាដា ​អាល្លឺម៉ង់ ​អ៊ីតាលី​ ​ជប៉ុន​ ​ចក្រភព​អង់គ្លេស ​និង​អាម៉េរិក​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា