រយៈពេល១៣ឆ្នាំ ពន្ធដារបង្កើនការប្រមូលចំណូលពីជាង ៧០០លានដុល្លារ ដល់ ៣,៥៧ពាន់លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រយៈពេល១៣ឆ្នាំ ពន្ធដារបង្កើនការប្រមូលចំណូលពីជាង ៧០០លានដុល្លារ ដល់ ៣,៥៧ពាន់លានដុល្លារ

រយៈពេល១៣ឆ្នាំ ពន្ធដារបង្កើនការប្រមូលចំណូលពីជាង ៧០០លានដុល្លារ ដល់ ៣,៥៧ពាន់លានដុល្លារ

ភ្នំពេញ ៖ ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ពន្ធដារ បានបង្កើនការប្រមូលចំណូលពីប្រមាណជាង៧០០លានដុល្លារអាម៉េរិក ដល់ជាង ៣,៥៧ពាន់លានដុល្លារអាម៉េរិក ដោយបានរួមចំណែកដល់ការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការអគារពន្ធដារថ្មី នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

Advertisement

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា៖ នៅក្នុងឆ្នាំ២០១២ ពន្ធដារបានប្រមូលចំណូលជូនជាតិបានត្រឹមតែ ៧៣៨លានដុល្លារអាម៉េរិកប៉ុណ្ណោះ ហើយរហូតដល់ឆ្នាំ២០២៥ កន្លងទៅនេះ ពន្ធដាររកចំណូលបានសរុប ៣ ៥៧៧លានដុល្លារអាម៉េរិក ដែលមានកំណើនប្រមាណជិត ៤ដង ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា៖

«អគ្គនាយកដ្ឋានពន្ធដារ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលពន្ធចូលរដ្ឋ ក៏ដូចជារួមចំណែកជំរុញកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។ ការចូលរួមចំណែករបស់ពន្ធដារនេះ ក៏បានកាត់បន្ថយអំពើគេចវេសពន្ធ សំដៅលើកកម្ពស់អនុលោមភាពសារពើពន្ធ និងធានាឱ្យមានបរិយាកាសធុរកិច្ចស្មើភាព ដែលជាកត្តាដ៏សំខាន់សម្រាប់ធានានូវភាពរស់រវើកនៃកម្មភាពសេដ្ឋកិច្ចជាតិ»។

យោង​តាមរបាយការណ៍​របស់​អគ្គនាយកដ្ឋានពន្ធដារចេញផ្សាយនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ បង្ហាញថា អគ្គនាយកដ្ឋានពន្ធដារ​ប្រមូលចំណូលបានជាង​ ១,៧៨ ​ពាន់លានដុល្លារ ​នៅក្នុងរយៈពេល ៤ ខែ (មករា-មេសា) ឆ្នាំ២០២៦ កើនឡើង ៤៦,៧៥% ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន​។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានកំណើនចំណូលពន្ធបានល្អប្រសើរ។ ការវិវឌ្ឍជាវិជ្ជមាននេះ តម្រូវឱ្យមានការពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងទំហំការងារ និងនិរន្តរភាពជាតិ ជាក់ស្តែងសមិទ្ធផលអគារទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋានពន្ធដារត្រូវបានសាងសង់ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីអាចគាំទ្រដល់ការប្រមូលចំណូល ការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការបន្តកែទម្រង់រដ្ឋបាល សារពើពន្ធឱ្យកាន់តែមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងឆ្លាតវៃ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។

ដោយឡែក ទាក់ទងនឹងកំណើនសេដ្ឋកិច្ច ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា៖ សេដ្ឋកិច្ចកម្ពុជាទទួលបានកំណើន ៥,៣ ភាគរយ ក្នុងឆ្នាំ២០២៥ កន្លងទៅ។យ៉ាងណាមិញ កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៦ នេះ អាចនឹងមាននិន្នាការថមថយជាងកំណើនក្នុងឆ្នាំ២០២៥ ដោយសារភាពអវិជ្ជមាននៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងនាពេលថ្មីៗនេះ ជាពិសេស ឥទ្ធិពលអវិជ្ជមាននៃការកើនថ្លៃប្រេងឥន្ធនៈមកលើវិស័យដែលពឹងផ្អែកលើប្រេងជាកត្តាផលិតកម្ម តួយ៉ាង វិស័យកសិកម្ម វិស័យដឹកជញ្ជូន និងវិស័យទេសចរណ៍ គួបផ្សំនឹងការកើននៃសម្ពាធអតិផរណា ដែលអាចបង្អាក់ដល់សកម្មភាពចាយវាយ និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនជារួម៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា