តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ស្វាយរៀង​ ​ទាក់ទាញ​ទុន​វិនិយោគ​ ​១​,​៥ ​ពាន់​លាន​ដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ស្វាយរៀង​ ​ទាក់ទាញ​ទុន​វិនិយោគ​ ​១​,​៥ ​ពាន់​លាន​ដុល្លារ​

តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ស្វាយរៀង​ ​ទាក់ទាញ​ទុន​វិនិយោគ​ ​១​,​៥ ​ពាន់​លាន​ដុល្លារ​

​​ស្វាយរៀង​៖​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ឈីលូ ​ជាន ​ពុចាយ ​ក្នុង​ខេត្ត​ស្វាយរៀង​ ​ដែល​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៧​ ​ជាមួយ​ទុន​វិនិយោគ​ដំបូង​ប្រមាណ​ ៥១​លាន​ដុល្លារ​អាម៉េរិក​ ​បាន​ទាក់ទាញ​ទុន​វិនិយោគ​សរុប​ប្រមាណ ​១​,​៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​គិត​មក​ដល់​បច្ចុប្បន្ន​។

​យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បច្ចុប្បន្ន​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ឈីលូ ​ជាន ពុចាយ ​មាន​រោងចក្រ​ចំនួន​ ​៣៥ ​ដែល​មាន​ទំហំ​ទុន​វិនិយោគ​ប្រមាណ ១​,​៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​និង​មាន​កម្មករ​-​និយោជិត​ជាង​ ២​ម៉ឺន​នាក់​កំពុង​បម្រើ​ការងារ​។

​មុខ​សញ្ញា​វិនិយោគ​សំខាន់​ៗ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ រួម​មាន​រោងចក្រ​ផលិត​សំបក​កង់​យាន​យន្ត ​និង​រោងចក្រ​ដំឡើង​កង់​។

ការ​រីកចម្រើន​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ឈីលូ ​ជាន ពុចាយ ​ក៏​ស្ថិត​ក្នុង​បរិបទ​ដែល​សកម្មភាព​ឧស្សាហកម្ម ​និង​ការ​វិនិយោគ​នៅ​ខេត្ត​ស្វាយរៀង​កំពុង​កើនឡើង​។ ​បច្ចុប្បន្ន​ ​ខេត្ត​នេះ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដំណើរការ​ចំនួន​ ​១២ ​ដែល​អាច​ទាក់ទាញ​គម្រោង​វិនិយោគ ​និង​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក​បន្ថែម​ទៀត​។

​ឯកឧត្តម ​ជា​ វុទ្ធី​ ​អគ្គ​លេខាធិការ​គណៈកម្មាធិការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​មានប្រសាសន៍​ថា​ ការ​រីកចម្រើន​នៃ​សហគមន៍​វិនិយោគ​នៅ​ខេត្ត​ស្វាយរៀង​ ​ជាពិសេស​នៅ​ក្រុង​បាវិត ​កំពុង​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ ​និង​ឧស្សាហកម្ម​ដែល​មាន​សក្តានុពល​របស់​កម្ពុជា​។

​លោក​បញ្ជាក់​ថា​ ការ​រីកចម្រើន​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​បង្កើត​ការងារ​ ការ​បង្កើន​ការ​នាំចេញ ​និង​ការ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​ផលិតកម្ម​របស់​កម្ពុជា​។

​ជាមួយគ្នា​នេះ​ ​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលន​ទ្រព្យ​កម្ពុជា​បាន​លើកឡើង​ថា​ ​ការ​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច​ចាប់​ពី​ដំណាក់កាល​សាងសង់ ​រហូតដល់​ដំណាក់កាល​ប្រតិបត្តិការ​ ​និង​អាច​បន្ត​ទាក់ទាញ​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​។

​លោក​ ​ចេង​ វុទ្ធី​ ​អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​ INVA Real ​Estate ​បាន​ឱ្យ​ដឹង​ថា​ ​ការ​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ប្រព័ន្ធ​គ្រប់គ្រង​ សន្តិសុខ​ ​និង​ការ​យាមកាម ដែល​ជួយ​ផ្តល់​ភាព​ទុកចិត្ត​ដល់​វិនិយោគិន​ក្នុង​ការ​ដាក់​ទីតាំង​អាជីវកម្ម ​និង​ទ្រព្យសម្បត្តិ​របស់​ខ្លួន​នៅក្នុង​តំបន់​។

​លោក​បន្ត​ថា​ ​ការ​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក៏​បាន​ជំរុញ​តម្រូវការ​ដី​សម្រាប់​សាងសង់​រោងចក្រ ​និង​ការ​អភិវឌ្ឍ​ដី​សម្រាប់​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ​ជាពិសេស​នៅ​តំបន់​ដែល​មាន​សក្តានុពល​។

ដោយឡែក ​អ្នក​ឧកញ៉ា​ ​លឹម​ ​ហេង ​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​មានប្រសាសន៍​ថា​ ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កាន់តែ​ច្រើន​ ​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច​។

​លោក​ក៏​បាន​លើកឡើង​ពី​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​អនុញ្ញាត​ឱ្យ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​រួម​នៅ​តាម​តំបន់​ព្រំដែន ​ដូចជា​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ​និង​កម្ពុជា​-​វៀតណាម​។​

​ការ​រីកចម្រើន​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ឈីលូ ​ជាន ពុចាយ ​ត្រូវ​បាន​បង្ហាញ​ក្នុង​ពិធី​ដាំ​កូនឈើ​ចំនួន​ ​២​.​២០០​ដើម ​និង​ចែក​កូន​ឈើ​ចំនួន​ ​១៦​.​០០០​ដើម ​កាលពី​ថ្ងៃ​ទី​២០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​មាន​ការ​ចូលរួម​ពី​ឯកឧត្តម​ ​ជា​ វុទ្ធី​ ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ​ស្ថិត​នៅ​សង្កាត់​ស្វាយ​តឿ​ ក្រុង​ស្វាយរៀង​ ​ខេត្ត​ស្វាយរៀង​។

សកម្មភាព​នេះ​មាន​គោលបំណង​បង្កើន​គម្រប​បៃតង​ ​លើកកម្ពស់​បរិស្ថាន ​និង​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប្រកបដោយ​ចីរភាព​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា