ប្រធាន PATA ៖ ការធ្លាក់ចំណូល និងចំនួនទេសចរនៅកម្ពុជានាដើមឆ្នាំនេះគឺជាបញ្ហាសកល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធាន PATA ៖ ការធ្លាក់ចំណូល និងចំនួនទេសចរនៅកម្ពុជានាដើមឆ្នាំនេះគឺជាបញ្ហាសកល

ប្រធាន PATA ៖ ការធ្លាក់ចំណូល និងចំនួនទេសចរនៅកម្ពុជានាដើមឆ្នាំនេះគឺជាបញ្ហាសកល


ភ្នំពេញ៖
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក កម្ពុជា (PATA) បានលើកឡើងថា ការធ្លាក់ចុះចំណូលពីការលក់សំបុត្រចូលទស្សនា និងកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាការធ្លាក់ចំនួនទេសចរទូទៅនៅកម្ពុជាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ មិនមែនជារឿងចម្លែកនោះទេ ត្បិតបណ្តាប្រទេសជិតខាង និងក្នុងតំបន់ក៏ធ្លាក់ដូចគ្នា​ ដែលវាបណ្តាលមកពីបញ្ហាភូមិសាស្ត្រនយោបាយ បញ្ហាសង្គ្រាមដែលកំពុងកើតមាននៅមជ្ឈិមបូព៌ារហូតមានការបិតជើងហោះហើរជាច្រើនប្រទេស​ គួបផ្សំនឹងបញ្ហាសេដ្ឋកិច្ចជាសកល។

Advertisement

នៅក្នុង​​​សេចក្ដី​ប្រ​កាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរនាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញថា ក្នុង​រយៈពេល​៣ខែដើមឆ្នាំ២០២៦ គ្រឹះស្ថាន​អង្គររកចំណូលបាន​​ពីការ​លក់​សំ​បុត្រ​​ចូល​ទស្សនារមណីយដ្ឋាន​អង្គរបានជាង ១៣លានដុល្លារអាម៉េរិក($ ១៣ ១០៣ ៩៧៧) ជាមួយចំនួនភ្ញៀវ​ទេសចរ​ចំនួន ២៧០ ៩១១នាក់។ ចំណូលនេះធ្លាក់ចុះ ៣២,​០២ ​ភាគរយ បើធៀប​នឹង​រយៈពេលដូចគ្នា​ឆ្នាំ​២០២៥។

ដោយឡែក សម្រាប់តែក្នុងខែមីនា ឆ្នាំ២០២៦វិញ ភ្ញៀវទេសចរ​ចំនួន ៨២ ០២៦ នាក់ ​ បាន​ទិញ​​សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ​ ៣១,០៣ ភាគរយ ខណៈចំណូលទទួលបាន​ ៣ ៩២៨ ៧០៧ ដុល្លារ ធ្លាក់ចុះ​​ ២៩,២២ ភាគរយ។

គ្រឹះស្ថាន​អង្គរបានឱ្យដឹងទៀតថា៖ ការ​លក់បណ្ណ​ចូលទស្សនា​ប្រាសាទ​កោះកេរក្នុងអំឡុងខែមីនា ឆ្នាំ២០២៦ ទទួលបានចំនួន ២៤,៧៦៥ ដុល្លារ ពីទេសចរចំនួន ១ ៦៥១​នាក់ ខណៈដែលរយៈពេល ០៣ខែ មានចំនួនសរុប ៩០ ០៦០ដុល្លារ និងទេសចរចំនួន ៦ ០០៤ នាក់។ ដោយឡែក ចំណូលពីការលក់សំបុត្រនៅប្រាសាទបេងមាលា នៅក្នុងខែមីនា មានចំនួន​១៧ ២៣០ដុល្លារ និងទេសចរ ១ ៧២៣នាក់ ខណៈរយៈពេល ០៣ខែ ឆ្នាំ២០២៦ ចំណូលសរុបទទួលបាន ៦១ ៥៦០ដុល្លារ និងទេសចរបាន  ៦ ១៥៦នាក់។

ចំណូលពីការលក់សំបុត្រនៅភ្នំក្បាលស្ពាន ក្នុងខែមីនា មានចំនួន ១៤១នាក់ រកចំណូលបាន ៧០៥ ដុល្លារ ។ សរុបចំណូលរយៈពេល ០៣ខែ ឆ្នាំ២០២៦ មានចំនួន ២ ៤៧៥ដុល្លារ និងទេសចរ ៤៩៥នាក់។

ចំណូលពីការលក់សំបុត្រទូក ខែមីនា ក្នុងឆ្នាំ២០២៦ មានចំនួន ១០២ ៩៦៩ ដុល្លារ ពីទូកចំនួន២ ២៤៥ គ្រឿង។សរុបចំណូលលក់សំបុត្រទូក រយៈពេល០៣ខែ មានចំនួន ២៩៤ ១៤១ ដុល្លារ ទូក ៦ ៥១១គ្រឿង

គួរ​រំលឹកថា៖ កម្ពុជារកចំណូលបានជាង ៤៤លានដុល្លារ(៤៤ ៧១១ ៦៧៥ ដុល្លារ)នៅឆ្នាំ២០២៥ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរទៅដល់ភ្ញៀវទេសចរអន្តរជាតិជាង ៩៥ ម៉ឺននាក់(៩៥ ៥១៣១នាក់)។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក កម្ពុជា (PATA) បានប្រាប់ AMS Economy នាព្រឹកថ្ងៃទី២ ខែមេសា ថា ៖ការធ្លាក់ចុះចំនួនទេសចរជាង ៣២% នេះ មិនអាក្រក់នោះទេ។ ការរក្សាបានតួលេខប៉ុណ្ណេះ វាជាការណ៍ល្អ ព្រោះជម្លោះពិភពលោក បញ្ហាភូមិសាស្ត្រនយោបាយអន្តរជាតិ ការគំរាមកំហែងផ្សេង​ៗ​ បាន និងកំពុងកើតឡើងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា។

លោកបានបន្តលើកឡើងដូច្នេះថា៖

«នៅក្នុងខែមីនានេះ គឺមានជម្លោះភូមិសាស្ត្រនយោបាយ ជាពិសេសនៅមជ្ឈិមបូព៌ា សង្រ្គាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលជាប្រភពតភ្ជាប់មកកម្ពុជា។ វាធ្វើឱ្យប៉ះពាល់ខ្លាំងមែនទែននៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ។ វាមិនមែនតែកម្ពុជាមួយទេ គឺវាប៉ះពាល់ជាសកល ជាពិសេសនៅក្នុងតំបន់អាស៊ានហ្នឹងឯង។ សមាជិករបស់ CATA ម្នាក់មានសណ្ឋាគារ២នៅសៀមរាបនេះគឺសណ្ឋាគារមួយបាត់ចំណូលគ្រាន់តែខែមីនាហ្នឹង បាត់ចំណូ​ល​​អស់ ៥ ម៉ឺនដុល្លារ»។

លោកបានបន្ថែមថា៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ប្រចាំកម្ពុជា បាន និងកំពុងព្យាយាមធ្វើយុទ្ធនាការគោលដៅទេសចរណ៍( Destination Campaign) ជារៀងរាល់ខែ ដើម្បីព្យាយាមចាប់យកភ្ញៀវតំបន់អាស៊ាន និងភ្ញៀវនៅតាមបណ្ដាប្រទេសនានានៅជុំវិញ​​កម្ពុជា ព្រមទាំងនៅក្នុងតំបន់ផ្សេងទៀតដែលមិនត្រូវការឆ្លងកាត់នៅក្នុងតំបន់ Middle East ។

អ្នកជំនាញទេសចរណ៍រូបនេះបានបញ្ជាក់ថា ៖

«អ្វីដែលយើងអាចធ្វើបាន គឺខិតខំប្រឹងប្រែងទាំងអស់គ្នា និងបង្កើនការជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍ឲ្យបានកាន់តែទូលំទូលាយទៅកាន់ពិភពលោក»។

ក្នុងពិធីផ្សព្វផ្សាយក្រោមប្រធានបទ «ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជា និងប្រែប្រួលឆាប់រហ័ស»កាលពីពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា៖​ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ឆ្នាំ២០២៦នេះ ក្រសួងទេស​ចរណ៍​នឹងរៀបចំយុទ្ធនាការ៤​សំខាន់ៗ​គឺយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) ចាប់ពីខែឧសភា ដល់ខែតុលា គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនក្នុងអំឡុងពេលនៃរដូវកាលបៃតងដែលមានរយៈពេល៤ ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០​២​៦  យុទ្ធនាការរដូវកាលសាមគ្គីភាព (Solidarity Season)​ និងយុទ្ធនាការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា