ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។

នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។

អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤ អ្នកស្រីលក់សាដកបានប្រមាណ ២០០កញ្ចប់ (តម្លៃចាប់ពី ២០,០០០ រៀល ដល់ ១២០,០០០ រៀល ឬខ្ពស់ជាងនេះ)។

អ្នកស្រីបានបញ្ជាក់ថា ៖ «បច្ចុប្បន្ន អតិថិជននិយមទិញសាដកជាកន្ត្រក ហើយក៏មានការបញ្ជាទិញបន្តទៅតាមបណ្តាខេត្តមួយចំនួនផងដែរ ព្រោះសាដកជាកន្ត្រកស្អាតជាងការវេចខ្ចប់ដោយថង់ប្លាស្ទិក ហើយដាក់បានច្រើន ងាយស្រួលកាន់ ហើយផលិតផលដែលរៀបចំទៀតសោត ក៏ជារបស់ខ្មែរ ផលិតនៅក្នុងស្រុក»។

អ្នកស្រី ភាព ពិសី អាជីវករលក់រាយនៅផ្សារទួលគោក ក៏បានកត់សម្គាល់ដែរថា សាដកដែលចងជារាងបាតលោក មានតម្លៃសមរម្យត្រឹមប្រមាណ ២០,០០០ រៀល ទទួលបានការគាំទ្រច្រើនពីពុទ្ធសាសនិក។

អ្នកស្រីបញ្ជាក់ថា ៖ «កាលពីមុន ភាគច្រើនប្រើប្រាស់ផលិតផលនាំចូលពីសៀម ប៉ុន្តែក្រោយមក ក៏បោះបង់ (ពហិការ) ផលិតផលនាំចូលទាំងនោះ ហើយងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ។ បច្ចុប្បន្ន យើងប្រើតែផលិតផលខ្មែរ ដែលមានតម្លៃសមរម្យ»។

សូមជម្រាបថា នៅគន្លងព្រះពុទ្ធសាសនា «សាដក» ប្រែថា សំពត់ងូតរបស់ព្រះសង្ស។ ចំណែក «ទេយ្យទាន» ជាឈ្មោះវត្ថុដែលគេត្រូវឲ្យជាទាន រួមទាំងបច្ច័យទាំង ៤ មានចីវរប្បច្ច័យជាដើម។ សម្ភារៈប្រើប្រាស់ទាំងនេះ ត្រូវបានពុទ្ធសាសនិកនាំយកជាសង្សទាន ក្នុងពីធីកម្មសាសានា ក៏ដូចជាបុណ្យប្រពៃណីផ្សេងៗ រួមមាន ភ្ជុំបិណ្ឌ ចូលឆ្នាំខ្មែរ កឋិនទាន និងមាឃបូជាជាដើម។ ដោយឡែក ទៀន និងធូប គឺជាទេ​យ្យទានដ៏ប្រពៃ ដែលតំណាងឱ្យពន្លឺបញ្ញា និងការគោរពបូជា ចំណែកគ្រឿងឧបភោគបរិភោគក្នុងសាដក ជួយសម្រួលដល់ការគង់ចាំវស្សារបស់ព្រះសង្ឃក្នុងរដូវវស្សា។

ការរួមបញ្ចូលគ្នារវាង «ជំនឿសាសនា» និង «ការលើកស្ទួយផលិតផលជាតិ» តាមរយៈការជ្រើសរើសទំនិញខ្មែរមកធ្វើជាទេយ្យទាន មិនត្រឹមតែបំពេញបាននូវកុសលចិត្តដ៏ជ្រះថ្លាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចលករសេដ្ឋកិច្ច​យ៉ាងសំខាន់ក្នុងការបង្កើនការគាំទ្រជីវភាពកសិករ សិប្បករ ក្នុងស្រុក ក៏ដូចជាធ្វើឱ្យមានចរន្តសេដ្ឋកិច្ចជាតិផងដែរ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា