​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ភ្នំពេញ ៖ គម្រោង​​កំពង់ផែ​ទឹកជ្រៅក្រុង​ព្រះសីហនុ​ដំណាក់កាលទី១ គឺជា​គម្រោង​យុទ្ធសាស្ត្រ​សំខាន់​បំផុត​​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​បំប្លែង​​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុឱ្យទៅជា​កំពង់​ផែទឹ​កជ្រៅក​ម្រិត​តំបន់ ដើម្បីលើកកម្ពស់​សមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹក និងកាត់បន្ថយថ្លៃដើមឡូជីស្ទិក ក៏ដូចជា​ទាក់ទាញ​វិនិយោគិន​ចូលមកបណ្ដាក់ទុន​វិនិយោគ​នៅកម្ពុជា​បន្ថែម​ ។

នៅក្នុង​កិច្ចសន្ទនាលើកទី៥ រវាង​វិស័យរដ្ឋ ​និងឯកជន កម្ពុជា-អឺរ៉ុប​ កាល​ពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានមានប្រសាសន៍ថា កំពង់ផែ​សមុទ្រ​ទឹកជ្រៅនៅ​ក្រុងព្រះសីហនុ ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៧ ខាងមុខនេះ ។ តាមរយៈ​សមិទ្ធផល​នេះរំពឹង​ថា ​នឹង​ជួយកាត់បន្ថយថ្លៃដើមនៃ​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​បាន​ប្រមាណ ៣០% ដែល​ជា​កត្តា​យុទ្ធ​សាស្ត្រ​មួយ​ក្នុង​ការ​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​នៅលើ​ទីផ្សារអន្តរ​ជាតិផងដែរ ។

គួរ​រម្លឹក​ថា កំពង់ផែ​ទឹកជ្រៅក្រុ​ង​ព្រះសីហនុដំណាក់កាលទី១នេះ មានជម្រៅទឹក ១៤,៥ម៉ែត្រ ដែល​អាច​សម្រួល​ដល់ការ​​ចត​របស់នាវា​ដឹក​ទំ​និញ​កុង​តឺន័រ​ប្រមាណ ៩៣% នៃនាវា​ទាំងអស់​ដែលកំពុងធ្វើ​ចរាចរ​ក្នុ​ងតំបន់អាស៊ី​ប៉ាស៊ីហ្វិក ។ គម្រោងនេះ ត្រូវបាន​ប៉ាន់ស្មាន​ថា ​គ្រោងនឹង​ចាយទុន​ប្រមាណ​ ២៤៣លានដុល្លារ ដែល​ប្រភព​ហិរញ្ញវត្ថុ​ទាំងនេះ ជា​​ឥណទា​នស​ម្បទាន​ពី​រាជរ​ដ្ឋាភិ​បាលប្រទេស​ជប៉ុន​ រួមជាមួយថវិកា​​បដិភាគ​របស់រា​ជរដ្ឋាភិបាលកម្ពុជា។

លោក ជា ចាន់ដារ៉ា​ ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និងខ្សែច្រវា​ក់ផ្គ​ត់ផ្គ​ង់​​នៅ​ក​ម្ពុ​ជា បាន​មាន​ប្រសាសន៍​ប្រាប់​បណ្ដាញ​ព័ត៌​មាន​ AMS​ ឱ្យ​ដឹង​ថា ការ​​ពង្រីក​កំពង់​ផែ​ទឹក​ជ្រៅ​​នៅក្រុ​ងព្រះសីហនុ គឺជា​សមិទ្ធផល​មួយដ៏ល្អក្នុងវិ​ស័យដឹកជ​ញ្ជូ​ននៅ​ក​ម្ពុជា​​​ ដែ​ល​អាច​​​ធ្វើ​​ឱ្យ​កប៉ាល់​ធំៗ​ ចូលចត​នៅកំពង់ផែ​​ស្វយ័ត​ក្រុង​ព្រះសីហនុបា​ន​កាន់តែច្រើន​ ។

លោកបន្តថា កន្លងមក​ ដូចដែល​បានដឹងទាំ​ងអស់គ្នា​​ហើយថា កំពង់ផែ​ទឹកជ្រៅ​របស់ក​ម្ពុជានៅតូច និងមិនទាន់អាច​ឱ្យក​ប៉ាល់ធំៗចូលចត​បាននៅ​ឡើយ ដូច្នេះ រាល់​ទំនិញ​ដឹកចេញ-ចូល ត្រូវផ្ទេរ​ដាក់​តាម​ក​ប៉ាល់តូចៗ​ចូលមកកម្ពុជា ឬ​ដឹក​ចេញពីកម្ពុជា​​ទៅ​កាន់​កំពង់ផែប្រទេស​ជិត​ខាង រួចហើយ​ទើប​ដឹក​បន្តទៅកាន់គោលដៅ ។ ការធ្វើបែបនេះ បាន​ធ្វើឱ្យ​តម្លៃដឹ​កជ​ញ្ជូ​ន​​ទំនិ​ញតាមទឹក​ផ្លូវ​របស់​កម្ពុជា​អ​ស់​ច្រើន ប៉ុន្តែ​បើសិនជាកំពង់ផែ​ទឹកជ្រៅក្រុងព្រះសីហនុ​ បាន​សង់រួចរាល់​ និងដាក់ដំណើរ​ការ នោះរាល់​ទំនិញចេញ-ចូលកម្ពុជា​នឹង​លែង​ផ្ទេរ​ដាក់កប៉ាល់​តូចៗទៀតហើយ​ ដែលនឹ​ងធ្វើឱ្យត​ម្លៃដឹកជញ្ជូន​កាន់តែ​ធ្លាក់​ចុះជាង​មុន ។

បើតាមលោក​ ដារ៉ា ​បញ្ជាក់បានឱ្យដឹងថា តាមការ​ប៉ាន់ស្មាន​ បើសិនជា​កប៉ាល់ធំៗចូលចត និងចូលមក​ដឹក​ទំនិញដោយ​ផ្ទាល់​ពី​កំពង់​ផែ​ស្វយ័​ត​​ក្រុ​ងព្រះសីហនុ នឹងធ្វើឱ្យ​តម្លៃដឹ​កជ​ញ្ជូន​កា​ត់បន្ថយ​ប្រមាណ ២០០ដុល្លារ​ក្នុងមួយ​ទូរ​ ដូច្នេះ​​ ក្នុងមួយកប៉ាល់​អាច​ចំណេញបានច្រើន​ណាស់ ។  អ្វីដែលពិសេស​ នៅពេល​កំពង់ទឹក​ជ្រៅដំ​ណាក់​ទី១​នេះរួចរាល់​ និងដាក់ដំណើរការ នឹ​ងធ្វើ​ឱ្យវិ​និយោ​គិ​ន​​បរទេស​​សម្លឹង​រកឱកាស​វិនិយោគនៅ​ក​ម្ពុជា​​​កាន់តែច្រើន ដើម្បី​សង់​រោង​ច​ក្រ ​កែ​ច្នៃ និងផលិត​ទំនិញ​សម្រាប់ផ្គត់ផ្គង់ទីផ្សារអន្តរជាតិកាន់តែច្រើន ស្របពេល​រាជរដ្ឋា​ភិ​បាល​ក​ម្ពុជា​ បាន ​និងកំពុង​ផ្ដល់​ការអនុគ្រោះដ​ល់​​បណ្ដាវិនិ​យោ​គិន​ជា​ច្រើ​ន​ ជា​ពិសេស​ផ្នែក​ពន្ធ ។​

លោក​ឧកញ៉ា ស៊ិន ចន្ធី អនុប្រធាន​សមាគម​ភស្តុភារកម្ម​កម្ពុជា​​​​ក៏​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងដែរ​ថា កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​កំពង់​ផែស​មុទ្រធំ​ជាងគេ​នៅក​ម្ពុជា ដោយ​កា​រនាំ​ចេញ-នាំ​ចូលរបស់កម្ពុជា​ទាំង​មូល​ស្ទើរតែ៨០%ហើយ ប្រើប្រាស់​កំព​ង់ផែ​ស​មុ​ទ្រ​​​ក្រុង​​​ព្រះសីហនុ ។​ ដូច្នេះ​សម្រាប់​គម្រោង​សាសងសង់​កំពង់ផែទឹកជ្រៅ​ដំណាក់​កាលទី១ ដែលនឹង​បញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៧​ នឹងធ្វើ​ឱ្យកប៉ា​ល់​ធំៗ​អាច​ចូលចត​បាន ។

លោកបន្តថា បច្ចុប្បន្ន​នេះ កំពង់ផែ​ស្វយ័​តក្រុងព្រះសីហនុ បានអនុញ្ញា​​តឱ្យតែ​កប៉ាល់តូចៗចូលចត​ដើម្បីលើ​កដាក់ទំនិញប៉ុណ្ណោះ ដោយឡែក​សម្រាប់កប៉ាល់​ធំៗ នៅមិនទាន់អាច​ចូលចត​បាននៅឡើយ ដោយ​សារ​តែ​ជ​ម្រៅទឹ​ក​នៅរាក់​ ។​ ប៉ុន្តែ​ចាប់ពីឆ្នាំ២០២៧តទៅ កប៉ាល់​ដឹកទំនិញធំៗ ផ្ទុកកុងតឺន័រ​បានរាប់ពាន់​ទូរអាចចូលមកចត​នៅកំពង់ផែក្រុ​ងព្រះសី​ហនុ ដោយមិនបាច់ផ្ទេរ​លើក​ដាក់​កប៉ាល់តូចៗដូច​មុនទៀតឡើយ ។​

បើតាមផែនការ​​មេរ​ប​ស់រា​ជ​រដ្ឋាភិបាល​​ បានកំណត់យកខេត្ត​ព្រះ​សីហ​នុជា​តំ​បន់​សេដ្ឋកិច្ចពិសេស​គំរូពហុ​បំណង ដោយ​អភិវឌ្ឍន៍តំបន់​នេះ​ទៅជាម​ជ្ឈម​ណ្ឌល​ឡូជីស្ទិក និងដឹកជញ្ជូន​ពហុទម្រង់ ជា​មជ្ឈមណ្ឌ​លទេសចរណ៍ ជារមណីយដ្ឋាន​ឆ្នេរ​សមុទ្រ ជាតំបន់​ឧស្សាហកម្ម​ បច្ចេកវិទ្យា និងកែច្នៃឆ្លា​តវៃ ។ ដោយឡែក ស​ម្រា​ប់កំ​ព​ង់​ផែស្វ​យ័តក្រុង​ព្រះសីហនុ រាជរដ្ឋាភិបាល​ មាន​ផែនការ​អភិវឌ្ឍន៍​កំពង់ផែនេះជាដំណាក់​កាល ដោយដំណាក់​កាលទី១ មានជម្រៅ​ទឹក​១៤,៥ម៉ែត្រ ដំណាក់​កាលទី២ មានជម្រោះទឹក ១៦,៥ម៉ែត្រ និង​ដំណាក់​៣ មានជម្រៅទឹក​ ១៧,៥ម៉ែត្រ ដែលអាចអនុញ្ញាត​ឱ្យនាវាដឹក​ទំនិញអន្តរជាតិធំៗប្រមាណ ៩៣%-៩៨% ចូលចតដោយផ្ទាល់បាន​ ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា