ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់កម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃប្រទេសហ្វីលីពីន ដែលកំពុងកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២៦ បានជួបពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦ ព្រមទាំងការត្រៀមរៀបចំវេទិកាអាស៊ានលើកទី១៩ ស្តីពីជនទេសន្តរប្រវេសន៍ (AFML) នាខែតុលាខាងមុខ។

Advertisement

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ហានស៍ លេអូ ជេ ខាដាក (Hans Leo J. Cacdac) រដ្ឋមន្ត្រីក្រសួងជនទេសន្តរប្រវេសន៍នៃសាធារណរដ្ឋហ្វីលីពីន។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូហ្វីលីពីន និងវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យការងារ កិច្ចគាំពារជនទេសន្តរប្រវេសន៍ និងសន្តិសុខសង្គម។ ឯកឧត្តមក៏បានអបអរសាទរ ហ្វីលីពីន ក្នុងឱកាសធ្វើជាប្រធានអាស៊ានឆ្នាំ២០២៦ និងបញ្ជាក់ការគាំទ្រចំពោះការជំរុញការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការជ្រើសរើសជនទេសន្តរប្រវេសន៍ប្រកបដោយយុត្តិធម៌ ការទទួលបានការគាំពារសង្គម និងយន្តការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពសម្រាប់ជនទេសន្តរប្រវេសន៍។

ឯកឧត្តម ហេង សួរ ក៏បានលើកទឹកចិត្តឱ្យហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន បន្តតាមដានការវិវត្តនៃស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសផលប៉ះពាល់ផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ចសង្គមចំពោះជនទេសន្តរប្រវេសន៍កម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ជនទេសន្តរប្រវេសន៍គួរទទួលបានការការពារពីការរើសអើង ការកេងប្រវ័ញ្ច ការរំខានដល់ការងារ និងធានាសិទ្ធិទទួលបានប្រាក់ឈ្នួល ឯកសារស្របច្បាប់ ការគាំពារសង្គម និងសេវាមូលដ្ឋាន។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះប្រធានាធិបតីហ្វីលីពីន ដែលបានចូលរួមសម្របសម្រួលបន្ធូរបន្ថយភាពតានតឹងផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ហានស៍ លេអូ ជេ ខាដាក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីចំពោះកិច្ចពិភាក្សាដ៏សំខាន់ប្រកបដោយផលិតភាពនេះ ក៏ដូចជាបានបង្ហាញពីផែនការយុទ្ធសាស្រ្តប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការចែករំលែកបទពិសោធលើកិច្ចគាំពារជនទេសន្តរប្រវេសន៍។ ឯកឧត្តមបញ្ជាក់ថា ជំនួបនេះនឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ខណៈដែលហ្វីលីពីននៅតែបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា។

សូមបញ្ជាក់ថា វេទិកាអាស៊ានស្តីពីជនទេសន្តរប្រវេសន៍ (AFML) ជាវេទិកាប្រចាំឆ្នាំដែលមានការចូលរួមពីត្រីភាគី ក្រោមការរៀបចំរបស់គណៈកម្មាធិការអាស៊ានស្តីពីការអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពីការការពារ និងលើកកម្ពស់សិទ្ធិជនទេសន្តរប្រវេសន៍ (ACMW) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ការងារនៅក្នុងតំបន់៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា