បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​រុញ​តម្លៃ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​) ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៨ ​ឆ្នាំ​

សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​រុញ​តម្លៃ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​) ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៨ ​ឆ្នាំ​

បរទេស៖ ​វិបត្តិ​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​ ​កំពុង​ជះឥទ្ធិពល​ដល់​ទីផ្សារ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​)​ ​ពិភពលោក​ ​ដោយ​រំខាន​ដល់​ការ​ដឹកជញ្ជូន​ ​និង​បង្ក​ការ​ខ្វះខាត​ការ​ផ្គត់ផ្គង់ រហូត​ធ្វើឱ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ​ប្រភេទ​នេះ​កើនឡើង​ប្រមាណ ​៥០ ​ភាគរយ ​និង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត​ ៨ ​ឆ្នាំ​។​

អ៊ីរ៉ង់​ដែល​ជា​ប្រទេស​ផលិត​គ្រាប់​ភីស្តាស៊ីអូ ​ធំ​ជាង​គេ​លំដាប់​ទី​២ ​លើ​ពិភពលោក​ ​មាន​ចំណែក​ប្រមាណ ១៦​ ​ភាគ​រយ​នៃ​ការ​ផ្គត់ផ្គង់​សកល​។ ការ​រំខាន​ដល់​ការ​ដឹកជញ្ជូន​ក្នុង​តំបន់​ដោយសារ​សង្គ្រាម​ ​បាន​បង្ក​សម្ពាធ​បន្ថែម​លើ​ការ​ផ្គត់ផ្គង់​ ​ខណៈ​តម្រូវការ​គ្រាប់​ភីស្តាស៊ីអូ ​ក៏​កំពុង​កើនឡើង​តាមរយៈ​និន្នាការ​អាហារ​ពេញនិយម ​ដូចជា​សូកូឡា​ឌូបៃ ​ដែល​ប្រើ​គ្រាប់​ភីស្តាស្យូ​ជា​គ្រឿងផ្សំ​សំខាន់​។

​អ្នក​ជំនាញ​ព្រមាន​ថា​ ​ប្រសិនបើ​តម្លៃ​បន្ត​កើនឡើង​ខ្ពស់​ ​ក្រុមហ៊ុន​ផលិត​អាហារ​អាចនឹង​ងាក​ទៅ​ប្រើ​គ្រាប់​ធញ្ញជាតិ​ប្រភេទ​ផ្សេង​ដែល​មាន​តម្លៃ​ថោក​ជាង ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​។

​បញ្ហា​នេះ​ក៏​កំពុង​ប៉ះពាល់​ដល់​ភោជនីយដ្ឋាន​អ៊ីរ៉ង់​នៅ​សហរដ្ឋ​អាម៉េរិក​ផងដែរ​។ ​ដោយ​សារ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ការ​ឡើង​ថ្លៃ ​និង​ការ​ប្រែប្រួល​អាកាសធាតុ ភោជនីយដ្ឋាន​ទាំងនេះ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​រក​ទិញ​គ្រាប់​ភីស្តាស៊ីអូ ​ពី​ប្រទេស​កំណើត​របស់​ពួកគេ​។ ​គ្រាប់​ភីស្តាស៊ី​អូ​អ៊ីរ៉ង់​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​សាច់​ណែន​ជាង​ប្រភេទ​ផ្សេង​ៗ​។ ​សូម្បីតែ​ប្រជាជន​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ផ្ទាល់ ​ក៏​ចាប់ផ្តើម​កាត់បន្ថយ​ការ​ប្រើប្រាស់​គ្រាប់​នេះ​ក្នុង​ម្ហូប​អាហារ​ដែរ​ ​ដោយសារ​តម្លៃ​ឡើង​ខ្ពស់​ពេក​។

​គួរ​បញ្ជាក់​ថា​ ​គ្រាប់​ភីស្តាស៊ី​អូ ​មាន​ដើមកំណើត​នៅ​តំបន់​អាស៊ី​កណ្តាល​ ​និង​មជ្ឈិម​បូព៌ា​។ ​នៅ​ឆ្នាំ​១៩២៩ ​អ្នក​រុក្ខសាស្ត្រ​អាម៉េរិក​បាន​នាំយក​គ្រាប់​ពូជ​ពី​ប្រទេស​អ៊ីរ៉ង់​ទៅ​ដាំ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ​ដែល​ក្រោយមក​បាន​ក្លាយជា​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ផលិត​គ្រាប់​ភីស្តាស៊ីអូ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក​។​

​ក្រោយ​វិបត្តិ​ចំណាប់​ខ្មាំង​អាម៉េរិក​នៅ​អ៊ីរ៉ង់​ក្នុង​ឆ្នាំ​១៩៧៩ ​សហរដ្ឋ​អាម៉េរិក​បាន​ដំឡើង​ពន្ធ​នាំចូល​រហូតដល់​ ២៤​១ ​ភាគរយ​លើ​គ្រាប់​ភីស្តាស៊ី​អូ​ពី​អ៊ីរ៉ង់​។ ​បន្ទាប់មក​ ​នៅ​ឆ្នាំ​១៩៨៦ កសិករ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ​រួមទាំង​ក្រុមហ៊ុន​ Keenan ​Farms ​និង​ ​Wonderful Pistachios ​បាន​ពង្រីក​ការ​ដាំដុះ​យ៉ាង​ឆាប់រហ័ស​។ ​បច្ចុប្បន្ន​ ​សហរដ្ឋ​អាម៉េរិក​ជា​ប្រទេស​ផលិត​គ្រាប់​ភីស្តាស៊ីអូ​ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក​ ​ដោយ​ផ្គត់ផ្គង់​ជាង​ ៦០​ ​ភាគរយ​នៃ​ទីផ្សារ​សកល​។

​ទោះជា​យ៉ាងណា ​ឧស្សាហកម្ម​នេះ​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ធនធាន​ទឹក​ផងដែរ​។ ដើម​ភីស្តាស៊ីអូត្រូវការ​ពេល​រហូតដល់​ ៦ ​ឆ្នាំ​ទើប​អាច​ចេញ​ផ្លែ ​និង​ត្រូវការ​ទឹក​ច្រើន ​ជាពិសេស​នៅ​រដូវ​ក្តៅ​។​ គ្រោះ​រាំងស្ងួត ​និង​វិធានការ​រឹតបន្តឹង​ការ​បូម​ទឹក​ក្រោម​ដី ​បាន​ធ្វើឱ្យ​កសិករ​ខ្នាត​តូច​ជា​ច្រើន​ត្រូវ​ទុកដី​ចោល ​ដើម្បី​សន្សំ​សំចៃ​ទឹក​។

​ផ្ទុយទៅវិញ​ ​ក្រុមហ៊ុន​យក្ស​ ​Wonderful ​Pistachios ​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​មហាសេដ្ឋី​ Resnick ​នៅតែ​អាច​បន្តប្រតិបត្តិការ​បាន​ ​ដោយសារ​ក្រុមហ៊ុន​នេះ​កាន់កាប់​ភាគហ៊ុន​រហូតដល់​ ៥៧​ ​ភាគរយ​នៅក្នុង​ធនាគារ​ស្តុក​ទឹក​ក្រោម​ដី​ Kern ​Water ​Bank ​ដែល​ផ្តល់​លទ្ធភាព​ឱ្យ​ពួកគេ​មាន​ទឹក​បម្រុង​សម្រាប់​ប្រើប្រាស់​ក្នុង​អំឡុងពេល​គ្រោះ​រាំងស្ងួត​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអន្តរជាតិពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP)

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា