ការ​ស្ទង់​មតិ​៖​ពល​រដ្ឋ​អាម៉េរិក​ភាគ​ច្រើន​ ​ចង់​ឱ្យ​បញ្ចប់​សង្គ្រាម​អ៊ីរ៉ង់​ជា​បន្ទាន់ ​ដោយ​គ្មាន​លក្ខខណ្ឌ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការ​ស្ទង់​មតិ​៖​ពល​រដ្ឋ​អាម៉េរិក​ភាគ​ច្រើន​ ​ចង់​ឱ្យ​បញ្ចប់​សង្គ្រាម​អ៊ីរ៉ង់​ជា​បន្ទាន់ ​ដោយ​គ្មាន​លក្ខខណ្ឌ​

ការ​ស្ទង់​មតិ​៖​ពល​រដ្ឋ​អាម៉េរិក​ភាគ​ច្រើន​ ​ចង់​ឱ្យ​បញ្ចប់​សង្គ្រាម​អ៊ីរ៉ង់​ជា​បន្ទាន់ ​ដោយ​គ្មាន​លក្ខខណ្ឌ​

​អាម៉េរិក​៖​ ការ​ស្ទាបស្ទង់​មតិ​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ​ ​Maryland ​និង​ក្រុមហ៊ុន​ស្រាវជ្រាវ​ Ipsos ​បង្ហាញ​ថា​ ពល​រដ្ឋ​អាម៉េរិក​ពេញ​វ័យ​ចំនួន​ ៥៥ ​ភាគរយ​ គាំទ្រ​ឱ្យ​បញ្ចប់​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ជា​បន្ទាន់ ​ដោយ​មិន​ដាក់​លក្ខខណ្ឌ​ណាមួយ​ឡើយ​ ​ស្រប​ពេល​ការ​ចរចា​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​នៅតែ​ជាប់គាំង ​និង​ផលប៉ះពាល់​សេដ្ឋកិច្ច​ពី​សង្គ្រាម​កំពុង​បង្កើន​បន្ទុក​ចំណាយ​របស់​គ្រួសារ​អាម៉េរិក​។

យោង​តាម​លទ្ធផល​ស្ទាបស្ទង់​ដែល​ត្រូវ​បាន​កាសែត​ ​RT ​យ​ក​មក​ចុះ​ផ្សាយ ​ក្នុង​ចំណោម​អ្នក​គាំទ្រ​ឱ្យ​បញ្ចប់​សង្គ្រាម​ដោយ​គ្មាន​លក្ខខណ្ឌ​នេះ​ ​មាន​អ្នក​គាំទ្រ​គណបក្ស​ប្រជា​ធិបតេយ្យ​ចំនួន​ ​៨០​ ​ភាគរយ​ ​អ្នក​ឆ្លើយតប​ដែល​មិន​ប្រកាន់​បក្ស​នយោបាយ​ចំនួន​ ៥៩​ភាគរយ​ ​និង​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ចំនួន​ ​២៥​ ​ភាគរយ​។

​ចំណែក​អ្នក​ឆ្លើយតប​ចំនួន​ ​២១​ភាគរយ​ គាំទ្រ​ឱ្យ​បន្ត​សង្គ្រាម​រហូតដល់​អ៊ីរ៉ង់ព្រម​ទទួល​យក​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ ​ខណៈ​ ​១៨​ភាគរយ​ទៀត​ ​គាំទ្រ​ឱ្យ​បង្កើន​ការ​វាយប្រហារ​លើ​អ៊ីរ៉ង់​។

​សង្គ្រាម​នេះ​ក៏​បាន​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ ​និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​អាម៉េរិក​ ​តាមរយៈ​ការ​ធ្វើឱ្យ​តម្លៃ​ប្រេងឥន្ធនៈ​កើនឡើង​ខ្ពស់​ ​ដែល​បន្ថែម​បន្ទុក​ចំណាយ​ជា​មធ្យម​ចំនួន​ ១ ០៦៨ ​ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រួសារ​។ ​ភាព​មិន​ពេញចិត្ត​ចំពោះ​សង្គ្រាម​នេះ​ក៏​ត្រូវ​បាន​លើកឡើង​ថា​ ​ជា​កត្តា​មួយ​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​កាល​ពី​ថ្ងៃ​ទី​៣​ ​ខែ​វិច្ឆិកា​ ​ដែល​គណបក្ស​ប្រជា​ធិបតេយ្យ​ទទួល​បាន​សំឡេង​ភាគ​ច្រើន​ទាំង​នៅក្នុង​ព្រឹទ្ធសភា​ ​និង​រដ្ឋសភា​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ អនុ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ​J​.​D. Vance ​បាន​ទទួល​ស្គាល់​ថា​ ការ​មិន​អាច​ដោះស្រាយ​ជម្លោះ​ជាមួយ​អ៊ីរ៉ង់​បាន​ ​គឺ​ជា​មូលហេតុ​មួយ​ដែល​នាំឱ្យ​គណបក្ស​សាធារណរដ្ឋ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​។

​ទន្ទឹម​នឹង​នេះ​ ​ការ​ចរចា​ដោយ​ប្រយោល​រវាង​អាម៉េរិក​ ​និង​អ៊ីរ៉ង់​នៅតែ​ជាប់​គាំង ​ដោយ​ប្រធាន​សភា​អ៊ីរ៉ង់ ​លោក​ ​Mohammad Baqer ​Qalibaf ​បាន​លើកឡើង​ថា​ ​អ៊ីរ៉ង់​នឹង​វិលត្រឡប់​ទៅកាន់​តុ​ចរចា​វិញ​ ​លុះត្រា​តែ​ភាគី​អាមេរិក​បំពេញ​តាម​លក្ខខណ្ឌ​ទាំង​ ៧ ​របស់​ខ្លួន រួម​មាន​ការ​ដក​ការ​បិទ​ផ្លូវ​សមុទ្រ ​និង​ការ​ដោះលែង​ទ្រព្យសម្បត្តិ​របស់​អ៊ីរ៉ង់​ដែល​ត្រូវ​បាន​បង្កក​។

​ផ្ទុយ​ទៅវិញ​ ​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​ប្តេជ្ញា​ថា ​នឹង​បន្ត​រក្សា​ការ​បិទ​ផ្លូវ​នេះ​ ​រហូតដល់​អ៊ីរ៉ង់ព្រម​ទទួល​យក​កិច្ចព្រមព្រៀង​ដែល​ធានា​ថា​ ​ប្រទេស​នេះ​មិន​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​។ ​ចំណែក​អ៊ីរ៉ង់​វិញ​ ​បាន​អះអាង​ថា​ ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មាន​គោលបំណង​សន្តិភាព​ប៉ុណ្ណោះ​។

​លើស​ពី​នេះ​ ​ខណៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​មិន​ទាន់​ទទួល​បាន​លទ្ធផល​ ​មន្ត្រី​រដ្ឋបាល​លោក​ Trump ​ក៏​បាន​ពិភាក្សា​ឡើង​វិញ​អំពី​ផែនការ​ធ្វើឃាត​មេដឹកនាំ​ជាន់​ខ្ពស់​អ៊ីរ៉ង់​ផងដែរ​។ ​ការ​ពិភាក្សា​នេះ​កើតឡើង​បន្ទាប់ពី​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​កាលពី​ខែ​កុម្ភៈ ​ដែល​បាន​សម្លាប់​អតីត​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ ​លោក​ ​Ayatollah Ali Khamenei ​ប៉ុន្តែ​មិន​បាន​ធ្វើឱ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​ដួល​រលំ​ឡើយ​។

​ជាមួយគ្នា​នេះ​ ​នៅក្នុង​សភា​អាម៉េរិក​ ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជា​ធិបតេយ្យ​មួយចំនួន​កំពុង​ជំរុញ​ឱ្យ​កាត់ផ្តាច់​ថវិកា​សម្រាប់​សង្គ្រាម​នេះ​ ​ដោយ​សំណើ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពីពលរដ្ឋ​អាមេរិក​ចំនួន​ ​៣១​ភាគរយ​ ​បើ​ទោះបីជា​វា​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​បិទទ្វារ​រដ្ឋាភិបាល​ក៏​ដោយ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា