ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ភ្នំពេញ​៖​ ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​។

​លោក​ ​ហេង​ ​ពៅ​ ​ប្រធាន​បច្ចេកវិទ្យាន​វានុវត្តន៍​នៃ​សហព័ន្ធ​អភិវឌ្ឍន៍​ស្វាយ​កម្ពុជា​ ​(​CMD​F​)​ ​បាន​លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​នៃ​វេទិកា​ ​និង​ពិព័រណ៍​កសិកម្ម​កម្ពុជា​ ​ឆ្នាំ​២០២៦ ​(​CAF​E26​)​ ថា​ ​ទិន្នផល​ស្វាយ​ទូទាំង​ប្រទេស​មាន​ប្រមាណ​ ​២​,​២​លាន​តោន ​លើ​ផ្ទៃដី​ដាំដុះ​ប្រហែល​ ​១៥​ម៉ឺន​ហិកតា​ ​ខណៈ​ផលិតកម្ម​ស្វាយ​ត្រូវ​បាន​អ្នក​ជំនាញ ​និង​មន្ត្រី​ពាក់ព័ន្ធ​លើកឡើង​ថា​ ​មាន​បរិមាណ​លើស​តម្រូវការ​ក្នុង​ស្រុក​ប្រមាណ​ ​១០​ដង​។

​លោក​បាន​បញ្ជាក់​ថា​ ​ស្វាយ​មាន​លក្ខណៈ​ខុសពី​ដំណាំ​មួយចំនួន​ ​ដោយ​ផ្លែ​ដែល​ជ្រុះ​ដល់​ដី​អាច​ខូចខាត ​និង​មិន​អាច​ប្រមូល​យក​ទៅ​កែច្នៃ​បាន​ដូច​គ្រាប់​ចន្ទី ​ដែល​អាច​ប្រមូល​ទុក​ក្នុង​ឃ្លាំង​សម្ងួត​។ ​បញ្ហា​នេះ​ធ្វើឱ្យ​ការ​រៀបចំ​ទីផ្សារ ​និង​ការ​ពង្រីក​សមត្ថភាព​កែច្នៃ​មាន​សារៈសំខាន់​ចំពោះ​ការ​កាត់បន្ថយ​ការ​ខាតបង់​នៅពេល​ប្រមូល​ផល​។

​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ ​និង​ក្រសួង​ពាណិជ្ជកម្ម ​បង្ហាញ​ថា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ​កម្ពុជា​បាន​នាំចេញ​កសិផល​រុក្ខជាតិ​សរុប​ប្រមាណ ​១៥​លាន​តោន ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ដែល​មាន​តម្លៃ​ប្រមាណ​ ៥​,​៦​ពាន់​លាន​ដុល្លារ​អាម៉េរិក​។​ ​ក្នុង​នោះ​ ការ​នាំចេញ​ស្វាយ​ស្រស់​មាន​តម្លៃ​ ១០៨​លាន​ដុល្លារ​អាម៉េរិក​ ​កើនឡើង​ ០​,​១២​%​ ​និង​រក្សា​បាន​ទំហំ​នាំចេញ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន​។

​ទោះជា​យ៉ាងណា ​ការ​នាំចេញ​ស្វាយ​ស្រស់​នៅតែ​ប្រឈម​នឹង​របាំង​ភូត​គាម​អនាម័យ​ ​និង​ហានិភ័យ​នៃ​ការ​ខូចគុណភាព​។ ​តាម​ប្រភព​ ​ទីផ្សារ​គោលដៅ​របស់​ស្វាយ​កម្ពុជា​រួមមាន​ វៀតណាម ​ចិន ​និង​កូរ៉េ​ខាង​ត្បូង​ ​ខណៈ​ទីផ្សារ​ថៃ​ត្រូវ​បាន​រាយការណ៍​ថា​បាន​បិទ​។ ​ឧបសគ្គ​ទាំងនេះ​ជំរុញ​ឱ្យ​វិស័យ​ពាក់ព័ន្ធ​ស្វែងរក​វិធី​បង្កើន​តម្លៃ​បន្ថែម​តាមរយៈ​ការ​កែច្នៃ ​ដើម្បី​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំចេញ​ផ្លែ​ស្រស់​តែ​មួយ​មុខ​។

​ផលិតផល​កែច្នៃ​ស្វាយ​បាន​បង្ហាញ​សក្តានុពល​ក្នុង​ការ​ពង្រីក​ទីផ្សារ​។ ការ​នាំចេញ​ដំណាប់​ស្វាយ​បាន​កើនឡើង​ប្រមាណ​ ​២៧​%​ ​ក្នុង​ឆ្នាំ​២០២៥ ​ដោយសារ​តម្រូវការ​ខ្ពស់​ពី​ប្រទេស​ចិន ​និង​ទីផ្សារ​អាស៊ី​។ ​ជាមួយគ្នា​នេះ​ ការ​កែច្នៃ​ស្វាយ​ជា​ទឹក​កំហាប់​ ​ទឹក​ផ្លែ​ឈើ​ដប ​និង​ទឹក​ស៊ីរ៉ូ ​អាច​ជួយ​ស្រូបយក​ទិន្នផល​ដែល​នៅសល់​ពី​ការ​នាំចេញ​ផ្លែ​ស្រស់ ​និង​បង្កើត​ឱកាស​ពង្រីក​ការ​លក់​ទៅកាន់​ទីផ្សារ​ដូចជា​ ហុង​កុង ​សិង្ហបុរី ​និង​គុយវ៉ែត​។

​ទោះបីជា​មាន​សក្ដានុពល​កំណើន​ក៏​ដោយ​ ការ​កែច្នៃ​ស្វាយ​នៅ​កម្ពុជា​នៅតែ​ប្រឈម​នឹង​ថ្លៃ​ដើម​ផលិតកម្ម​ខ្ពស់​ កង្វះ​រោងចក្រ​កែច្នៃ​នៅ​តាម​ខេត្ត​មួយចំនួន​ ថ្លៃ​អគ្គិសនី​ ​និង​ថ្លៃ​ដឹកជញ្ជូន​ខ្ពស់​។ ​បញ្ហា​ទាំងនេះ​បង្កើន​ចំណាយ​ដល់​អ្នក​ផលិត ​និង​អ្នក​កែច្នៃ ​ព្រមទាំង​ប៉ះពាល់​ដល់​សមត្ថភាព​ប្រកួតប្រជែង​របស់​ផលិតផល​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ​។

​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ​ ​ក្រសួង​ពាណិជ្ជកម្ម​ ​ក្រសួង​កសិកម្ម ​និង​ក្រសួង​ឧស្សាហកម្ម ​កំពុង​សហការ​រៀបចំ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយ​។​ ទន្ទឹម​នឹង​នេះ​ ការ​ចងក្រង​សហគមន៍​កសិកម្ម​ទំនើប​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​យន្តការ​សំខាន់​ក្នុង​ការ​ភ្ជាប់​កសិករ​ទៅ​នឹង​រោងចក្រ​កែច្នៃ​ក្នុង​ស្រុក​។

​តាម​យន្តការ​នេះ​ ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​អាច​មាន​ភាព​ទៀងទាត់​ជាង​មុន​ ​ខណៈ​កសិករ​អាច​ទទួល​បាន​ភាព​ច្បាស់លាស់​លើ​ទីផ្សារ​ ​និង​តម្លៃ​ទិញ​ចូល​។ ​ការ​រៀបចំ​ទំនាក់ទំនង​រវាង​អ្នក​ដាំដុះ​ ​និង​អ្នក​កែច្នៃ​ ​ក៏​អាច​ជួយ​សម្របសម្រួល​បរិមាណ​ផលិតកម្ម​ឱ្យ​ស្រប​នឹង​តម្រូវការ​ទីផ្សារ ​និង​កាត់បន្ថយ​សម្ពាធ​លើ​តម្លៃ​នៅ​រដូវ​ប្រមូល​ផល​។

​បន្ថែម​ពី​នេះ​ ការ​ជំរុញ​ស្តង់ដារ​កសិកម្ម​ល្អ ​(​GAP​)​ ​និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ដាំដុះ​ដល់​កសិករ​ ​មាន​គោលដៅ​ជួយ​ឱ្យ​ផលិតផល​ស្វាយ​បំពេញ​តាម​ស្តង់ដារ​ភូត​គាម​អនាម័យ​ ​ដើម្បី​ពង្រីក​ឱកាស​នាំចេញ​ទាំង​ផ្លែ​ស្រស់ ​និង​ផលិតផល​កែច្នៃ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

​ការ​ពង្រីក​សមត្ថភាព​កែច្នៃ​ ការ​កាត់បន្ថយ​ថ្លៃ​ដើម​ ​និង​ការ​ភ្ជាប់​កសិករ​ជាមួយ​រោងចក្រ​តាមរយៈ​កិច្ចសន្យា​កសិកម្ម ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ចំណុច​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផលិតកម្ម​លើស​តម្រូវការ​ ​និង​ការ​ធ្លាក់​ថ្លៃ​ស្វាយ​។ វិធានការ​ទាំងនេះ​ក៏​មាន​គោលដៅ​ជួយ​បង្កើន​តម្លៃ​បន្ថែម​ពី​ផលិតផល​កសិកម្ម ​និង​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​វិស័យ​ស្វាយ​កម្ពុជា​នៅលើ​ទីផ្សារ​អន្តរជាតិ​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា