កែច្នៃ​ដំឡូង​មី​ស្រស់​ជា​ដំឡូង​ក្រៀម​​ ជួយ​កសិករ​លក់​លើស ១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កែច្នៃ​ដំឡូង​មី​ស្រស់​ជា​ដំឡូង​ក្រៀម​​ ជួយ​កសិករ​លក់​លើស ១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​

កែច្នៃ​ដំឡូង​មី​ស្រស់​ជា​ដំឡូង​ក្រៀម​​ ជួយ​កសិករ​លក់​លើស ១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​

​ភ្នំពេញ​៖​ ​កសិករ​ដាំ​ដំឡូង​មី​នៅ​កម្ពុជា​ជា​ច្រើន​កំពុង​ងាក​មក​កែច្នៃ​ដំឡូង​មី​ស្រស់ជា​ដំឡូង​មី​ក្រៀម ​ដើម្បី​ទទួល​បាន​តម្លៃ​លក់​ខ្ពស់​ជាង​មុន​ ​ដោយ​ដំឡូង​មីក្រៀម​អាច​លក់​បាន​ជាង​ ​១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ ​ខណៈ​តម្លៃ​ដំឡូង​មី​ស្រស់​នៅ​តំបន់​មួយចំនួន​មាន​ចន្លោះ​ពី​ ​៤៥០ ​ទៅ​ជាង​ ​៥៤០​ រៀល​ក្នុង​មួយ​គីឡូក្រាម ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​ ២០២៦ ​នេះ​។

យោង​តាម​សមាគម​កសិករ​ដំឡូងមី​ខ្មែរ ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ AMS ថា​ ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២៦ ​តម្លៃ​ដំឡូង​មី​ស្រស់ ​និង​ក្រៀម​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ ​ដោយ​តម្លៃ​ទិញ​ចូល​នៅ​តាម​សៃឡូ ​និង​រោងចក្រ​កែច្នៃ​មាន​ភាព​ខុសគ្នា​ទៅតាម​ទីតាំង​ភូមិសាស្ត្រ​ ​កម្រិត​ជាតិ​ម្សៅ​ ​និង​ថ្លៃ​ដើម​ដឹកជញ្ជូន​។

​តាម​សមាគម​ ​ខេត្ត​កំពង់ចាម ត្បូង​ឃ្មុំ ​និង​ក្រចេះ ​ជា​តំបន់​ដែល​មាន​តម្លៃ​ដំឡូង​មី​ស្រស់​ខ្ពស់​ ​ដោយ​លក់​បាន​ចន្លោះ​ពី​ ​៥​២០ ​ទៅ​ ​៥៤០​ រៀល​ក្នុង​មួយ​គីឡូក្រាម​។ ​ចំណែក​ខេត្ត​បាត់ដំបង​ ប៉ៃលិន​ ​កំពង់ធំ​ ​មណ្ឌល​គិរី ​ពោធិ៍​សាត់​ ​ព្រះ​វិហារ ​និង​តំបន់​ឱរ៉ាល់ ​ខេត្ត​កំពង់ស្ពឺ ​មាន​តម្លៃ​ចន្លោះ​ពី​ ​៣៥០​ ​ទៅ​ ៤៩០​ រៀល​ក្នុង​មួយ​គីឡូក្រាម​។

​ដោយឡែក​ តំបន់​ដាច់ស្រយាល​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ច្រក​ព្រំដែន​វៀតណាម ​ទទួល​បាន​តម្លៃ​ប្រមាណ​ពី​ ​២៧០​ ​ទៅ​ ​៣០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ ​ឬ​ជា​មធ្យម​ប្រមាណ ​២៩០​ រៀល ​ដោយសារ​ថ្លៃ​ដឹកជញ្ជូន​ខ្ពស់ ​និង​ការ​ពឹងផ្អែក​លើ​ឈ្មួញ​កណ្តាល​។

​លោក​ អិល​ ​ឈិញ​ ​ប្រធាន​សមាគម​កសិករ​ដំឡូង​មី​ខ្មែរ ​បាន​បញ្ជាក់​ថា​ ​តម្លៃ​ដំឡូង​មី​ក្រៀម​មាន​បី​កម្រិត​ទៅ​តាម​វិធីសាស្ត្រ​កែច្នៃ​។ ​ក្នុង​នោះ​ ​ដំឡូង​មី​ដែល​កាត់​ដោយ​ម៉ាស៊ីន​មាន​តម្លៃ​ ៨៥០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ ការ​កាត់​ដោយ​កម្លាំង​ដៃ​មាន​តម្លៃ​ជាង​ ៩០០​ រៀល ​និង​ការ​កាត់​ដោយ​ម៉ាស៊ីន​បក​សំបក​ចេញ​មាន​តម្លៃ​ជាង​ ​១ ០០០​ រៀល​ក្នុង​មួយ​គីឡូ​ក្រាម​។

ការ​ងាក​មក​កែច្នៃ​ដំឡូង​មី​ស្រស់ជា​ដំឡូង​មីក្រៀម​នេះ​ ​ក៏​ដោយសារ​កសិករ​មើល​ឃើញ​ពី​គម្លាត​តម្លៃ​រវាង​ផលិតផល​ទាំង​ពីរ ​និង​អត្ថប្រយោជន៍​នៃ​ការ​ស្តុក​ទុក​ក្នុង​រដូវ​ប្រាំង​ផងដែរ​។

​លោក​ប្រធាន​សមាគម​បាន​វិភាគ​ថា​ ​ការ​កើនឡើង​នៃ​តម្លៃ​ដំឡូង​មីក្នុង​ឆ្នាំ​២០២៦ ​បណ្តាល​មកពី​កត្តា​សំខាន់​ៗ​ចំនួន​ ៤​។ ​កត្តា​ទី​១ ​គឺ​ការ​ធ្លាក់ចុះ​ខ្លាំង​នៃ​តម្លៃ​ដំឡូង​មី​ក្នុង​ឆ្នាំ​២០២៤​-​២០២៥ ​រួម​ជាមួយ​បញ្ហា​កង្វះ​ពូជ ​និង​ការ​ទទួល​បាន​ព័ត៌មាន​ទីផ្សារ​មិន​ពេញលេញ ​បាន​ធ្វើឱ្យ​កសិករ​កាត់បន្ថយ​ផ្ទៃដី​ដាំដុះ​ប្រមាណ ​៣០​%​។ ​ជា​លទ្ធផល​ ​ផ្ទៃដី​ដាំដុះ​ដំឡូង​មី​ក្នុង​ឆ្នាំ​២០២៦ ​នៅ​សល់​ប្រមាណ​ ​៦០​ ​ទៅ​ ​៧០​ ម៉ឺន​ហិកតា​ប៉ុណ្ណោះ ​ដែល​ធ្វើឱ្យ​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ថយ​ចុះ​ ​និង​បង្ខំឱ្យ​សៃ​ឡូ ​និង​រោងចក្រ​កែច្នៃ​ប្រកួត​ប្រជែង​គ្នា​ទិញ​។

​កត្តា​ទី​២ ​គឺ​តម្រូវការ​ដំឡូងមី​ពី​ទីផ្សារ​នាំចេញ​សំខាន់​ៗ រួម​មាន​វៀតណាម​ ​ថៃ​ ​និង​ចិន ​បាន​កើនឡើង​វិញ​។ ​ដំឡូង​មី​ត្រូវ​បាន​នាំយក​ទៅ​កែច្នៃ​ជា​ម្សៅ​ដំឡូង​មី ​ចំណី​សត្វ​ ​និង​អេតាណុល​។ ​ជាក់ស្តែង​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដើម​ឆ្នាំ​២០២៦ ​កម្ពុជា​រក​ចំណូល​បាន​ ៥៣១ លាន​ដុល្លារ​អាម៉េរិក​ពី​ការ​នាំចេញ​ដំឡូង​មី ​កើនឡើង​ ​១៧​,​៦១​%​ ធៀប​នឹង​ឆ្នាំ​មុន​។

​ក​ត្តា​ទី​៣ ​គឺ​ការ​ពង្រីក​សមត្ថភាព​កែច្នៃ​ក្នុង​ស្រុក​ ​តាមរយៈ​ការ​បង្កើន​សមត្ថភាព​ផលិត​ម្សៅ​ដំឡូង​មី ​ការ​លើកកម្ពស់​គុណភាព​ផលិតផល​ឱ្យ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ ​និង​ការ​ទាក់ទាញ​វិនិយោគិន​ក្នុង​វិស័យ​ផលិត​ថាមពល​ជីវ​អេតាណុល​។

​ចំណែក​កត្តា​ទី​៤​ ​គឺ​វដ្ត​ឡើង​ចុះ​នៃ​តម្លៃ​ដំឡូង​មី​។ ​អ្នក​ជំនាញ​កសិកម្ម​កត់សម្គាល់​ថា​ ​តម្លៃ​ដំឡូង​មី​ជា​ទូទៅ​មាន​វដ្ត​ប្រែប្រួល​រៀងរាល់​ ៤​ ​ទៅ​ ​១០ ​ឆ្នាំ​ម្តង​ ​ដូចជា​បទពិសោធន៍​ក្នុង​ឆ្នាំ​២០០៥​-​២០០៦ ​ឆ្នាំ​២០១៥​-​២០១៦ ​និង​ឆ្នាំ​២០២៥​-​២០២៦​។ ​ក្នុង​ន័យ​នេះ​ ​លោក​ អិល​ ​ឈិញ​ ​បាន​សង្កត់ធ្ងន់​ពី​ភាព​ចាំបាច់​នៃ​ការ​វិភាគ​សេដ្ឋកិច្ច​ ​និង​តម្រូវការ​ទីផ្សារ​ឱ្យ​បាន​ច្បាស់លាស់ ​ដើម្បី​ជួយ​កសិករ​ព្យាករណ៍​ ​និង​ត្រៀម​ខ្លួន​ទប់ទល់​នឹង​វដ្ត​ប្រែប្រួល​តម្លៃ​នេះ​។

​គួរ​បញ្ជាក់​ថា ​បន្ទាប់ពី​ការ​អនុវត្ត​ ​«​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី ​ឆ្នាំ​២០២០​-​២០​២៥​»​ ​ទទួល​បាន​លទ្ធផល​វិជ្ជមាន រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាតឱ្យ​បន្ត​រៀបចំ ​«​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ដំឡូង​មី ​ដំណាក់កាល​ទី​២​»​ ​សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​បន្ទាប់ ​ដើម្បី​បន្ត​ពង្រឹង​ផលិតភាព​ ​គុណភាព ការ​កែច្នៃ​ ការ​បង្កើន​តម្លៃ​បន្ថែម​ ​និង​ការ​ពង្រីក​ទីផ្សារ ​ឱ្យ​វិស័យ​ដំឡូង​មី​កម្ពុជា​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ ​និង​និរន្តរភាព​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា