ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ភ្នំពេញ៖ កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)។

Advertisement

លោក ហេង ពៅ ប្រធានសមាគមអ្នកដាំស្វាយឧត្តរមានជ័យ បានឱ្យដឹងថា ស្វាយកែវរមៀតឧត្តរមានជ័យ មានលក្ខណៈពិសេសគឺមានសាច់ណែន ស្រួយ មានទឹកដម និងរសជាតិជូរអែមឆ្ងាញ់ អាចកែច្នៃបានច្រើនប្រភេទ ហើយដោយសារតែលក្ខណៈពិសេសខុសពីតំបន់ផ្សេងៗ ស្វាយកែវរមៀតឧត្តរមានជ័យ ត្រូវបានក្រសួងពាណិជ្ជកម្មសម្រេចចុះជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI) កាលពីជាងមួយខែមុននេះ។

លោកបានបញ្ជាក់ថា ស្វាយកែវរមៀត មានប្រភពដាំដុះនៅតាមបណ្តាយជួរភ្នំដងរែកក្នុងខេត្តឧត្តរមានជ័យ ដែលជាតំបន់ដីមានជីជាតិល្អជាងគេមួយ។ ផ្ទៃដីដាំដុះស្វាយកែវរមៀត កើនដល់ជាង ១ ម៉ឺនហិកតា នៅទូទាំងខេត្ត គិតមកដល់ពេលនេះ ហើយក្នុងមួយឆ្នាំ ផលទទួលបានក្នុងរង្វង់ជាង ២០ ម៉ឺនតោន។

លោក ហេង ពៅ បានឱ្យដឹងថា៖

“ក្រោយពីការចុះបញ្ជី GI នឹងជំរុញកសិករដាំដុះបន្ថែមទៀត និងជាការបើកផ្លូវឱ្យស្វាយឧត្តរមាន​ជ័យ​មានទីផ្សារល្អ លក់ដាច់ ជាពិសេសនៅតាមផ្សារទំនើបនានា ហើយក៏ជំរុញទឹកចិត្ត ឱ្យពួកគាត់បន្តផលិតស្វាយដែលមានគុណភាពខ្ពស់ និងស្វែងរកជម្រើសកែច្នៃបន្ថែមទៀត ដូចជាដំណាប់ស្វាយ និងស្វាយត្រាំជាដើម។ បច្ចុប្បន្ន សមាគមកំពុងដំណើរការរៀបចំជួយកសិករ ដើម្បីទទួលបាន​អត្ថប្រយោជន៍ពីGIនេះ។”

បើតាមលោកប្រធានសមាគមអ្នកដាំស្វាយខេត្តឧត្តរមានជ័យ បច្ចុប្បន្ននេះ តម្លៃស្វាយកែវរមៀតក្នុងខេត្តឧត្តរមានជ័យ មានតម្លៃត្រឹមតែចន្លោះពី ១០០ រៀលទៅ ២០០ រៀល ក្នុងមួយគីឡូប៉ុណ្ណោះ ហើយរដូវខ្សត់ស្វាយ ឬខុសរដូវ មានតម្លៃប្រមាណ ១០០០ រៀល ក្នុងមួយគីឡូក្រាម។

លោកបានឱ្យដឹងទៀតថា ស្របពេលដែលឧត្តរមានជ័យ មិនទាន់មានរោងចក្រកែច្នៃ លោករំពឹងថា ការចុះបញ្ជី GI នេះ នឹងជួយទាក់ទាញអ្នកវិនិយោគ បង្កើតកន្លែងកែច្នៃ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ដែលនឹងធ្វើឱ្យតម្លៃកើនឡើងជាងធម្មតា។

លោកស្រី សុភាព កសិករដាំស្វាយមកពីខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ការទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI នេះ ជាសមិទ្ធផលដ៏ធំធេងសម្រាប់សហគមន៍របស់លោកស្រី និងជាសញ្ញាមួយដែលបង្ហាញថា ផលិតផល និងសហគមន៍របស់ពួកគាត់ ទីបំផុតត្រូវបានគេមើលឃើញ និងឱ្យតម្លៃ។

សូមជម្រាបថា សមាគមអ្នកដាំស្វាយឧត្តរមានជ័យគាំទ្រពីមូលនិធិអាកាសធាតុបៃតង គម្រោងគជ់ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករពេញមួយដំណើរការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ សម្រាប់ស្វាយឧត្តរមានជ័យ រាប់ចាប់ពីការពង្រឹងក្រុមអ្នកផលិត ការកែលម្អស្តង់ដារផលិតផល រហូតដល់ការគាំទ្រដល់ការរៀបចំម៉ាកយីហោ និងការពង្រឹងឱកាសទីផ្សារ។ ការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ព្រមទាំងគាំទ្របច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បាន និងកំពុងជួយកសិករប្រែក្លាយផលិតផលក្នុងស្រុកទៅជាឱកាសសេដ្ឋកិច្ចដ៏រឹងមាំជាងមុន។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍កាលពីថ្មៗនេះថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញGI នេះជាជំហានសំខាន់ក្នុងការជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះនិងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។

យោងតាមក្រសួងពាណិជ្ជកម្ម ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា (Geographical Indications (GI) រហូតមកដល់ពេលនេះ កើនឡើងដល់ចំនួន ១២ ដែលក្នុងនោះមាន៖ ១) ម្រេចកំពត ២) ស្ករត្នោតកំពង់ស្ពឺ ៣) ឃ្មុំព្រៃមណ្ឌលគិរី ៤) ក្រូចថ្លុងកោះទ្រុង ៥) ទឹកត្រីកំពតកែប ៦) អំបិលកំពតកែប ៧) បង្កងតាកែវ ៨) ប្រហុកសៀមរាប ៩) ស្វាយចន្ទីកំពង់ធំ ១០) ស្វាយឧត្តរមានជ័យ ១១) ក្តាមថ្មកោះកុង និង ១២) សូត្រមាសភ្នំស្រុក៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា