“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ភ្នំពេញ​៖​ ​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦។

​ក្រសួង​ពាណិជ្ជកម្ម​ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឱ្យដឹងថា ​នេះគឺជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ ​ព្រមទាំង​រួម​ចំណែក​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់​សហគមន៍​អ្នក​ដាំដុះ​ ​និង​អាជីវករ​ក្រូច​ពោធិ៍សាត់ ​ក្នុង​ខេត្ត​ពោធិ៍សាត់​។

​ក្រូច​ពោធិ៍​សាត់ ​មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន ​រួម​មាន​ ​រសជាតិ​ជូរ​អែម ​ឆ្ងាញ់​ពិសា ​និង​មាន​សំបក​ពណ៌​បៃតង​ ​ពណ៌​លឿង​ ​ឬ​ពណ៌​លឿង​ទុំ ​ដែល​មាន​ផ្ទៃ​រលោង ​ឬ​គ្រើម​តិច​ៗ​។ ​ផ្លែ​ក្រូច​នេះ​មាន​កំពឹស​ទន់ ​ទឹក​ច្រើន​ ​ឬ​កំពឹស​រឹង ​និង​សាច់​ច្រើន​។

​បច្ចុប្បន្ន​ ​«​ក្រូច​ពោធិ៍សាត់​» ​មាន​ផ្ទៃដី​ដាំដុះ​សរុប​ចំនួន​ ៣​ ០៤៧ ​ហិកតា​ ​ក្នុង​នោះ​ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន​ ១​ ៩៣៨ ​ហិកតា ​ដោយ​ផ្តល់​បរិមាណ​ផល​ប្រមាណ ​២៩​ ៨៨១​ តោន​ក្នុង​មួយ​ឆ្នាំ​។​

​ការ​ប្រមូល​ផល​ក្រូច​ពោធិ៍​សាត់​មាន​រយៈពេល​ ៨ ​ខែ ​ចាប់​ពី​ខែ​មិថុនា ​ដល់​ខែ​វិច្ឆិកា ​ជា​រៀងរាល់​ឆ្នាំ​ ​និង​ផ្តល់​ទិន្នផល​ជា​មធ្យម​ពី​ ​១២​ ​ទៅ​ ​១៦​ តោន​ក្នុង​មួយ​ហិកតា​។

គិត​ត្រឹម​បច្ចុប្បន្ន​ ​កម្ពុជា​បាន​ចុះ​បញ្ជី​ផលិតផល​សក្ដានុពល​ចំនួន​ ​២៤ ជា​ផលិតផល​ ​«​អត្តសញ្ញាណ​» ​ក្នុង​នោះ​ផលិតផល​សមូហភាព​មាន​ចំនួន​ ១១​ប្រភេទ​ ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មាន​ចំនួន​ ១២ ​និង​ម៉ាក​វិញ្ញាតិ​កម្ម​មាន​ចំនួន​ ១​។

​ផលិតផល​ម៉ាក​សមូហភាព​ចំនួន​ ១១ ​ដែល​ត្រូវ​បាន​ចុះបញ្ជី រួម​មាន​ គុយ​ទាវ​ភ្នំពេញ​,​ ​អង្ករ​ព្រះវិហារ​,​ ​អំបុក​កំពង់ធំ​,​ ​អង្ករ​ក្រអូប​ SKO​,​ ​អង្ករ​ដំណើប​ DSMK​,​ នំ​បញ្ចុក​សៀមរាប​,​ ​ក្រូច​ថ្លុង​កោះ​ពីរ​,​ ដូង​ខ្ទះ​បាត់ដំបង​,​ ​ចម្លាក់​ប្រាក់​ស្ពាន់​ខេត្ត​កណ្តាល​,​ ​ថ្នាំ​ជក់​កម្ពុជា​ ​និង​សម្បុក​ត្រចៀក​កាំ​កម្ពុជា​។

​ចំណែក​ផលិតផល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទាំង ​១២ ​ដែល​បាន​ចុះ​បញ្ជី រួម​មាន​ ម្រេច​កំពត​,​ ​ស្ករ​ត្នោត​កំពង់ស្ពឺ​,​ ​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​,​ ​ក្រូច​ថ្លុង​កោះ​ទ្រង់​,​ ​ទឹក​ត្រី​កំពត​កែប​,​ ​អំបិល​កំពត​កែប​,​ ​បង្កង​តា​កែវ​,​ ប្រហុក​សៀម​រាប​,​ ​ស្វាយចន្ទី​កំពង់ធំ​,​ ​ស្វាយ​ឧត្តរ​មាន​ជ័យ​,​ ​ក្តាម​ថ្ម​កោះ​កុង ​និង​សូត្រ​មាស​ភ្នំ​ស្រុក​។

​ដោយឡែក​ ​ម៉ាក​វិញ្ញាតិ​កម្ម​មាន​តែ​អង្ករ​ម្លិះ​អង្គរ ​(​Malys ​Angkor​)​ មួយ​មុខ​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​។ ​ម៉ាក​វិញ្ញាតិ​កម្ម​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ ​ហើយ​ផ្សារភ្ជាប់​ទៅ​នឹង​កត្តា​ភូមិសាស្ត្រ​ ​និង​ចំណេះដឹង​បែប​ប្រពៃណី ​ព្រមទាំង​ជំនាញ​នៃ​ការ​ផលិត​ផងដែរ​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា