កម្មវិធី​ ​«​Race Across the ​World​»​ ​ជ្រើសរើស​កម្ពុជា​ ​បង្ហាញ​សម្រស់ ​និង​បេតិកភណ្ឌ​ទៅកាន់​ពិភពលោក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធី​ ​«​Race Across the ​World​»​ ​ជ្រើសរើស​កម្ពុជា​ ​បង្ហាញ​សម្រស់ ​និង​បេតិកភណ្ឌ​ទៅកាន់​ពិភពលោក​

កម្មវិធី​ ​«​Race Across the ​World​»​ ​ជ្រើសរើស​កម្ពុជា​ ​បង្ហាញ​សម្រស់ ​និង​បេតិកភណ្ឌ​ទៅកាន់​ពិភពលោក​

​សៀមរាប​៖​ ​កម្ម​វិធី​ ​«​Race Across the ​World​» ​បាន​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​គោលដៅ​មួយ​ក្នុង​ដំណើរការ​ប្រកួត ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ ​ជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​បង្ហាញ​សម្រស់​ ​បេតិកភណ្ឌ​ ​វប្បធម៌ ​និង​ភាព​កក់ក្តៅ​របស់​ប្រជាជន​កម្ពុជា​ ​ទៅកាន់​ទស្សនិកជន​ជុំវិញ​ពិភពលោក​។

​ឯក​ឧត្តម​ ​ហួត ​ហាក់​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​បាន​លើកឡើង​ដូច្នេះ​ ​ក្នុង​ឱកាស​អញ្ជើញ​ចុះ​សំណេះ​សំណាល សួរ​សុខទុក្ខ ​និង​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ផលិតកម្ម ​និង​ក្រុម​អ្នក​ចូលរួម​ក្នុង​កម្មវិធី​ ​«​Race Across the ​World​» ​ដែល​មាន​សមាជិក​ចំនួន​ ៤២​រូប ​ដឹកនាំ​ដោយ​លោក​ ​JAVI​ER LLAN​OS SAN​CHEZ ​ប្រធាន​ក្រុម​កម្មវិធី​ ​ក្នុង​ឱកាស​រៀបចំ​ការ​ថត​នៅ​ប្រាសាទ​តាព្រហ្ម​ ​ខេត្ត​សៀមរាប​ ​នា​ថ្ងៃ​ទី​២០ ​ខែ​សីហា ​ឆ្នាំ​២០២៦​។​

ការ​ចុះ​សំណេះសំណាល​នេះ​ ​មាន​គោលបំណង​ស្វាគមន៍​ ​និង​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ផលិតកម្ម​អន្តរជាតិ​ ​ដែល​បាន​ជ្រើសរើស​កម្ពុជា​ជា​ទីតាំង​ថត​កម្មវិធី​ ​ព្រមទាំង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ និង​ការ​គាំទ្រ​របស់​ក្រសួង​ទេសចរណ៍​ចំពោះ​ការ​ផលិត​កម្មវិធី​ ​និង​ភាពយន្ត​អន្តរជាតិ​នៅ​កម្ពុជា​។

​ជាមួយគ្នា​នេះ​ ​ក្រសួង​ទេសចរណ៍​មាន​គោលបំណង​ជំរុញ​ការ​ប្រើប្រាស់​វិស័យ​ភាពយន្ត ​និង​កម្មវិធី​កម្សាន្ត​អន្តរជាតិ​ ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​ បេតិកភណ្ឌ​វប្បធម៌ ​ប្រវត្តិសាស្ត្រ​ ​អរិយធម៌​ ​ធនធាន​ធម្មជាតិ​ ​និង​ភាព​សម្បូរបែប​នៃ​គោលដៅ​ទេសចរណ៍​កម្ពុជា​ ​ទៅកាន់​ទស្សនិកជន​អន្តរជាតិ​។

​ឯកឧត្តម​ ​ហួត​ ​ហាក់ ​បាន​គូសបញ្ជាក់​បន្ថែម​ថា​ ​ការ​ជ្រើសរើស​ប្រាសាទ​តាព្រហ្ម​ជា​ទីតាំង​ថត​កម្មវិធី​នា​ពេល​នេះ​ ​គឺជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​បង្ហាញ​ទៅកាន់​ពិភពលោក​នូវ​មន្តស្នេហ៍​នៃ​តំបន់​អង្គរ ​ដែល​មាន​ការ​រួមបញ្ចូលគ្នា​យ៉ាង​អស្ចារ្យ​រវាង​ស្ថាបត្យកម្ម​បុរាណ បេតិកភណ្ឌ​វប្បធម៌ ​និង​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​។

​លោក​បាន​បញ្ជាក់​ថា​ ការ​ថត​កម្មវិធី​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ក៏​នឹង​រួមចំណែក​លើកកម្ពស់​កិត្យានុភាព​របស់​កម្ពុជា​ ​ក្នុងនាម​ជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​ភាព​ទាក់ទាញ​ ​និង​ភាព​កក់​ក្តៅ​ ​សម្រាប់​ភ្ញៀវ​ទេសចរ ​និង​ផលិតកម្ម​អន្តរជាតិ​។

​«​Race ​Across the ​World​» ​គឺជា​កម្មវិធី​ប្រកួតប្រជែង​បែបផ្សង​ព្រេង​ឆ្លងកាត់​ប្រទេស​នានា ​ដោយ​អ្នក​ចូលរួម​ត្រូវ​ធ្វើដំណើរ​ក្រោម​ថវិកា​កំណត់ និង​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ក្នុង​ស្រុក​។ តាមរយៈ​ការ​ធ្វើដំណើរ​នេះ​ ​អ្នក​ចូលរួម​មាន​ឱកាស​ស្វែងយល់ ​និង​ទទួល​បទ​ពិសោធន៍​ដោយ​ផ្ទាល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​ វប្បធម៌​ ​ប្រពៃណី ​និង​គោលដៅ​ទេសចរណ៍​នានា​តាម​ដង​ផ្លូវ​។

​ក្នុង​ដំណើរ​ប្រកួត​នេះ​ ​កម្មវិធី​បាន​ឆ្លងកាត់​ប្រទេស​មួយ​ចំនួន រួម​មាន​ ​ចិន​ វៀតណាម​ ​កម្ពុជា​ ឡាវ​ ​ម៉ាឡេស៊ី ​និង​ឥណ្ឌូណេស៊ី​។​ ​កម្មវិធី​នេះ​គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​ប្រទេស​អេស្ប៉ាញ​នា​ពេល​ខាង​មុខ​ ​តាមរយៈ​ស្ថាប័ន​ដែល​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ផលិត ​និង​ចាក់​ផ្សាយ​កម្មវិធី​ ​«​Race Across the ​World​»​។

​«​Race Across the ​World​» ​គឺជា​កម្មវិធី​ទូរទស្សន៍​អន្តរជាតិ​ដ៏​ល្បីល្បាញ​ ​និង​ជា​ម្ចាស់​ពានរង្វាន់ BAFT​A ​ដែល​តាមដាន​ដំណើរ​ផ្សងព្រេង ​និង​ការ​ប្រកួតប្រជែង​របស់​អ្នក​ចូលរួម​ជា​គូ​ៗ ទាំង​ប្រជាជន​ទូទៅ ​និង​បុគ្គល​ល្បី​ៗ​ ​ឆ្លងកាត់​ប្រទេស​ជា​ច្រើន​។

​នៅ​ចក្រភព​អង់គ្លេស​ ​កម្មវិធី​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​ BB​C ​និង​មាន​អ្នក​ទស្សនា​រាប់​លាន​នាក់​ក្នុង​មួយ​ភាគ​។ ​កម្មវិធី​នេះ​ក៏​មាន​អ្នក​ទស្សនា​តាម​អនឡាញ​រាប់​លាន​ដង​នៅលើ​ ​BB​C iPlayer ​និង​ជាប់​ចំណាត់ថ្នាក់​ជា​ប្រចាំ​ក្នុង​ចំណោម​កម្មវិធី​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់​។

ការ​ជ្រើសរើស​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​ដំណើរ​របស់​កម្មវិធី​នេះ​ ​នឹង​ផ្តល់​ឱកាស​ឱ្យ​ទស្សនិកជន​អន្តរជាតិ​បាន​ស្គាល់​កម្ពុជា​តាមរយៈ​បទពិសោធន៍​ជាក់ស្តែង​របស់​អ្នក​ចូលរួម​ ​និង​ការ​បង្ហាញ​ពី​ទីតាំង​ទេសចរណ៍​ ​វប្បធម៌​ ​ប្រពៃណី ​និង​ជីវភាព​របស់​ប្រជាជន​កម្ពុជា​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា