ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី។

Advertisement

លោក លីវ សុផល ប្រជានេសាទត្រពាំងសង្កែ ក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត មានប្រសាសន៍ប្រាប់បណ្តាញព័ត៌មាន AMS ថា គ្រួសារលោក ក៏ដូចជាប្រជានេសាទផ្សេងទៀតបានចាប់យករបរចិញ្ចឹមត្រីឆ្ពង់ ជំនួសឱ្យរបរនេសាទតាមបែបប្រពៃណីចាប់តាំងពីឆ្នាំ ២០២៣ ដែលអាចជួយឱ្យលោកមានជីវភាពប្រសើរជាងមុនមួយកម្រិត។

គ្រួសារលោក លីវ សុផល ចាប់ផ្តើមរបរចិញ្ចឹមត្រីឆ្ពង់ដំបូងចំនួនជាង ១,០០០ ក្បាល តាមរយៈការផ្តល់កូនត្រីពីអង្គការក្រៅរដ្ឋាភិបាល ហើយចិញ្ចឹមរយៈពេលចន្លោះពី ០៦ ទៅ ០៧ ខែ ត្រីចាប់ផ្តើមធំមានទម្ងន់ជាមធ្យម ០១ គីឡូក្រាម អាចចាប់លក់បាននៅលើទីផ្សារក្នុងមួយគីឡូក្រាមតម្លៃចន្លោះពី ២០,០០០ រៀលទៅដល់ ២៥,០០០ រៀល អាស្រ័យទៅលើការកុម្ម៉ង់ទិញតិចឬច្រើន ដោយតម្រូវការភាគច្រើនសម្រាប់ធ្វើម្ហូបតាមតុការ។  

លោក ស៊ឹម ហ៊ីប ប្រធានសហគមន៍នេសាទត្រពាំងសង្កែ មានប្រសាសន៍ថា ដើមឡើយការចិញ្ចឹមត្រីឆ្ពង់របស់សហគមន៍នេសាទខាងលើ មានចំនួន៣០បែប៉ុណ្ណោះ ប៉ុន្តែដោយសារមើលឃើញពីអត្ថប្រយោជន៍ជួយឱ្យមានជីវភាពកាន់តែប្រសើរឡើង ពួកគាត់បានងាកមកចិញ្ចឹមត្រីឆ្ពង់មានចំនួនច្រើនឡើងៗរហូតដល់ជិត ២០០បែ នៅពេលបច្ចុប្បន្ន «ជីវភាពគាត់ល្អជាងពេលមុនច្រើន កាលមុនពេលទៅនេសាទ គាត់យកកូនយកប្រពន្ធទៅជាមួយ ហើយកូនៗមិនបានចូលសាលាទេ ប៉ុន្តែមកទល់ឆ្នាំ ២០២៦ ជីវភាពពួកគាត់បានប្រសើរជាងពេលមុន ចំណែកកូនៗបានទៅរៀនគ្រប់ៗគ្នាទាំងអស់»។

នៅអំឡុងឆ្នាំ២០២៣ ពលរដ្ឋមួយគ្រួសារចាប់ផ្ដើមចិញ្ចឹមត្រីឆ្ពង់ចំនួន ០៣ បែ ដោយដាក់កូនត្រីសរុបចំនួន ១០៥០ ក្បាល លុះការចិញ្ចឹមបានចំនួន ០៧ ខែ ពួកគាត់អាចចាប់លក់រកផលចំណេញបានប្រមាណចន្លោះពី ០៤ទៅ០៥លានរៀលក្នុងមួយគ្រួសារ។ ដោយសារទទួលបានផលចំណេញដូច្នេះ គ្រួសារសហគមន៍នេសាទក៏ចាប់ផ្ដើមពង្រីកមុខរបរកាន់តែធំឡើងៗ តាមរយៈការបង្កើនបែចិញ្ចឹមពីចំនួន ០៣ បែទៅដល់ចំនួន ០៥ បែ ឬទៅដល់ ០៧ បែ ឬលើសពីនេះ។

យ៉ាងណាក៏ដោយ ដោយសារមិនមានបច្ចេកទេសគ្រប់គ្រាន់ រហូតដល់ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ការចិញ្ចឹមត្រីឆ្ពង់ ហាក់មិនមានភាពកាក់កប ឬគ្រួសារខ្លះត្រូវខាតបង់អស់ថវិកាមួយចំនួន ដោយសារកូនត្រីងាប់ជាបន្តបន្ទាប់ដោយពុំដឹងមូលហេតុ។ ដោយឃើញករណីនេះប្រជាសហគមន៍ខាងលើ ក៏បានទៅរៀនបច្ចេកទេសពីសហគមន៍ផ្សេង ដូចជារៀនបច្ចេកទេសពីសមាគមវារីវប្បកម្មកម្ពុជា ហើយមកទល់បច្ចុប្បន្នការចិញ្ចឹមត្រីឆ្ពង់មានភាពប្រសើរឡើងវិញ កូនត្រីលែងងាប់ដូចពេលមុនទៀត។  

លោក ស៊ឹម ហ៊ីប បានថ្លែងថា៖

“កាលមុនមិនដឹងយ៉ាងម៉េចទេដាក់បានមួយខែងាប់ស្ទើរអស់ ប្រជាពលរដ្ឋខាតច្រើនដូចខ្ញុំអីអស់ជិត២០លានរៀល ប៉ុន្តែមិនអីទេខ្ញុំគិតថាឧបសគ្គគ្រាន់ជាមេរៀនប៉ុណ្ណោះ ហើយក្រោយពីរៀនបច្ចេកទេសមកឥឡូវការចិញ្ចឹមត្រីបានល្អឡើងវិញ កូនត្រីលែងងាប់ដូចពេលមុនទៀតហើយ។”  

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលកំពតមានប្រសាសន៍ទទួលស្គាល់ថា ការចិញ្ចឹមត្រីឆ្ពង់ពិតជាបានជួយឱ្យជីវភាពពលដ្ឋរស់នៅតាមដៃសមុទ្រ បានប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំប្រាកដមែន ដែលជាកត្តាធ្វើឱ្យការចិញ្ចឹមរបស់ពួកគាត់មានការកើនឡើងគួរកត់សម្គាល់។ ការចិញ្ចឹមត្រីតាមបែបវារីវប្បកម្មសមុទ្រ មាននៅតាមសហគមន៍នេសាទជាច្រើន ដូចជាសហគមន៍នេសាទត្រពាំងល្ពៅ សហគមន៍នេសាទព្រែកត្នោត សហគមន៍នេសាទនាងហោន សហគមន៍នេសាទកំពង់សាមគ្គី ជាដើម ដែលមានចំនួនសរុបប្រមាណជាង ២០០គ្រួសារ។

លោកថា មិនមែនតែខេត្តកំពតប៉ុណ្ណោះទេ ពោលគឺខេត្តកែប ខេត្តកំពង់សោម ខេត្តកោះកុង ជាដើម ចាប់ផ្ដើមអាជីវកម្មវារីវប្បកម្មចិញ្ចឹមត្រីសមុទ្រកាន់តែច្រើនឡើងៗ ពិសេសចិញ្ចឹមពួកគាត់ចាប់ផ្តើមចិញ្ចឹមគ្រែងឈាម ចិញ្ចឹមខ្យងជំពុះទារ ឬក៍ចិញ្ចឹមអយស្ទឺជាដើម ស្របទៅតាមកំណើននៃតម្រូវការគ្រឿងសមុទ្រ របស់ប្រជាពលរដ្ឋខ្មែរ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា