ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈដែលតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈដែលតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះ

ហេតុផលនៅពីក្រោយតម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈដែលតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះ

ភ្នំពេញ ៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះ ជាពិសេសនៅក្នុងសប្តាហ៍ទី៤ នៃខែកញ្ញា ដោយសារភាពតានតឹងនៅតំបន់ឈូងសមុទ្របានធូរស្រាលក្រោយកិច្ចចរចារវាងអុីរ៉ង់ ជាមួយនឹងសហរដ្ឋអាមេរិក ក៏ប៉ុន្តែ នៅឯកម្ពុជាវិញ នៅមិនទាន់អាចរក្សាកំណត់ត្រាវិជ្ជមានរបស់ខ្លួនបានឡើយដោយសារខ្លួនពឹងផ្អែកទាំងស្រុកលើការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី ដែលអ្នកផ្គត់ផ្គង់នៅទីនោះ មិនទាន់អាចទិញប្រេងឆៅទៅតាមតម្លៃដែលបានប្រកាសចុះបានភ្លាមៗ។ ដូច្នេះហើយ អ្នកប្រើប្រាស់នៅកម្ពុជាត្រូវប្រឈមនឹងការឡើងថ្លៃយ៉ាងគំហុកនៅតាមស្ថានីយប្រេងឥន្ធនៈ ស្របតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្ម។​

យោងតាមតារាងកំណត់តម្លៃថ្មីរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងធម្មតាបានកើនឡើង ៤៥០ រៀល ដល់ ៥,២៥០ រៀលក្នុងមួយលីត្រ។ ទន្ទឹមនឹងនេះ តម្លៃប្រេងម៉ាស៊ូតបានកើនឡើង ៦៥០ រៀល ដល់ ៦,១០០ រៀលក្នុងមួយលីត្រ ចាប់អនុវត្តពីថ្ងៃទី ២១ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៦។

តាមសារព័ត៌មាន The Strait Times តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលពីរសប្តាហ៍ជាប់គ្នា(សប្ដាហ៍ទី៣ និងទី៤ ខែកញ្ញា) ដោយសារក្តីសង្ឃឹមនៃការកើនឡើងនូវការផ្គត់ផ្គង់ប្រេងពីតំបន់ឈូងសមុទ្រ ខណៈដែលអុីរ៉ង់បានបញ្ជាក់ថា ខ្លួនអាចបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេល ៧ ថ្ងៃ ហើយចំណែកឯប្រទេសអារ៉ាប៊ីសាអូឌីត ត្រៀមនឹងបន្តការនាំចេញប្រេងឡើងវិញពីកំពង់ផែ Yanbu នៅសមុទ្រក្រហម។

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ២,១១ ដុល្លារអាមេរិក ឬ ២,១ ភាគរយ មកនៅត្រឹម ៩៨,២៣ ដុល្លារអាមេរិកក្នុងមួយបារ៉ែល (ត្រឹមម៉ោង ៧:៥១ យប់ ម៉ោងនៅសិង្ហបុរី)។ ចំណែកប្រេង WTI បានធ្លាក់ចុះ ២,៤៨ ដុល្លារអាមេរិក ឬ ២,៥៩ ភាគរយ មកនៅត្រឹម ៩៣,៣០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ នេះបើយោងតាមសារព័ត៌មាន​ The Strait Times។

ថ្លែងប្រាប់ AMS នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា នេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃប្រេងឆៅដែលបានធ្លាក់ក្រោម ១០០ដុល្លារនេះក្នុងមួយបារ៉ែល គឺទើបតែឃើញនៅសប្តាហ៍នេះប៉ុណ្ណោះ ហើយបើនិយាយពីថ្ងៃនេះតម្លៃប្រេងដែលចម្រាញ់រួចរក្សានៅជាង ១០០ដុល្លារ នៅឡើយទេក្នុងមួយបារ៉ែល។

ឯកឧត្តមបានពន្យល់ថា ចំពោះប្រេងនៅកម្ពុជា គឺទិញប្រេងដែលចម្រាញ់រួច ដូចនេះ វាប្រាកដជាមិនអាចធ្លាក់ថ្លៃទាន់ប្រេងឆៅបានទេ ព្រោះប្រេងដែលគេយកមកចម្រាញ់នៅសិង្ហបុរី ក៏គេទិញ ២ សប្តាហ៍មុនមកចូលរោងចក្រ ទើបគេចម្រាញ់ ហើយផ្អែកលើប្រេងចម្រាញ់រួចរបស់កម្ពុជាឥឡូវនេះ គឺមានន័យថាតម្លៃ លក់រាយ និងលក់ដុំ អាចចុះ ឬឡើង គឺអាស្រ័យទៅលើទីផ្សារសិង្ហបុរី។
អ្នកនាំពាក្យរូបនេះបានបន្តថា​ ៖

«ឥឡូវនេះ យើងក៏មិនដូចពីមុនដែរ គឺយើងមិនបានធ្វើកិច្ចសន្យាទិញក្នុងរយៈពេលវែងទេ ដោយឥលូវយើងទិញម្តងជាមធ្យមបានត្រឹម ២០ថ្ងៃតែប៉ុណ្ណោះ ។ ប៉ុន្តែ ពីមុន យើងអាចទិញប្រេងទុកបានរហូតទៅដល់ជាង ៣០ ថ្ងៃ។ អញ្ចឹង បើកាលណាវាថោក វាថោកបាន ៣០ ថ្ងៃឯណោះ។ បើវាថ្លៃ វាថ្លៃ ៣០ ថ្ងៃដែរអញ្ចឹង។ ចំពោះប្រេងម៉ាស៊ូត ជួនកាលទៅក៏ ១៩ ថ្ងៃ, ជួនកាលទៅ ១៧ថ្ងៃ »។

ឯកឧត្តម ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា ​ជាមួយនឹងការប្រែប្រួលតម្លៃនេះ ក្រសួងពាណិជ្ជកម្មបានបន្ថយ ឬក៏តម្លើងនៃរយៈពេលប្រកាសជូនដំណឹង រហូតទៅដល់ ១០ ថ្ងៃវិញ ដើម្បីកុំឲ្យតម្លៃប្រេងចុះឡើងខ្លាំងពេក ពីព្រោះវាប៉ះពាល់ដល់អ្នកប្រើប្រាស់។ ទោះបីជាប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រកាសបញ្ចេញប្រេងក៏ដោយ ប៉ុន្តែ ការបញ្ចេញនោះ គឺអាចនឹងជះឥទ្ធិពលទៅខែក្រោយៗឯណោះ។ 

ឯកឧត្តមបានបន្ថែមថា ៖

«​ការប្រកាសតម្លៃថ្មីៗនេះ គឺចាប់ពី ២១កញ្ញា ដល់ថ្ងៃទី១ ខែតុលា ហើយតាមការសន្និដ្ឋាន ​ក្រោយថ្ងៃទី១ តម្លៃប្រេងកម្ពុជាអាចនឹងធ្លាក់មកវិញ បើប្រភពផ្គត់ផ្គង់អាចទិញប្រេងឆៅមកចម្រាញ់បានថោក ក្នុងរយៈពេល ២-៣ សប្តាហ៍ ជាប់ៗគ្នា។ ជាមួយនឹងសកម្មភាពនេះ គឺមានន័យថានៅពេលដែលអ្នកផ្គត់ផ្គង់ទិញយកមកចម្រាញ់រួច គេនឹងលក់នៅក្នុងតម្លៃទាបដែរ»។

គួរបញ្ជាក់ផងដែរថា កម្ពុជានៅមិនទាន់មានរោងចក្រចម្រាញ់ប្រេងនៅឡើយទេ ដូចនេះត្រូវទាមទារការនាំចូលប្រេងចម្រាញ់រួចពីទីផ្សារសិង្ហបុរី វៀតណាម និងម៉ាឡេស៊ី។

សូមរំលឹកដែរថា កាលពីពេលកន្លងទៅ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ​បានលើកឡើងថា កម្ពុជាកំពុងស្វែងរកផែនការដើម្បីអភិវឌ្ឍរោងចក្រចម្រាញ់ប្រេងដំបូងគេរបស់ប្រទេស ដែលបង្កើតបានជាផ្នែកមួយនៃឯករាជ្យភាពថាមពល ហើយក្នុងបរិបទឆ្ពោះទៅរកឯករាជ្យភាពនេះ ត្រូវមាន​​សមាសធាតុសំខាន់ៗចំនួន៣ នៃគោលនយោបាយជាតិ រួមមាន ប្រសិទ្ធភាពថាមពល ការចាក់បញ្ចូលថាមពលបៃតងបន្ថែមទៀតទៅក្នុងបណ្តាញជាតិ និងការសាងសង់រោងចក្រចម្រាញ់ប្រេង។

លោកបណ្ឌិត ជ័យ តិច ដែលជាអ្នកវិភាគសង្គម និងសេដ្ឋកិច្ចបានលើកឡើងថា ជាតថភាពជាក់ស្ដែងនៅក្នុងពិភពលោក គឺប្រេងមានការឡើងថ្លៃកាលពីសប្ដាហ៍មុនៗ ដូច្នេះហើយកម្ពុជាមិនអាចកំណត់តម្លៃនៃការធ្លាក់ចុះបានភ្លាមៗនោះទេ បើទោះបីជាទីផ្សារអន្តរជាតិបានប្រកាសអំពីការធ្លាក់ចុះក៏ដោយ។
លោកបានបន្តថា ៖

« តម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានភាពយឺតយ៉ាវបន្តិចធៀបនឹងទីផ្សារពិភពលោក ដើម្បីទូទាត់ទៅនឹងការឡើងថ្លៃយ៉ាងគំហុកកាលពីសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយ ដោយសារភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានធូរស្រាល បន្ទាប់ពីមានការចរចារវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ នៅទីក្រុងញូវយ៉ក ក្នុងអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ និងដោយសារបំពង់បង្ហូរប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានដំណើរការឡើងវិញក្រោយការជួសជុល តម្លៃប្រេងនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះបន្តិចនៅសប្តាហ៍នេះ »។

លោកបណ្ឌិត បានកត់សម្គាល់ថា សេចក្ដីប្រកាសនៃការឡើងតម្លៃប្រេងនេះ គឺជាសម្ពាធថ្មីមួយទៀតលើវិស័យដឹកជញ្ជូន កសិកម្ម និងផលិតកម្មរបស់កម្ពុជា ដោយសារតម្លៃប្រេងម៉ាស៊ូតបានកើនឡើងវិញ ដូច្នេះគ្រប់ភាគីទាំងអស់ត្រូវតាមដានការប្រែប្រួលនៃទីផ្សារពិភពលោក ស្ថានភាពភូមិសាស្ត្រនយោបាយ និងជម្លោះនានា ដើម្បីអាចត្រៀមខ្លួនបានយ៉ាងមានប្រសិទ្ធភាព។

ដូច្នេះ កសិករ អ្នកដឹកជញ្ជូន និងអ្នកធ្វើការនៅក្នុងវិស័យផលិតកម្មអាចទិញប្រេងឥន្ធនៈបាននៅពេលដែលតម្លៃធ្លាក់ចុះ។ ឧទាហរណ៍ ដោយសារតម្លៃបានកើនឡើងនៅសប្តាហ៍នេះ ប្រជាពលរដ្ឋអាចរង់ចាំទិញនៅសប្តាហ៍ក្រោយ នៅពេលដែលតារាងតម្លៃថ្មីត្រូវបានប្រកាសចេញ ព្រោះតម្លៃនឹងថយចុះ។ តាមរយៈវិធីនេះ មនុស្សគ្រប់គ្នាអាចទទួលបាន និងទិញប្រេងឥន្ធនៈក្នុងតម្លៃទាបជាងមុនបាន។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ជ័យ តិច។

លោកក៏បានបន្ថែមថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើនដើម្បីដោះស្រាយបញ្ហាការឡើងថ្លៃប្រេងឥន្ធនៈ និងជួយកាត់បន្ថយផលប៉ះពាល់ពីការឡើងថ្លៃស្បៀងអាហារ ក៏ដូចជាដោះស្រាយផលលំបាករបស់ប្រជាពលរដ្ឋក្រីក្រ អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ជាដើម។

យោងតាមលោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រសិនបើពិនិត្យមើលលើតម្លៃលក់រាយ ទោះបីជារដ្ឋាភិបាលបានកាត់បន្ថយពន្ធគយ ពន្ធនាំចូល ឬកម្រៃផ្សេងៗក៏ដោយ ក៏តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជានៅតែមានកម្រិតខ្ពស់ដដែល ជាពិសេស តម្លៃហ្គាស ដែលស្ទើរតែជិតស្មើតម្លៃប្រេងឥន្ធនៈ។ 

លោកបន្តទៀតថា​ ជាទូទៅ អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ភាគច្រើនអាស្រ័យទៅលើប្រេងឥន្ធនៈ និងឧស្ម័នហ្គាស ខណៈដែលបច្ចុប្បន្ននេះ តម្លៃហ្គាសបានឡើងជិតដល់ ៤,០០០ រៀល ដែលវាកំពុងតែបន្ថែមបន្ទុក ស្របពេលដែលប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះ ហើយត្រូវចំណាយលើអាហារូបត្ថម្ភសព្វបែបយ៉ាង។ 

ជារួមបញ្ហាឡើងថ្លៃថាមពលនេះ គឺជារឿងធ្ងន់ធ្ងរដែលរដ្ឋាភិបាលត្រូវតែអន្តរាគមន៍បន្ថែមជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃការឡើងថ្លៃនៃមុខទំនិញ ក៏ដូចជា ប្រេងឥន្ធនៈ និង ឧស្ម័នហ្គាស នេះផងដែរ។នេះបើតាមលោក វ៉ន ពៅ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីពេល​ផ្ទុះសង្គ្រាម​នៅតំបន់​មជ្ឈិមបូព៌ា​​ បានធ្វើឱ្យកម្ពុជាត្រូវ​ខាតបង់ចំណូលប្រមាណ ៥០លានដុល្លារអាម៉េរិក​ក្នុងមួយខែ ដើម្បីទប់ស្កាត់​តម្លៃ​ប្រេងឥន្ធនៈនិងឧស្ម័នមិនឱ្យ​ឡើងថ្លៃខ្ពស់នៅលើ​ទីផ្សារ​ ដូច្នេះ បើគិតចាប់ពីពាក់កណ្ដាលខែមីនា រហូតដល់​ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ កម្ពុជា​បាត់បង់​ចំណូលមិនក្រោម​ ៣០០លានដុល្លារអាម៉េរិក​នោះទេ ។​នេះបើយោងតាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា