ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុកឱ្យធ្វើដំណើរកម្សាន្តកាន់តែច្រើន និងកាត់បន្ថយការហូរចេញថវិកាទៅក្រៅប្រទេស។

ក្នុងព្រឹត្តិការណ៍នៃដំណើរកម្សាន្តរបស់សមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅវត្តនិគ្រោធវ័ន្ត (គល់ទទឹង) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា រមណីយដ្ឋានសាសនា ទីវត្តអារាម មិនត្រឹមតែជាទីគោរពសក្ការៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាគោលដៅទេសចរណ៍វប្បធម៌ដ៏មានឥទ្ធិពល ដែលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ដោយផ្ទាល់ និងសេដ្ឋកិច្ចជាតិទាំងមូល។

ឯកឧត្តមបានបន្តថា ទេសចរណ៍ផ្សារភ្ជាប់សាសនា និងវប្បធម៌ គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទដទៃទៀត ដែលជាចលករជួយជំរុញយុទ្ធនាការទស្សនាកម្ពុជារដូវកាលបៃតង នៅតាមរម្មណីយដ្ឋានប្រវត្តិសាស្ត្រ វត្តអារាម និងសហគមន៍ ឱ្យកាន់តែមានភាពផុលផុសឡើង ហើយមិនត្រឹមតែលើកកម្ពស់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនប្រាក់ចំណូលដោយផ្ទាល់ទៅកាន់អាជីវករនៅក្នុងមូដ្ឋាន ក៏ដូចជាសហគមន៍ទេសចរណ៍ផងដែរ។

សូមជម្រាបថា យុទ្ធសាស្ត្រគន្លឹះក្នុងការជំរុញសេដ្ឋកិច្ចទេសចរណ៍ គឺការកើនឡើងនៃរំហូរទេសចរក្នុងស្រុក ដែលជាចលករយ៉ាងសំខាន់ក្នុងការចែកចាយប្រាក់ចំណូលដោយផ្ទាល់ទៅកាន់អាជីវករ សហគ្រាសធុនតូច និងមធ្យម (SMEs) រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍នៅទូទាំងប្រទេស។ ការពង្រឹង និងលើកកម្ពស់តំបន់ទេសចរណ៍ផ្ទៃក្នុង អាចជួយទាក់ទាញប្រជាពលរដ្ឋឱ្យផ្លាស់ប្តូរទម្លាប់មកកម្សាន្តក្នុងស្រុក ជំនួសឱ្យការធ្វើដំណើរទៅក្រៅប្រទេស ដែលជួយរក្សាលំនឹងសេដ្ឋកិច្ច និងរូបិយវត្ថុជាតិ។ ការលើកកម្ពស់គុណភាពរមណីយដ្ឋាន វត្តអារាម និងតំបន់បៃតងក្នុងអំឡុងយុទ្ធនាការរដូវកាលបៃតង គឺជាឈ្នាន់យុទ្ធសាស្ត្រក្នុងការបង្កើតភាពទាក់ទាញ និងត្រៀមស្វាគមន៍ទេសចរអន្តរជាតិប្រកបដោយចីរភាព។

ក្នុងការសម្តែង ទស្សនទាន «ធម៌ និងទេសចរណ៍» សម្ដេចព្រះឧត្តមវង្សាបណ្ឌិត គូ សុភាព បានមានសង្ឃដីការំលេចពី «គុណតម្លៃនៃធម្មបដិសណ្ឋារកិច្ច» ដែលជាកត្តាស្នូលក្នុងការធ្វើឱ្យវិស័យទេសចរណ៍សាសនាមានភាពស្អិតល្មួត និងទ្រទ្រង់ការលូតលាស់សេដ្ឋកិច្ចរយៈពេលវែង ដែលជាជ្រុងមួយនៃការផ្សព្វផ្សាយទេស​ចរណ៍ក្នុងវិស័យសាសនា ។

សម្ដេចព្រះឧត្តមវង្សា បានបន្តសង្ឃដីកាដោយលើកឡើងពីធម្មជាតិនៃផ្កាថា ៖

«ជាធម្មតា ក្លិនក្រអូបបញ្ចេញតាមបណ្តោយខ្យល់ ប៉ុន្តែសិល្ប៍នៃការបង្កើត ក្លិនក្រអូបបញ្ច្រាសខ្យល់ តើអាចធ្វើដូចម្តេច? ក្នុងវិស័យទេសចរណ៍ ធម្មបដិសណ្ឋារកិច្ច ជាការប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ វិន័យ និងមនុស្សនៃការឱ្យតម្លៃគ្នា ពោលគឺអត្តចរិតថ្លៃថ្នូរ ភាពស្មោះត្រង់ មិនឆបោក និងមានស្នាមញញឹម ទទួលភ្ញៀវដោយស្មោះ ដែលក្នុងធម្មបដិសណ្ឋារកិច្ចចាំបាច់ត្រូវមាន»។

ជារួម ការរួមបញ្ចូលគ្នារវាង «ទេសចរណ៍សាសនា» និង «យុទ្ធនាការរដូវកាលបៃតង» គឺជាយុទ្ធសាស្ត្រចម្រុះមួយដែលជួយរក្សាលំនឹងប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ពេញមួយឆ្នាំ (មិនថាតែរដូវកាល Hight-Low Season)នោះទេ។ អ្វីដែលសំខាន់ និងជាយុទ្ថសាស្ត្រគន្លឹះ ការបង្កើនគុណភាពសេវាកម្ម និងការរក្សាបរិស្ថានបៃតងនៅតាមវត្តអារាម ក៏ដូចជាសហគមន៍ នឹងប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅទេសចរណ៍ប្រកបដោយចីរភាព និងសុខដុមរមណីយកម្ម៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា