ភាគហ៊ុន​ R​GPPSEZ ​កើន​ ៣៩​%​ ​ក្រោយ​ចុះ​បញ្ជី​ផ្សារ​មូលបត្រ​កម្ពុជា​រយៈពេល​ ១០ ​ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភាគហ៊ុន​ R​GPPSEZ ​កើន​ ៣៩​%​ ​ក្រោយ​ចុះ​បញ្ជី​ផ្សារ​មូលបត្រ​កម្ពុជា​រយៈពេល​ ១០ ​ឆ្នាំ

ភាគហ៊ុន​ R​GPPSEZ ​កើន​ ៣៩​%​ ​ក្រោយ​ចុះ​បញ្ជី​ផ្សារ​មូលបត្រ​កម្ពុជា​រយៈពេល​ ១០ ​ឆ្នាំ

​ភ្នំពេញ​៖​ ​តម្លៃ​ទីផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​អេស​អ៊ីហ្សិត​ ម​.ក ​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​(​R​GPPSEZ​)​ ​បាន​កើនឡើង​ ​៣៩​%​ ​ដល់​ជាង​ ៥​៧ ​លាន​ដុល្លារ​អា​ម៉េរិក​ ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​អស់​រយៈពេល​ ១០ ​ឆ្នាំ​។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២០២៦ ​ក្នុង​ឱកាស​ខួប​ ២០​ឆ្នាំ​នៃ​ការ​បង្កើត​ R​GPPSEZ ​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​បាន​កើន​ពី​ ៤១​,​២៦៤​,​៨៧៥ ​ដុល្លារ​អាម៉េរិក​ ​នៅពេល​ចុះ​បញ្ជី​ក្នុង​ឆ្នាំ ​២០១៦ ​ដល់​ ៥៧​,​៤១១​,​៧៥៨ ​ដុល្លារ​អាម៉េរិក​ ​នា​ពេល​បច្ចុប្បន្ន​។​

​ក្រុមហ៊ុន​ ​រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​អេស​អ៊ីហ្សិត​ ម​.ក ​ត្រូវ​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ក្នុង​ឆ្នាំ ​២០១៦ ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ឯកជន​ដំបូង​គេ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​នេះ​ ​បន្ទាប់ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូយ៉ាល់​ ​គ្រុប ​ភ្នំពេញ​ ​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ​២០០៦​។

​ក្រៅ​ពី​កំណើន​តម្លៃ​ទីផ្សារ​ភាគហ៊ុន​ ​សកម្មភាព​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ផលិតកម្ម​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ក៏​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​ផងដែរ​។ ​តម្លៃ​នាំចូល​បាន​កើន​ពី​ ៣៧៨ ​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ ​២០១៦ ​ដល់​ ២​,​១៦៦​ លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ​ ២០២៥ ​ដែល​ស្មើនឹង​កំណើន​ ៦​ ដង​។

​ដោយឡែក តម្លៃ​នាំចេញ​បាន​កើន​ពី​ ​៣១៦ ​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ​ ​២០១៦ ​ដល់​ ១​,​៣៤៦ ​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ ​២០២២ ​និង​បន្ត​កើន​ដល់​ ២​,​១៤៤ ​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ​ ​២០​២៥​ ​ស្មើ​នឹង​កំណើន ៧ ​ដង​។ ​ចំណែក​តម្លៃ​បង្គរ​នៃ​ការ​នាំចេញ​ក្នុង​រយៈពេល​នេះ​មាន​ចំនួន​ ៩​,​៩២៣ ​លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។

​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​ ​រ៉ូយ៉ាល់ ​គ្រុប ​និង​ក្រុមហ៊ុន​ រ៉ូយ៉ាល់ ​គ្រុប ​ភ្នំពេញ​ ​អេស​អ៊ីហ្សិត ម​.ក ​បាន​មានប្រសាសន៍​ក្នុង​ឱកាស​ខួប ​២០​ ឆ្នាំ​ថា​ ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លងមក​នេះ​ R​GPPSEZ ​បាន​រីកចម្រើន​តាមរយៈ​ការ​ជឿជាក់​ ​ទំនុកចិត្ត​ ​និង​ការ​ប្តេជ្ញាចិត្ត​របស់​វិនិយោគិន ​ដៃ​គូ ​បុគ្គលិក​ ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

​អ្នក​ឧកញ៉ា​បាន​ថ្លែង​ថា​៖​ «​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​កន្លងមក​នេះ​ R​GPPSEZ ​បាន​រីកចម្រើន​តាមរយៈ​ការ​ជឿជាក់​ ​ទំនុកចិត្ត​ ​និង​ការ​ប្តេជ្ញាចិត្ត​របស់​វិនិយោគិន ​ដៃ​គូ ​បុគ្គលិក​ ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​របស់​យើង​។ ​យើង​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​យើង​សម្រេចបាន​រួមគ្នា​ ​និង​ការ​រួមចំណែក​ដែល​តំបន់​នេះ​បាន​ធ្វើឡើង​ចំពោះ​កិច្ច​អភិវឌ្ឍន៍​ឧស្សាហកម្ម ​និង​សេដ្ឋកិច្ច​របស់​កម្ពុជា​»​។

​អ្នក​ឧកញ៉ា​បាន​បន្ថែម​ថា​ ​ក្រុមហ៊ុន​នៅតែ​ប្តេជ្ញាចិត្ត​ក្នុង​ការ​គាំទ្រ​វិនិយោគិន ​ទាក់ទាញ​ការ​វិនិយោគ​ដែល​មាន​គុណភាព​ ​និង​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​របស់​កម្ពុជា​បន្ត​ទៀត​។

​បច្ចុប្បន្ន​ R​GPPSEZ ​មាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន​ ១១៧ ​មក​ពី​ ​១៥ ​ប្រទេស​ជុំវិញ​ពិភពលោក​ ​ដែល​ប្រកប​សកម្មភាព​ផលិតកម្ម​លើ​មុខ​ទំនិញ​ជា​ច្រើន​ប្រភេទ​ ​ចាប់​ពី​ចំណីអាហារ​ ​និង​ភេសជ្ជៈ​ ​រហូតដល់​ការ​ដំឡើង​រថយន្ត​។ ​ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា​ ​មាន​កម្មករ​និយោជិត​ជាង​ ៦៣​,​០០០ ​នាក់​ ​កំពុង​បម្រើ​ការងារ​នៅក្នុង​តំបន់​នេះ​។

​ក្រៅ​ពី​ការ​រួមចំណែក​ដល់​ការ​នាំចូល ​និង​នាំចេញ​ R​GPPSEZ ​ក៏​បាន​ចូលរួម​បង្កើត​ការងារ​ ជំរុញ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម ​និង​សកម្មភាព​សេដ្ឋកិច្ច​នៅ​តំបន់​ជុំវិញ​ផងដែរ​។ ទីតាំង​ដែល​ពីមុន​ជា​វាល​ស្រែ ​និង​ដី​ទំនេរ ​បាន​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​វិនិយោគ ​និង​ផលិតកម្ម ​ដែល​មាន​សកម្មភាព​អាជីវកម្ម​យ៉ាង​រស់រវើក​។​

​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ ការ​មាន​វត្តមាន​របស់​កម្មករ​និយោជិត​ជាង​ ៦៣​,​០០០ ​នាក់​នៅក្នុង​តំបន់​នេះ​ ​មិន​ត្រឹមតែ​ផ្តល់​ឱកាស​ការងារ​ ​និង​ប្រាក់​ចំណូល​ដល់​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​រៀនសូត្រ ​និង​ទទួល​បាន​ជំនាញ​ថ្មី​ៗ​ផងដែរ​។ ​សកម្មភាព​ទាំងនេះ​ក៏​បាន​ជំរុញ​ឱ្យ​តំបន់​ជុំវិញ​ដែល​ធ្លាប់​ស្ងប់ស្ងាត់ ​និង​ដាច់​ស្រយាល​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្លាយជា​សហគមន៍​ដែល​មាន​សកម្មភាព​អាជីវកម្ម​កាន់តែ​ច្រើន​។

​ស្រប​ពេល​ប្រារព្ធ​ខួប ​២០ ​ឆ្នាំ​ R​GPPS​EZ ​បាន​បង្ហាញ​ពី​ផែនការ​បន្ត​ពង្រីក​ ​និង​បង្កើន​សមិទ្ធផល​ ​ដោយ​ផ្តោត​លើ​ការ​ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​ សេវាកម្ម​ដែល​អាច​ទុកចិត្ត​បាន​ ​និង​ការ​គាំទ្រ​វិនិយោគិន​យ៉ាង​ទូលំទូលាយ ​ព្រមទាំង​បន្ត​សហការ​ជាមួយ​ដៃគូ ​និង​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដែល​មាន​ភាព​ប្រកួតប្រជែង ​ចីរភាព​ ​និង​ពិពិធកម្ម​កាន់តែ​ប្រសើរឡើង​៕

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា