ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

Advertisement

ការសែតនេះ បានផ្សាយថា តម្លៃប្រេងម៉ាស៊ូតដែលប្រើប្រាស់យ៉ាងទូលំទូលាយលើគ្រឿងចក្រកសិកម្ម បានឡើងថ្លៃចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់កសិករចំនួន ១,៨ លាននាក់។ តម្លៃប្រេងឥន្ធនៈបច្ចុប្បន្នពិតជាប៉ះពាល់ដល់សហគមន៍កសិកម្ម ជាពិសេសកសិករខ្នាតតូច។ ពួកគេមិនអាចរកប្រាក់ចំណេញបាន ហើយត្រូវការអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីធានាថា ការធ្វើកសិកម្មទទួលបានប្រាក់ចំណេញ។

លោក សុខ សុថា ប្រធានសមាគមអ្នកផលិតកសិកម្មនៃសហព័ន្ធកសិករកម្ពុជា បានប្រាប់កាសែត BERNAMA ថា នៅពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើង តម្លៃជីកសិកម្ម និងសេវាកម្ម រួមទាំងការដឹកជញ្ជូនក៏កើនឡើងផងដែរ ហើយកសិករខ្នាតតូចមិនទទួលបានប្រាក់ចំណេញ។

បើតាមសេចក្តីប្រកាសពត៌មាន របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងសប្តាហ៍នេះតម្លៃសាំងធម្មតា ប្រេងម៉ាស៊ូត និងឧស្ម័នកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមអ៊ីរ៉ង់។ សាំងធម្មតាកើនឡើងដល់ ៥,៥០០ រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ ៨,១០០ រៀលក្នុងមួយលីត្រ។

វិស័យកសិកម្មបានជួយជំរុញដល់ការនាំចេញរបស់កម្ពុជា ប៉ុន្តែវិបត្តិប្រេងឥន្ធនៈ អាចទំនងជាកាត់បន្ថយកំណើនសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ។

យោងតាមជំរឿនកសិកម្មកម្ពុជាឆ្នាំ ២០២៣ និងចេញផ្សាយកាលពីខែឧសភា ឆ្នាំ ២០២៥ ឱ្យដឹងថា គ្រួសារប្រជាជនកម្ពុជាចំនួន ៥៤.២ ភាគរយ ក្នុងចំណោមប្រជាជនចំនួន ១៧ លាននាក់ ប្រកបរបរកសិកម្ម។ កសិករភាគច្រើនធ្វើស្រូវ ដំឡូងមី ដែលជាដំណាំដ៏ពេញនិយមបំផុត ហើយស្ទើរតែ ៨០ ភាគរយ នៃគ្រួសារកសិករប្រើប្រាស់ជីគីមី។

មិនមែនតែកសិករនៅកម្ពុជានោះទេ តែវាគឺជាវិបត្តិថាមពលពិភពលោក កំពុងប៉ះពាល់ដល់កសិករក្នុងប្រទេសនៅតំបន់ខ្សែក្រវាត់ទន្លេមេគង្គ រួមមានប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលប្រទេសទាំងអស់នេះពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យកសិកម្ម និងពឹងផ្អែកយ៉ាងខ្លាំងទៅលើតម្លៃប្រេងសម្រាប់បម្រើការងារដឹកជញ្ជូន។

កសិករខ្នាតតូចនៅកម្ពុជាបានក្លាយជាជនរងគ្រោះ ដោយសារការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងជីកសិកម្ម ដូចដែលបានកើតឡើង នៅពេលសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនចាប់ផ្តើមកាលពីឆ្នាំ ២០២២។  ជាមួយគ្នានេះ កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់ ដោយ​បញ្ហាព្រំដែន​​តាម​បណ្តោយ​ប្រទេស​ថៃ ​ត្រូវ​បាន​បិទ​ចាប់​តាំង​ពី​ខែ​កក្កដា ​ឆ្នាំ ២០២៥ បន្ទាប់​ពី​ការ​ប្រឈម​មុខ​​ដាក់គ្នាខាង​យោធា​ ​បន្តអូស​បន្លាយ​លើ​ការ​ទាមទារ​ទឹកដី​រវាង​ប្រទេស​ទាំង​ពីរ។

ការនាំចូលប្រេងត្រូវបានផ្អាកជាអន្លើៗ ហើយទីតាំងលក់ប្រេងជាច្រើនកន្លែង បានបញ្ឈប់ប្រតិបត្តិការដោយសារតែកង្វះប្រេងឥន្ធនៈ។ ទាំងតម្លៃប្រេងឥន្ធនៈ និងជីបានកើនឡើងស្ទើរតែទ្វេរដង បើប្រៀបធៀបទៅនឹងមុនជម្លោះសកលជាពិសេសសង្គ្រាមមជ្ឈិមបូព៌ា។ កសិករភាគច្រើនប្រើប្រាស់ប្រេងម៉ាស៊ូត សម្រាប់ម៉ាស៊ីនកសិកម្ម ហើយបន្ទាប់មកគឺប្រេងសាំងសម្រាប់សកម្មភាពមិនមែនកសិកម្ម។

នៅខណៈនេះ កសិករកម្ពុជា កំពុងត្រៀមខ្លួនធ្វើស្រូវវស្សា ចាប់ពីខែ​ឧសភា ខាងមុខ ពួកគេប្រឈមមុខនឹងបញ្ហា មួយចំនួនគួរឱ្យព្រួយបារម្ភ ដូចជា អាកាសធាតុនៅរដូវក្តៅត្រូវបានព្យាករណ៍ថានឹងឡើងដល់ ៤០ អង្សាសេនៅក្នុងខែមេសា។

ជាមួយគ្នានេះ ដោយសារ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី ឬ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ពាក់កណ្តាល​ខែមេសា កសិករ​ជាច្រើន​អាច​ប្រឈមមុខ​នឹង​ភាពតានតឹង​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែច្រើនឡើង។

លោក សុថា មានប្រសាសន៍ថា៖

“យើងស្នើដល់ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងវិស័យឯកជន ធ្វើការដោយផ្ទាល់ជាមួយសហគមន៍កសិករ ដើម្បីពង្រឹងអាជីវកម្មសមូហភាពនៅក្នុងសហគមន៍កសិកម្ម ដើម្បីឱ្យមានភាពធន់ទៅនឹងបញ្ហាប្រឈមនានា៕”

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា