បច្ចេកទេស​ដាំ​ល្ហុង​វិល​ជុំ​ ជួយ​កសិករ​នៅ​មណ្ឌលគិរី​ផ្គត់ផ្គង់​ទីផ្សារ​ ២ តោន​ក្នុង​មួយ​ថ្ងៃ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បច្ចេកទេស​ដាំ​ល្ហុង​វិល​ជុំ​ ជួយ​កសិករ​នៅ​មណ្ឌលគិរី​ផ្គត់ផ្គង់​ទីផ្សារ​ ២ តោន​ក្នុង​មួយ​ថ្ងៃ​

បច្ចេកទេស​ដាំ​ល្ហុង​វិល​ជុំ​ ជួយ​កសិករ​នៅ​មណ្ឌលគិរី​ផ្គត់ផ្គង់​ទីផ្សារ​ ២ តោន​ក្នុង​មួយ​ថ្ងៃ​

​មណ្ឌលគិរី​៖​ ការ​អនុវត្ត​បច្ចេកទេស​ដាំ​ដុះ​វិលជុំ ​និង​ការ​សិក្សា​តម្រូវការ​ទីផ្សារ​ជាមុន ​បាន​ជួយ​ឱ្យ​ចម្ការ​ល្ហុង​ពូជ​ទឹកឃ្មុំ​ទំហំ​ ៥​ ​ហិកតា ​របស់​លោក​ស្រី​ មុយ វល័ក្ខ ​នៅ​ខេត្ត​មណ្ឌលគិរី ​អាច​រក្សា​ការ​ផ្គត់ផ្គង់​បាន​ជា​ប្រចាំ​ប្រមាណ​ ២ តោន​ក្នុង​មួយ​ថ្ងៃ ​ដោយ​មិន​ប្រឈម​នឹង​បញ្ហា​ផលិតផល​សល់​ច្រើន​ ឬ​ស្ទះ​ទីផ្សារ​។

​អាជីវកម្ម​កសិកម្ម​នេះ​ក៏​អាច​បង្កើត​ចំណូល​ខ្ទង់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ​តាមរយៈ​ការ​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ​នៅ​តាម​បណ្តា​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ​។

​ចម្កា​រ​ល្ហុង​ពូជ​ទឹកឃ្មុំ​របស់​លោក​ស្រី​ មុយ វល័ក្ខ ​មាន​ដើម​ល្ហុង​សរុប​ប្រមាណ​ ​៦​ ០០០​ ដើម ​ដែល​ត្រូវ​បាន​រៀបចំ​ការ​ដាំដុះ​ជា​ដំណាក់កាល​ៗ ​ដើម្បីឱ្យ​ដំណាំ​អាច​ប្រមូល​ផល​បាន​ជា​បន្តបន្ទាប់​ ​និង​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ប្រចាំ​ថ្ងៃ​។

​តាមរយៈ​ការ​រៀបចំ​ផែនការ​ផលិតកម្ម​បែបនេះ​ ​ចម្ការ​អាច​ផ្គត់ផ្គង់​ល្ហុង​ប្រមាណ ​២ តោន​ក្នុង​មួយ​ថ្ងៃ​ ​ទៅកាន់​អតិថិជន​ដែល​បញ្ជាទិញ​យក​ទៅ​ចែកចាយ​តាម​ទីផ្សារ​ខេត្ត​មណ្ឌលគិរី ​និង​រាជធានី​ភ្នំពេញ​ ​រួមទាំង​តាម​សាខា​ចំនួន​ ៥ ​នៅ​ក្បែរ​ផ្សារ​អូឡាំពិក​។

​អ្នក​ស្រី​ ​មុយ វល័ក្ខ ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ AMS ថា​ ​ការ​ដាំ​ល្ហុង​ពូជ​ទឹកឃ្មុំ​ត្រូវ​បាន​រៀបចំ​ជា​លក្ខណៈ​វិលជុំ ​ដើម្បី​ធានា​ថា​មាន​ផលិតផល​សម្រាប់​ផ្គត់ផ្គង់​អ្នក​បញ្ជាទិញ​ ​និង​អ្នក​យក​ទៅ​លក់​បន្ត​នៅ​តាម​បណ្តា​ផ្សារ ​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ​ជា​ប្រចាំ​។​

​អ្នក​ស្រី​បាន​បញ្ជាក់​ថា​ ​ការ​សិក្សា​ទីផ្សារ​ជា​មុន ​គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​កំណត់​បរិមាណ​ផលិតកម្ម ​ដោយ​មិន​ដាំដុះ​ក្នុងពេល​តែ​មួយ​ច្រើន​ហួស​តម្រូវការ​។ ​ដោយ​មើល​ឃើញ​ថា​មាន​កសិករ​ដាំ​ល្ហុង​ច្រើន​ ​អ្នក​ស្រី​បាន​សម្រេច​បែងចែក​ការ​ដាំដុះ​ជា​ដំណាក់កាល​ ​ដើម្បី​ជៀសវាង​ការ​ប្រមូល​ផល​ច្រើន​ក្នុងពេល​តែ​មួយ ​ដែល​អាច​បង្កឱ្យ​មាន​ការ​លើសផល​នៅលើ​ទីផ្សារ​។

​អ្នក​ស្រី​បាន​លើកឡើង​ថា​៖ ​«​ល្ហុង​ពូជ​ទឹកឃ្មុំ​ដែល​កំពុង​ប្រមូល​ផល​នេះ​ ​គឺ​អ្នក​ស្រី​បាន​សិក្សា​ទីផ្សារ​ដោយ​មិន​បាន​ដាំ​ឱ្យ​ចាល់​ទីផ្សារ​នោះ​ទេ​ ​ព្រោះ​ឃើញ​មាន​គេ​ដាំ​ច្រើន​ ​ទើប​កាត់បន្ថយ​ជា​ការ​ដាំ​វិល​ជុំ ​ហើយ​ក៏​លក់​មិន​ដែល​សល់​ ​ព្រោះ​មាន​ការ​បញ្ជាទិញ​ជា​ប្រចាំ​ពី​បណ្តា​ខេត្ត​ក្រុង​»​។

​ចំពោះ​តម្លៃ​លក់​ ​អ្នក​ស្រី​បាន​ឱ្យ​ដឹង​ថា​ ល្ហុង​ពូជ​ទឹកឃ្មុំ​មាន​តម្លៃ​លក់​រាយ​ ​៨​ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ ​ខណៈ​ការ​ទិញ​ចាប់​ពី​ ​១០​ គីឡូក្រាម​ឡើង​ទៅ​ ​មាន​តម្លៃ​ ៥០​ ០០០​ រៀល ​ដែល​ជា​តម្លៃ​លក់ដុំ​។ ​នៅ​រដូវ​ភ្លៀង​ ​ប្រសិនបើ​តម្រូវការ​ទីផ្សារ​នៅតែ​មាន​ ​អ្នក​ស្រី​អាច​លក់​ល្ហុង​បាន​ក្នុង​តម្លៃ​រហូតដល់​ ៣ ​ដុល្លារ​អា​ម៉េរិក​ ​ឬ​ស្មើនឹង​ ​១២​ ០០០​ រៀល​ក្នុង​មួយ​គីឡូ​ក្រាម​។

​ទោះជា​យ៉ាងណា ​ការ​ដាំដុះ​ល្ហុង​ក៏​ប្រឈម​នឹង​ហានិភ័យ​អាកាសធាតុ ​ជា​ពិសេស​ភ្លៀង​ធ្លាក់​ខ្លាំង ​និង​ជំនន់​ទឹកភ្លៀង​ក្នុង​រដូវ​វស្សា​ ​ដែល​អាច​ធ្វើឱ្យ​ទិន្នផល​ថយចុះ​ប្រមាណ ៣០​ ​ភាគរយ​។ ​បញ្ហា​នេះ​តម្រូវឱ្យ​ម្ចាស់​ចម្ការ​យកចិត្តទុកដាក់​លើ​បច្ចេកទេស​ការពារ​ ​និង​ថែទាំ​ដំណាំ​ ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​អាកាសធាតុ​។

បើ​តាម​អ្នក​ស្រី​ ​មូលហេតុ​ដែល​ធ្វើឱ្យ​ល្ហុង​ពូជ​ទឹកឃ្មុំ​ពី​ចម្ការ​របស់​អ្នក​ស្រី​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ទិញ​ ​គឺ​ដោយសារ​រសជាតិ​ឆ្ងាញ់​ប្លែក ​និង​ការ​អះអាង​ថា​ជា​ផលិតផល​គ្មាន​សារធាតុ​គីមី ​និង​មាន​សុវត្ថិ​ភាព​ ១០០​ ​ភាគរយ​។​ ល្ហុង​នេះ​មិន​ត្រឹមតែ​ត្រូវ​បាន​ទិញ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ចម្អិន​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​មាន​ការ​បញ្ជាទិញ​សម្រាប់​យក​ទៅ​ធ្វើជា​បង្អែម​ស្រស់​ផងដែរ​។

​ក្រៅ​ពី​ការ​បង្កើត​ចំណូល​ដល់​ម្ចាស់​ចម្ការ​ ការ​ដាំ​ដុះ​ល្ហុង​ពូជ​ទឹកឃ្មុំ​ក៏​ជា​គំរូ​មួយ​នៃ​ការ​ធ្វើ​អាជីវកម្ម​កសិកម្ម ​ដែល​ផ្តោត​លើ​ការ​សិក្សា​ទីផ្សារ​ ​ការ​រៀបចំ​ផែនការ​ផលិតកម្ម ​និង​ការ​រក្សា​គុណភាព​ផលិតផល​។ បទពិសោធន៍​នេះ​អាច​ជា​មេរៀន​សម្រាប់​កសិករ​ដទៃទៀត​ក្នុង​ការ​រៀបចំ​ការ​ដាំដុះ​ឱ្យ​ស្រប​តាម​តម្រូវការ​ទីផ្សារ ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​លក់​ផលិតផល​មិន​អស់​។

​ជាមួយ​នឹង​ការ​រក្សា​គុណភាព​ ​និង​រសជាតិ​ពិសេស​ ល្ហុង​ពូជ​ទឹកឃ្មុំ​ក៏​អាច​ជួយ​លើកកម្ពស់​ភាព​ទាក់ទាញ​នៃ​ផលិតផល​កសិកម្ម​ខេត្ត​មណ្ឌលគិរី ​និង​បង្កើត​ឱកាស​សម្រាប់​ការ​ផ្សារ​ភ្ជាប់​ផលិតកម្ម​កសិកម្ម​ទៅ​នឹង​ទីផ្សារ​ក្នុង​ស្រុក​ ​ព្រមទាំង​ជួយ​គាំទ្រ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ ​និង​សេដ្ឋកិច្ច​មូលដ្ឋាន​ក្នុង​រយៈពេល​វែង​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា