រុស្ស៊ី​ប្ដូរ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ ​​ពង្រឹង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ទោះ​ការ​ប្រើ​ប្រាក់​យន់​ធ្លាក់ចុះ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី​ប្ដូរ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ ​​ពង្រឹង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ទោះ​ការ​ប្រើ​ប្រាក់​យន់​ធ្លាក់ចុះ​

រុស្ស៊ី​ប្ដូរ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ ​​ពង្រឹង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ទោះ​ការ​ប្រើ​ប្រាក់​យន់​ធ្លាក់ចុះ​

ការ​ធ្លាក់ចុះ​នៃ​ការ​ទូទាត់​ជា​ប្រាក់​យន់​ក្នុង​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី​ និង​ចិន ​កំពុង​បង្កើត​ការ​ជជែក​ដេញដោល​អំពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ក្នុង​ការ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អាម៉េរិក​។​ ​ទោះជា​យ៉ាងណា​ ការ​វិភាគ​មួយ​របស់​សារព័ត៌មាន​ ​RT ​បង្ហាញ​ថា​ ​ការ​ធ្លាក់ចុះ​នៃ​ការ​ប្រើ​ប្រាក់​យន់​ដោយ​ផ្ទាល់ ​មិន​បាន​រារាំង​កំណើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ​។

របាយការណ៍​របស់​សារព័ត៌មាន​ ​Bloomberg ​ដែល​មាន​ចំណងជើង​ថា​ ​«​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រុស្ស៊ី​ក្នុង​ការ​ជំនួស​ប្រាក់​ដុល្លារ​ដោយ​ប្រាក់​យន់​ចិន​បាន​ឈាន​មក​ដល់​ដំណាក់កាល​ដួល​រលំ​» ​បាន​លើកឡើង​ពី​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៃ​ការ​ទូទាត់​ជា​ប្រាក់​យន់​ក្នុង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី​។

យោង​តាម ​Bloomberg ​ចំណែក​ប្រាក់​យន់​ក្នុង​ការ​ទូទាត់​ការ​នាំចេញ​របស់​រុស្ស៊ី​បាន​ធ្លាក់ចុះ​មក​ត្រឹម​ ​២២ ​ភាគរយ ​បើ​ធៀប​នឹង​កម្រិត​ខ្ពស់​បំផុត​កាលពី​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៤​។ ការ​ធ្លាក់ចុះ​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​រឹតបន្តឹង​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​របស់​សហរដ្ឋ​អាម៉េរិក​ ​ដែល​ធ្វើឱ្យ​ធនាគារ​ចិន​កាន់តែ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជា​មួយ​រុស្ស៊ី​។

​ទោះជា​យ៉ាងណា ​ការ​វិភាគ​របស់​ RT ​បាន​ចង្អុលបង្ហាញ​ថា​ ​ការ​ផ្ដោត​តែ​លើ​ចំណែក​នៃ​ប្រាក់​យន់​ក្នុង​ការ​ទូទាត់​ ​អាច​មើល​រំលង​ការ​វិវត្ត​សំខាន់​មួយ​ទៀត​ ​គឺ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ ​ទិន្នន័យ​គយ​ផ្លូវការ​របស់​ចិន​សម្រាប់​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ​បង្ហាញ​ថា​ ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បាន​កើនឡើង​ ​៣០​,​៦​ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​ ​ដោយ​មាន​ទំហំ​ប្រមាណ ​២១៤ ពាន់​លាន​ដុល្លារ​។

​ដើម្បី​រក្សា​សន្ទុះ​ពាណិជ្ជកម្ម​នេះ​ ​ទោះ​បី​ប្រឈម​នឹង​ការ​រឹតត្បិត​ផ្នែក​ហិរញ្ញវត្ថុ​ពី​លោក​ខាង​លិច​ក៏​ដោយ​ ​រុស្ស៊ី​បាន​ផ្លាស់ប្ដូរ​យន្តការ​ទូទាត់​របស់​ខ្លួន​។​ ​ការ​វាយតម្លៃ​របស់​ធនាគារ​កណ្តាល​រុស្ស៊ី​បង្ហាញ​ថា​ ​ការ​ប្រើប្រាស់​ប្រាក់​រូបល ​(​Ruble​)​ ​បាន​កើនឡើង​យ៉ាង​ខ្លាំង ​ដោយ​ចំណែក​របស់​រូបិយប័ណ្ណ​នេះ​ក្នុង​ការ​ទូទាត់​ការ​នាំចេញ​ទៅកាន់​ទីផ្សារ​អាស៊ី​បាន​កើន​ដល់​ ៦៩ ​ភាគរយ​។

​ជាមួយគ្នា​នេះ​ ​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំ​ៗ​របស់​រុស្ស៊ី​ក៏​កំពុង​ពឹងផ្អែក​កាន់តែ​ខ្លាំង​លើ​យន្ត​ការ​ទូទាត់​ជំនួស ​ដូចជា​ប្រព័ន្ធ​ ​«​China ​Track​»​ ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​ ២០២៥​។ ​ប្រព័ន្ធ​នេះ​ប្រើប្រាស់​ភ្នាក់ងារ​ទូទាត់​ដើម្បី​ទូទាត់​កាតព្វកិច្ច​នាំចូល​និង​នាំចេញ​ក្នុង​ស្រុក​ ​ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​នានា​ធ្វើ​តុល្យភាព​ប្រតិបត្តិការ​របស់​ខ្លួន​ ​ដោយ​មិន​ចាំបាច់​ពឹងផ្អែក​លើ​ប្រព័ន្ធ​ S​WI​FT ​ឬ​បណ្តាញ​ធនាគារ​បែប​ប្រពៃណី​ដែល​គ្រប់គ្រង​ដោយ​លោក​ខាង​លិច​។

មួយ​វិញទៀត​ ​ការ​ដឹកជញ្ជូន​មាស​របស់​រុស្ស៊ី​ទៅកាន់​ទីក្រុង​ហុងកុង​ក៏​បាន​កើនឡើង​យ៉ាង​ខ្លាំង​ផងដែរ​។ ការ​នាំចេញ​មាស​ទៅកាន់​ទីក្រុង​នេះ​បាន​កើនឡើង​ជិត​ ៣ ​ដង​ ​ដល់​ ​១០០ ​តោន ​ក្នុង​រយៈពេល​ ៧ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ​មុនពេល​បន្ត​ដឹកជញ្ជូន​ចូល​ទៅកាន់​ប្រទេស​ចិន​ដី​គោក​។​

​អាជ្ញាធរ​រុស្ស៊ី​បាន​ចាត់ទុក​ការ​បញ្ចេញ​មាស​មួយ​ផ្នែក​ថា​ជា​វិធានការ​គ្រប់គ្រង​ឱនភាព​ថវិកា​រដ្ឋ​។ ​ទោះជា​យ៉ាងណា​ ​អ្នក​សង្កេតការណ៍​ទីផ្សារ​យល់ឃើញ​ថា​ ​មាស​ក៏​កំពុង​ដើរ​តួនាទី​ជា​ទ្រព្យ​សកម្ម​ដែល​ពិបាក​រង​ផលប៉ះពាល់​ពី​ទណ្ឌ​កម្ម ​ដើម្បី​ទូទាត់​សម​តុល្យ​ពាណិជ្ជកម្ម​ដែល​នៅ​សេសសល់​ក្នុង​កម្រិត​ធនាគារ​កណ្តាល​ផងដែរ​។

​ជា​រួម ​អ្នក​សង្កេតការណ៍​សេដ្ឋកិច្ច​យល់​ថា​ ​ការ​វាយតម្លៃ​លើ​ការ​រៀបចំ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឡើង​វិញ​របស់​រុស្ស៊ី​និង​ចិន ​មិន​គួរ​ផ្អែក​តែ​លើ​ការ​ប្រកួតប្រជែង​រវាង​រូបិយ​ប័ណ្ណ​នោះ​ទេ​។ ​ប្រទេស​ទាំង​ពីរ​កំពុង​ឆ្ពោះទៅ​រក​ការ​បង្កើត​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​ជំនួស​ ​ដែល​រួមបញ្ចូល​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក​ ​យន្តការ​ទូទាត់​តុល្យភាព​ក្នុង​ស្រុក​ ​និង​មាស​ ​ដើម្បី​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក​ខាង​លិច​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា