រុស្ស៊ី​វិនិយោគ​ ៨ ​ពាន់​លាន​ដុល្លារ​ សង់​មជ្ឈមណ្ឌល​ផលិត​រ៉ែ ​និង​ដែក​ថែបផ្គត់ផ្គង់​ទីផ្សារ​អាស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី​វិនិយោគ​ ៨ ​ពាន់​លាន​ដុល្លារ​ សង់​មជ្ឈមណ្ឌល​ផលិត​រ៉ែ ​និង​ដែក​ថែបផ្គត់ផ្គង់​ទីផ្សារ​អាស៊ី

រុស្ស៊ី​វិនិយោគ​ ៨ ​ពាន់​លាន​ដុល្លារ​ សង់​មជ្ឈមណ្ឌល​ផលិត​រ៉ែ ​និង​ដែក​ថែបផ្គត់ផ្គង់​ទីផ្សារ​អាស៊ី

​បរទេស​៖ ​រុស្ស៊ី​បាន​ប្រកាស​ផែនការ​វិនិយោគ​ទឹក​ប្រាក់​ជាង​ ៨ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ឧស្សាហកម្ម​រ៉ែ ​និង​លោហធាតុ​ដ៏​ធំ​មួយ​នៅ​តំបន់​ចុង​បូព៌ា​របស់​ខ្លួន​ ​ក្នុង​គោលបំណង​ពង្រឹង​ការ​ផលិត​ដែក​ថែប​ក្នុង​ស្រុក​ ​និង​ពង្រីក​ការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​ជាពិសេស​នៅ​តំបន់​អាស៊ី​។

យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី​ ​RT ​គម្រោង​នេះ​មាន​ទំហំ​វិនិយោគ​ជាង​ ៦៦៧ ប៊ីលាន​រូពី​ ​ឬ​ស្មើនឹង​ប្រមាណ​ ៨ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដោយ​ផ្តោត​លើ​ទីផ្សារ​ដែល​មាន​តម្រូវការ​ខ្ពស់​ រួម​មាន​ប្រទេស​ចិន​ ​ឥណ្ឌា ​និង​ឥណ្ឌូនេស៊ី​។​

​នាយករដ្ឋមន្ត្រី​រុស្ស៊ី ​លោក​ Mikhail ​Mishustin ​បាន​ចុះ​ហត្ថលេខា​លើ​អនុ​ក្រឹត្យ​ពង្រីក​តំបន់​អភិវឌ្ឍន៍​ជឿនលឿន Khabarovsk ​ដើម្បី​បញ្ចូល​គម្រោង​ឧស្សាហកម្ម​ដ៏​ធំ​នេះ​។ ​គម្រោង​នេះ​នឹង​ប្រើប្រាស់​ប្រភព​រ៉ែ​ដែក​នៅ​ទីតាំង​ ​Milkanskoye ​ក្នុង​តំបន់​ Tuguro​-​Chumikansky ​ដែល​ជា​តំបន់​ដាច់ស្រយាល​សម្បូរ​ទៅ​ដោយ​ធនធាន​រ៉ែ ​ដើម្បី​អភិវឌ្ឍ​ទៅ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម ​និង​នាំចេញ​ដ៏​សំខាន់​។

​ក្រោម​លក្ខខណ្ឌ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​ LL​C ​Milkan ​នឹង​ទទួល​បាន​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ ​នីតិវិធី​រដ្ឋបាល​សាមញ្ញ ​និង​ក្របខ័ណ្ឌ​តំបន់​គយ​សេរី ​ដើម្បី​កាត់បន្ថយ​ឧបសគ្គ​ក្នុង​ការ​វិនិយោគ​។ ​តាម​អាជ្ញាធរ​តំបន់​ ​ក្រុមហ៊ុន​នេះ​នឹង​ទទួលខុសត្រូវ​លើ​ការ​ចំណាយ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ដោយ​ខ្លួនឯង​ ​ដោយ​មិន​ពឹងផ្អែក​លើ​ថវិកា​ផ្ទាល់​ពី​រដ្ឋាភិបាល​ឡើយ​។

​តាមការ​ព្យាករណ៍​ ​នៅពេល​សាងសង់​រួចរាល់​ ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​នេះ​នឹង​មាន​សមត្ថភាព​កែច្នៃ​រ៉ែ​ដែក​រហូតដល់​ ៥​៤ លាន​តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​ផលិត​គ្រាប់​ដែក​ថែប​គុណភាព​ខ្ពស់​ប្រមាណ ​១៦ លាន​តោន ​ដែល​ជា​វត្ថុធាតុដើម​សំខាន់​សម្រាប់​ឧស្សាហកម្ម​ផលិត​ដែក​ថែប​ទំនើប​។

​គម្រោង​នេះ​ត្រូវ​បាន​កំណត់​គោលដៅ​ឱ្យ​ឈាន​ដល់​សមត្ថភាព​ប្រតិបត្តិការ​ពេញលេញ​នៅ​ឆ្នាំ​ ២០៣២​។ ​ដើម្បី​ភ្ជាប់​តំបន់​ផលិត​រ៉ែ​ដែល​ស្ថិត​នៅ​ដាច់​ស្រយាល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ផែនការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ភស្ដុភារ​រួម​មាន​ ​ការ​សាងសង់​ផ្លូវ​ដែក​ថ្មី​ប្រវែង​ប្រមាណ​ ​១៨០ គីឡូម៉ែត្រ​ ​ការ​ដំឡើង​ប្រព័ន្ធ​ខ្សែ​ពាន​ស្វ័យ​ប្រវត្តិ​ ​និង​ការ​សាងសង់​កំពង់ផែ​សមុទ្រ​ផ្ទាល់ខ្លួន​។

​គួរ​ឱ្យ​ដឹង​ថា​ ​គម្រោង​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​រួមគ្នា ​ដែល​ស្ថិត​ក្រោម​ការ​តាមដាន​របស់​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​រុស្ស៊ី​-​ចិន ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ផងដែរ​។

​ក្រៅ​ពី​ការ​ពង្រីក​សមត្ថភាព​ផលិតកម្ម ​និង​ការ​នាំចេញ​ ​គម្រោង​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​បង្កើត​ការងារ​ប្រមាណ​ ​៣​,​២០០ ​កន្លែង​ជា​អចិន្ត្រៃយ៍​នៅក្នុង​តំបន់​ ​និង​ការងារ​បណ្ដោះអាសន្ន​ជាង​ ៥​,​០០០ ​កន្លែង​ក្នុង​អំឡុងពេល​សាងសង់​រយៈពេល​ច្រើន​ឆ្នាំ​។​

​បច្ចុប្បន្ន​ ​តំបន់​អភិវឌ្ឍន៍​ជឿនលឿន Khabarovsk ​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ប្រមាណ​ ​១៣០​ ​ក្រុមហ៊ុន​ ​ដែល​កំពុង​ចូលរួម​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​ ​និង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា