រុស្ស៊ី ទទួលបានជោគជ័យលើផែនការងាកចេញពីទីផ្សារអាម៉េរិក និងអឺរ៉ុប ខណៈទំហំពាណិជ្ជកម្មកើនជិតដល់ ៣០០ពាន់លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ទទួលបានជោគជ័យលើផែនការងាកចេញពីទីផ្សារអាម៉េរិក និងអឺរ៉ុប ខណៈទំហំពាណិជ្ជកម្មកើនជិតដល់ ៣០០ពាន់លានដុល្លារ

រុស្ស៊ី ទទួលបានជោគជ័យលើផែនការងាកចេញពីទីផ្សារអាម៉េរិក និងអឺរ៉ុប ខណៈទំហំពាណិជ្ជកម្មកើនជិតដល់ ៣០០ពាន់លានដុល្លារ

បរទេស ៖ ក្រោយពេលមានជម្លោះផ្ទុះឡើងជាមួយនឹងអ៊ុយក្រែន រុស្ស៊ី បានទទួលរងនូវសម្ពាធពាណិជ្ជកម្មពីបណ្តាប្រទេសធំៗមួយចំនួនដែលជាដៃគូអភិវឌ្ឍន៍ជាមួយសហរដ្ឋអាម៉េរិក ក៏ដូចជាសមាជិក និងសម្ព័ន្ធមិត្តរបស់ណាតូ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្ម។ យ៉ាងណាក៏ដោយ រុស្ស៊ី មិនបាននៅស្ងៀមនោះទេ ផ្ទុយទៅវិញ ថែមទាំងបានជំនះលើគោលបំណងរបស់អាម៉េរិក ដោយបង្វែរគោដៅទីផ្សារនាំចេញរបស់ខ្លួនចេញពីអាម៉េរិក និងអឺរ៉ុប ស្ទើរទាំងស្រុង ពោល គឺងាកទៅកាន់ទីផ្សារថ្មីនៅ Global South និងឥណ្ឌាវិញ ហើយជាលទ្ធផល ទំហំពាណិជ្ជកម្មបានកើនឡើងខ្ពស់រហូតទៅដល់ ២៩៩ ពាន់លានដុល្លារ។

កាសែតរុស្ស៊ី RT បានសរសេរចេញផ្សាយថា ក្រុងមូស្គូ បានបញ្ចប់ការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់របស់ខ្លួនប្រកបដោយប្រសិទ្ធភាពចេញពីទីផ្សារលោកខាងលិច និងអាមេរិក ហើយបង្វែរទៅទីផ្សារប្រទេសជាមិត្តនៅក្នុងតំបន់ Global South និងឥណ្ឌា ដែលអាចគ្របដណ្តប់រហូតដល់ ៨៥ ភាគរយនៃពាណិជ្ជកម្មបរទេសសរុបរបស់ខ្លួន។

ថ្លែងនៅក្នុងសារជាវីដេអូមួយទៅកាន់វេទិកាហិរញ្ញវត្ថុមូស្គូ (Moscow Financial Forum) នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានលើកឡើងថា ពាណិជ្ជកម្មទ្វេភាគីជាមួយដៃគូជាមិត្ត ដែលដឹកនាំដោយចិន ឥណ្ឌា អាស៊ីកណ្តាល, អាហ្វ្រិក និងមជ្ឈិមបូព៌ា បានកើនឡើងដល់ប្រមាណ ២៩៩ ពាន់លានដុល្លារ ឬប្រហែលជា២៥ ទ្រីលានរូបល នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦ នេះ ជាមួយនឹងអត្រាកើនឡើង ១៥ ភាគរយធៀបនឹងឆ្នាំមុន នៃការនាំចេញរបស់រុស្ស៊ីទៅកាន់ទីផ្សារក្នុងតំបន់ដែលកំពុងរីកចម្រើនទាំងនេះ។

ការផ្លាស់ប្តូររចនាសម្ព័ន្ធពាណិជ្ជកម្មបានចាក់ចូលយ៉ាងជ្រៅចាប់រាប់ពីវិស័យថាមពល និងសូម្បីតែទំនិញប្រពៃណីរបស់រុស្ស៊ី។ ការនាំចេញដែលមិនមែនជាធនធានធម្មជាតិ និងមិនមែនជាថាមពលទៅកាន់ប្រទេសជាមិត្ត បានកើនឡើង ១១ភាគរយក្នុងអំឡុងពេល៦ខែដំបូងនៃឆ្នាំនេះ ដែលធ្វើឱ្យការនាំចេញសរុបមិនមែនជាទំនិញកសិកម្ម ឬថាមពលរបស់រុស្ស៊ីបានឈានដល់ ៥៨,៨ ពាន់លានដុល្លារនៅទូទាំងពិភពលោក។

យោងតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី លោក Anton Alikhanov បានបង្ហាញថា វិស័យឧស្សាហកម្មសំខាន់ៗ រួមមាន សារធាតុគីមី ជីកសិកម្ម លោហធាតុ និងឱសថ សុទ្ធតែទទួលបានកំណើនរឹងមាំក្នុងអំឡុងពេលដូចគ្នានេះ។

គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌាបានក្លាយជាគ្រឹះដ៏សំខាន់នៃយុទ្ធសាស្ត្រសេដ្ឋកិច្ចរយៈពេលវែងរបស់ទីក្រុងមូស្គូ ដោយពាណិជ្ជកម្មទ្វេភាគីបច្ចុប្បន្នមានទំហំប្រមាណ ៦០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប្រទេសទាំង២បានកំណត់គោលដៅឈានទៅឱ្យដល់ ១០០ ពាន់លានដុល្លារក្នុងពាណិជ្ជកម្មប្រចាំឆ្នាំ និង ៥០ ពាន់លានដុល្លារក្នុងការវិនិយោគទ្វេភាគីនៅត្រឹមឆ្នាំ២០៣០៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា