ក្រុមហ៊ុន​រុស្ស៊ី​ ​GAZ​ ​Group​ ​បង្ហាញ​ផែនការ​វិនិយោគ​ផលិត​រថយន្ត​នៅ​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន​រុស្ស៊ី​ ​GAZ​ ​Group​ ​បង្ហាញ​ផែនការ​វិនិយោគ​ផលិត​រថយន្ត​នៅ​កម្ពុជា​

ក្រុមហ៊ុន​រុស្ស៊ី​ ​GAZ​ ​Group​ ​បង្ហាញ​ផែនការ​វិនិយោគ​ផលិត​រថយន្ត​នៅ​កម្ពុជា​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​រុស្ស៊ី​ ​GAZ​ ​Group​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​គ្រោង​ស្វែងរក​ទីតាំង​សម្រាប់​បង្កើត​រោងចក្រ​ផលិត​រថយន្ត​ ​និង​គ្រឿង​បន្លាស់​យានយន្ត ​ខណៈ​ក្រុមហ៊ុន​មើលឃើញ​កំណើន​តម្រូវការ​រថយន្ត​នៅ​កម្ពុជា​ ​និង​សក្តានុពល​សម្រាប់​ការ​ផលិត​នៅ​ទីនេះ​។

​បំណង​វិនិយោគ​នេះ​ ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​រវាង​លោក​ ​Dolgov​ ​Leonid​ ​នាយក​គ្រប់គ្រង​ ​GAZ​ ​Group​ ​និង​ឯកឧត្តម ​អ៊ីម​រ៉ន​ ហាស្សាន់ ​អភិបាល​រង​រាជធានី​ភ្នំពេញ​ ​កាលពី​ព្រឹក​ថ្ងៃទី​១៣​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​នៅ​សាលា​រាជធានី​ភ្នំពេញ​។

​លោក​ ​Dolgov​ ​Leonid​ ​បាន​ឱ្យដឹង​ថា​ ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​លោក​មក​កម្ពុជា​ ​ដើម្បី​បង្ហាញ​ពី​បំណង​របស់​ ​GAZ​ ​Group​ ​ក្នុង​ការ​វិនិយោគ​នៅក្នុង​ប្រទេស​។ ​លោក​បាន​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​មាន​បទពិសោធន៍​ផលិត​រថយន្ត​អស់​រយៈពេល​ ​៩១​ឆ្នាំ​ និង​មាន​រោងចក្រ​ចំនួន​ ​១៥​។

​លោក​បាន​លើកឡើង​ថា​ ​GAZ​ ​Group​ ​បាន​ពង្រីក​ប្រតិបត្តិការ​ផលិតកម្ម​ទៅកាន់​ប្រទេស​វៀតណាម ​ដោយ​ប្រើប្រាស់​បច្ចេកទេស​រុស្ស៊ី ​ហើយ​ផលិត​រថយន្ត​ជាច្រើន​ប្រភេទ​ ​រួមមាន​រថយន្ត​ដឹក​ទំនិញ​ រថយន្តក្រុង​ ឡាន​ទឹក​ និង​រថយន្ត​សង្គ្រោះ​បន្ទាន់​ ​ព្រមទាំង​យានយន្ត​ដែល​ប្រើប្រាស់​សាំង​ ​ម៉ាស៊ូត​ ហ្គាស​ និង​អគ្គិសនី​។

​លោក​បាន​បន្ត​ថា​ តាមរយៈ​ការ​សិក្សា​ទីផ្សារ​ ក្រុមហ៊ុន​បាន​កត់សម្គាល់​ឃើញ​ថា​ ​កម្ពុជា​មាន​តម្រូវការ​រថយន្ត​កើនឡើង​ខ្ពស់​ ​ដែល​ស្រប​ទៅនឹង​សមត្ថភាព​ ​និង​ផលិតផល​របស់​ ​GAZ​ ​Group​។ ​ដោយ​ហេតុ​នេះ​ ក្រុមហ៊ុន​មាន​បំណង​វិនិយោគ​នៅ​កម្ពុជា​ ​ដើម្បី​ចូលរួម​បំពេញ​តម្រូវការ​របស់​ទីផ្សារ​។

​លោក​ ​Dolgov​ ​Leonid​ ​ក៏​បាន​បញ្ជាក់​ថា​ ​GAZ​ ​Group​ ​ធ្លាប់​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​អំពី​គម្រោង​នេះ​ ក្នុង​អំឡុង​ពេល​សម្ដេច​ធិបតី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​។

​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ក្រុមហ៊ុន​បាន​ស្នើ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជួយ​សម្របសម្រួល​ និង​ស្វែងរក​ទីតាំង​សមស្រប​មួយ​ ​ដើម្បី​អាច​បង្កើត​រោងចក្រ ​និង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់​ ​ដោយ​គ្រោង​ផលិត​រថយន្ត​ ​និង​គ្រឿង​បន្លាស់​យានយន្ត​។

​ឯកឧត្តម ​អ៊ីម​រ៉ន​ ហាស្សាន់ ​អភិបាល​រង​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ថា​ ​ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​លោក​គាំទ្រ​ជានិច្ច​ចំពោះ​ការ​វិនិយោគ​របស់​ ​GAZ​ ​Group​ ​នៅ​កម្ពុជា​ ​ជាពិសេស​ការ​វិនិយោគ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

​លោក​បាន​សន្យា​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ជួយ​សម្របសម្រួល​លើ​កិច្ចការងារ​ផ្លូវ​ច្បាប់​ និង​នីតិវិធី​ពាក់ព័ន្ធ​ ​ដើម្បី​គាំទ្រ​ដល់​ការ​ចូលមក​វិនិយោគ​របស់​ក្រុមហ៊ុន​។

​ជាមួយគ្នា​នេះ​ លោក​បណ្ឌិត​ ញឹល ​រដ្ឋា ​ប្រធាន​សមាគម​អតីត​និស្សិត​កម្ពុជា​ពី​សូវៀត ​និង​រុស្ស៊ី​ ​និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ ​បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ ​AMS​ ​ថា​ ​ការ​ចាប់អារម្មណ៍​របស់​ ​GAZ​ ​Group​ ​ក្នុង​ការ​វិនិយោគ​ផលិត​រថយន្ត​នៅ​កម្ពុជា​ ​គឺជា​រឿង​ល្អ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​។

​លោក​បណ្ឌិត​មើលឃើញ​ថា​ ​ការ​ជ្រើសរើស​កម្ពុជា​ជា​ទីតាំង​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន​រុស្ស៊ី​នេះ​ ​ទំនងជា​មិន​មាន​គោលដៅ​ត្រឹមតែ​បំពេញ​តម្រូវការ​ទីផ្សារ​កម្ពុជា​នោះ​ទេ ​ដោយសារ​ទីផ្សារ​កម្ពុជា​មាន​ទំហំ​តូច​។ ​លោក​យល់​ថា​ ​កម្ពុជា​អាច​ត្រូវបាន​មើលឃើញ​ជា​មូលដ្ឋាន​ផលិតកម្ម​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អាស៊ាន​ ​ឬ​ទីផ្សារ​អន្តរជាតិ​។

​លោក​បណ្ឌិត​បាន​លើកឡើង​ថា​ ​កម្ពុជា​ ​និង​រុស្ស៊ី​មាន​ទំនាក់ទំនង​ការ​ទូត​ជាមួយគ្នា​អស់​រយៈពេល​ប្រមាណ​ ​៧០​ឆ្នាំ​មកហើយ​ ​ប៉ុន្តែ​ទំនាក់ទំនង​នេះ​កន្លងមក​ផ្តោត​សំខាន់​លើ​វិស័យ​ការ​ទូត​នយោបាយ​ ​និង​ការ​អប់រំ ​ខណៈ​ទំនាក់ទំនង​ផ្នែក​វិនិយោគ ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​នៅ​មាន​កម្រិត​នៅឡើយ​។

​លោក​បាន​បន្ថែម​ថា​ ​ការ​ចាប់អារម្មណ៍​របស់​ ​GAZ​ ​Group​ ​នៅ​ពេល​នេះ​ ​មាន​លក្ខណៈ​ខុសពី​ការ​នាំ​ផលិតផល​ចូលមក​លក់​ ​ឬ​តាំង​បង្ហាញ​នៅ​កម្ពុជា​ ​ព្រោះ​ក្រុមហ៊ុន​មាន​បំណង​បង្កើត​រោងចក្រ​ផលិត​នៅក្នុង​ប្រទេស​ផ្ទាល់​។ ​លោក​ចាត់ទុក​ថា​ ​នេះ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ពី​ការ​មើលឃើញ​ឱកាស​អាជីវកម្ម​នៅ​កម្ពុជា​ក្នុង​រយៈពេល​វែង​។

​គួរ​បញ្ជាក់​ថា​ ​គិត​ត្រឹម​ដំណាច់​ខែកក្កដា ​ឆ្នាំ​២០២៦​ វិស័យ​ឧស្សាហកម្ម​ធុន​ធ្ងន់​នៅ​កម្ពុជា​មាន​ទុន​វិនិយោគ​សរុប​ជាង​ ​២៨​ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ​ក្នុង​រយៈពេល ​៦ ​ខែ​ដំបូង ​ឆ្នាំ ​២០២៦​ ​ផលិតកម្ម​ឧស្សាហកម្ម​នៅ​កម្ពុជា​មាន​ទំហំ​ប្រមាណ​ ​៩,៨ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​នោះ​ផលិតផល​ប្រមាណ​ ​៧,៣ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ត្រូវបាន​នាំចេញ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
Advertisement
Neocom Advertisement
Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា