ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

បរទេស ៖ រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង ប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ។

Advertisement

យោងតាមការផ្សព្វផ្សាយរបស់ Anadolu Agency កាលពីថ្ងៃពុធ បានឱ្យដឹងថា​ វិមានក្រឹមឡាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ពីឯកសារចំនួន ២២ ត្រូវបានចុះហត្ថលេខានៅក្នុងពិធីជាផ្លូវការមួយបន្ទាប់ពីបញ្ចប់កិច្ចចរចារវាងប្រធានាធិបតីនៃប្រទេសមហាអំណាចទាំងពីរ ខណៈដែលកិច្ចព្រមព្រៀង និងអនុស្សរណៈចំនួន ២០ ផ្សេងទៀតត្រូវបានត្រូវបានចុះហត្ថលេខានៅក្រៅជំនួប។

លោក Putin និងលោក Xi បានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងភាពជាដៃគូបន្ថែមទៀត និងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងរុស្ស៊ី និងចិន ព្រមទាំងសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតពិភពលោកពហុប៉ូល និងប្រភេទទំនាក់ទំនងអន្តរជាតិថ្មី។ ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងនយោបាយ ប្រទេសទាំងពីរក៏បានជំរុញទំនាក់ទំនងរវាងមនុស្ស និងមនុស្សផងដែរ តាមរយៈទេសចរណ៍ និងការធ្វើដំណើរដោយសេរីមិនបាច់សុំទិដ្ឋាការ ដើម្បីជំរុញទេសចរណ៍ និងធ្វើឱ្យប្រទេសទាំងពីរកាន់តែជិតស្និទ្ធគ្នា ខណៈដែលនៅក្នុងឆ្នាំ២០២៥ ពលរដ្ឋរុស្ស៊ីជាង ២ លាននាក់បានធ្វើដំណើរទៅកាន់ប្រទេសចិន ខណៈដែលពលរដ្ឋចិនជាង ១ លាននាក់បានទៅលេងប្រទេសរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក Putin បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង​ បានកសាងប្រព័ន្ធស្ថិរភាពនៃពាណិជ្ជកម្មទ្វេភាគីសម្រាប់ការពារសម្ពាធពីខាងក្រៅ និងការប្រែប្រួលនៅក្នុងទីផ្សារពិភពលោក ។ ការធ្វើពាណិជ្ជកម្មជាប្រាក់រូប៊ល និងប្រាក់យ័នជួយការពារកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពីឥទ្ធិពលខាងក្រៅ និងធានាបាននូវនិរន្តរភាពក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជំហានប្រកបដោយការសម្របសម្រួលគ្នាដែលរុស្ស៊ី និងចិនបានអនុវត្ត ដើម្បីផ្លាស់ប្តូរការទូទាត់រវាងគ្នាទៅវិញទៅមកដោយប្រើប្រាស់រូបិយបណ្ណជាតិរៀងៗខ្លួនវិញនោះ គឺជាចំណុចដែលមានសារៈសំខាន់ខ្លាំងណាស់។ ជាលទ្ធផល ប្រតិបត្តិការនាំចេញ-នាំចូលស្ទើរតែទាំងអស់រវាងរុស្ស៊ី និងចិននាពេលបច្ចុប្បន្ន ត្រូវបានធ្វើឡើងជាប្រាក់រូប៊ល និងប្រាក់យ័ន។

លោក Putin ថែមទាំងបានអះអាងទៀតថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តផ្គត់ផ្គង់ប្រេង និងឧស្ម័នដល់ប្រទេសចិន ហើយសាជីវកម្មនុយក្លេអ៊ែររុស្ស៊ី Rosatom ក៏កំពុងបញ្ចប់ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅចិន ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការថាមពលកាន់តែទូលំទូលាយរវាងប្រទេសទាំងពីរ។ ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានពណ៌នាភាពជាដៃគូរវាង រុស្ស៊ី និងចិន គឺជាកត្តាដ៏សំខាន់ដែលជួយឱ្យកិច្ចការអន្តរជាតិមានស្ថិរភាព៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា